ចិនជាប្រទេសមានឯកសារប៉ាតង់ច្រើនជាងគេ ក្នុងរយៈពេលពីរឆ្នាំជាប់គ្នាចុងក្រោយនេះ គឺឆ្នាំ ២០១៩ និង ២០២០ ដែលបានចុះបញ្ជីនឹង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ថា (WIPO)។ គួរដឹងថាឯកសារប៉ាតង់នេះ គឺជាសិទ្ធិពិសេសដែលបញ្ជាក់ លើការបង្កើតអ្វីមួយថ្មី ឬរកឃើញដោយក្រុមហ៊ុននោះ ដូចជា Huawei ស្នើចុះបញ្ជីពាណិជ្ជកម្ម ដើម្បីទទួលបានបណ្ណប៉ាតង់ក្នុងការផ្គត់ផ្គង់សេវា 5G ជាដើម។
យោងតាមស្ថិតិរបស់អង្គភាព WIPO ខាងលើបង្ហាញថា ប្រទេសចិន បានដាក់ពាក្យស្នើសុំប៉ាតង់សរុបចំនួន ៦៨៧២០ នៅ ឆ្នាំ២០២០ ដោយមានការកើនឡើង ១៦% ពីឆ្នាំ ២០១៩។ ហើយក្នុងនោះផងដែរ ក្រុមហ៊ុន Huawei បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការស្នើសុំប៉ាតង់ច្រើនជាងគេ ក្នុងរយៈពេល ៤ឆ្នាំ ចុងក្រោយនេះផងដែរ។
អគ្គនាយករបស់ WIPO លោក Daren Tang បានមានប្រសាសន៍ថា “ការកើនឡើងនៃការចុះបញ្ជីប៉ាតង់នេះ មិនមែនបញ្ជាក់ថានៅសហរដ្ឋអាមេរិច និងអឺរ៉ឺប មានការថមថយក្នុងការចុះបញ្ជីប៉ាតង់នោះទេ ប៉ុន្ដែវាបានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ីកំពុងតែមានភាពលេចធ្លោខ្លាំងឡើងៗទៅវិញទេ”។
បន្ថែមពីនេះ WIPO ថែមទាំងសរសើរទៀតថា ប្រជាជាតិអាស៊ីបានក្លាយជាមជ្ឈមណ្ឌលសំខាន់ នៃការច្នៃប្រឌិតបច្ចេកវិទ្យា។ ក្រៅពីចិន គេឃើញប្រទេសជប៉ុន និងកូរ៉េខាងត្បូង សិង្ហបុរី និងអារ៉ាប់ប៊ីសាអូឌីត ក៏កំពុងលើកកម្ពស់ការអភិវឌ្ឍ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ ដោយបានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនប៉ាតង់ក្នុង ឆ្នាំ២០២០។
គួរដឹងបន្ថែមថា ចំនួនឯកសារប៉ាតង់នៅទូទាំងពិភពលោក មានចំនួន ២៧៥៩០០ ដោយកើនឡើងប្រមាណ ៤% ដោយជាពិសេសនោះ មានប៉ាតង់ថ្មីៗកំពុងកើនឡើងយ៉ាងច្រើន ទាក់ទងទៅនឹងបច្ចេកវិទ្យាកុំព្យូទ័រ, ការទំនាក់តាមឌីជីថល, ឧបករណ៍ VR, កម្មវិធី AR, បច្ចេកវិទ្យាសំឡេងសុប្បនិម្មិត ដែលទាំងនេះជាភ្លើងខៀវមួយបង្ហាញថា ពិភពបច្ចេកវិទ្យាកំពុងសម្រុកទៅមុខឥតឈប់ឈរ ហើយអ្នកប្រើចាំតែទទួល បទពិសោធន៍បច្ចេកវិទ្យាពិសេសៗ នាពេលខាងមុខនេះឆាប់ៗ៕
ប្រភព៖ Sabay