សេដ្ឋកិច្ច​

បច្ចុប្បន្នភាព៖ អគារ​ពាណិជ្ជកម្ម​ប្រមាណ ២៥ភាគរយ នៅ​ក្រុងព្រះសីហនុ ត្រូវបានដាក់​ដំណើរការ​ឡើងវិញ

ព្រះសីហនុៈ បន្ទាប់ពី​មានការ​វិលត្រឡប់ ពី​សំណាក់​អ្នកវិនិយោគ​ដែលជា​ជនជាតិ​ចិន​ជាបណ្តើរៗ បច្ចុប្បន្ន​សំណង់​អគារ​ពាណិជ្ជកម្ម ក៏ដូចជា​សំណង់​ខុន​ដូ​សរុប​ប្រមាណ២៥ភាគរយ ត្រូវបាន​ប្រើប្រាស់​ឡើងវិញ ក្រោយ​ការ​ទុកចោល​អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លងមកនេះ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក​បណ្ឌិត​គី សិរី​វ​ឌ្ឍ​ដែល​បាន​ចុះ​ស្រាវជ្រាវ​លើ​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ដោយសារតែ​ការចាកចេញ​របស់​ជន​ជាតិចិន ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស បិទ​ល្បែង​អន​ឡាញ ជាពិសេស​ក្រោយពេល​ផ្ទុះឡើង​នូវ​វិបត្តិ​កូ​វីដ១៩ តាំងពី​ដើមឆ្នាំ២០២០បានធ្វើឱ្យ​សំណង់​អគារ​ពាណិជ្ជកម្ម ខុន​ដូ អា​ផា​ម៉ិ​ន និង​សណ្ឋាគារ​ជា​ច្រើ ន​លែងមាន​តម្រូវការ​ប្រើប្រាស់​មួយរយៈ​ធំ ប៉ុន្តែ​នៅ​ដើមឆ្នាំ២០២១នេះ គេ​សង្កេតឃើញ​មាន​អគារ​ខ្លះ​បានចាប់ផ្តើម​ប្រើប្រាស់​ឡើងវិញ​ជាបណ្តើរ។

លោក​បន្តថា “សំណង់​អគារ​ដែល​ក្នុង​ក្រុងព្រះសីហនុ ភាគច្រើន​ត្រូវបាន​អភិវឌ្ឍន៍​ឡើង​ពី​សំណាក់​ក្រុមហ៊ុន​ចិន ហើយ​សូម្បីតែ​អគារ​ដែល​វិនិយោគ និង​អភិវឌ្ឍន៍​ពី​អ្នកជំនួញ​ក្នុងស្រុក ក៏ត្រូវ​បានធ្វើ​ឡើង​ក្នុង​គោលបំណង ជួល​ទៅឱ្យ​ជនជាតិ​ចិន​ផងដែរ។លោក​បន្តថា “រហូត​មាន​អ្នកខ្លះ​ខ្ចីលុយ​ធនាគារឯកជន​យកមក​សាងសង់ ប៉ុន្តែ​បែរជា​ទទួលរង​នូវ​ការខាតបង់​ជាប់បំណុល ដោយសារតែ​គ្មាន​តម្រូវការ ក្រោយ​ការចាកចេញ​របស់​ជន​ជាតិចិន​ប្រមាណ៩០ភាគរយ​កាលពីដើមឆ្នាំ២០២០” ។

លោក​បណ្ឌិត​បានបញ្ជាក់​ថា សំណង់​អគារ​រាប់សិប​គម្រោង ត្រូវបាន​ទុកចោល​មិនមាន​ការប្រើប្រាស់ ដោយសារតែ​អ្នក​ជួល ដែល​ភាគច្រើន​ជា​ជន​ជាតិចិន បាន​ចាកចេញ​វិល​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន ទាំង​ដែល​អគារ​ត្រូវបាន​ជួល និង​ជាប់​កុងត្រា​រាប់​ឆ្នាំ។ ប៉ុន្តែ​អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​នោះ គឺ​ចាប់តាំងពី​ដើមឆ្នាំ២០២១ ខណៈពេលដែល​អ្នកវិនិយោគ ក៏ដូចជា​អ្នកបម្រើ​ការងារ​ជំនាញ ដែលជា​ជនជាតិ​ចិន​វិល​មកកាន់​ក្រុងព្រះសីហនុ​ជាបណ្ដើរៗវិញ សំណង់​អគារ​ពាណិជ្ជកម្ម ខុន​ដូ អា​ផាត និង​សណ្ឋាគារ​សរុប​ប្រមាណ២៥ភាគ​នៃ​ចំនួន​អាគារ​សរុប​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ។

លោក​ថា “បើ​និយាយ​ពី​គម្រោង​អគារធំៗ និង​ជា​គម្រោង​សាងសង់​ថ្មី នៅក្នុង​ក្រុងព្រះសីហនុ​មាន​ប្រមាណ​ត្រឹម១៥ – ២០ភាគរយ​តែប៉ុណ្ណោះ ដែល​បានបញ្ចប់​ការសាងសង់​ទាំងស្រុង ក្នុងនោះ​មាន​ប្រមាណ៥ភាគរយ នៃ​ចំនួន​គម្រោង​បញ្ចប់​ការសាងសង់​នៅ​មិនទាន់បាន​ប្រើប្រាស់​នៅឡើយ​នោះទេ” ។

ទោះជា​យ៉ាងណាក៏ដោយ លោក​បណ្ឌិត​គី សិរី​វ​ឌ្ឍ​បានបង្ហាញ​ពី​ក្ដី​រំពឹងថា ក្រោយ​ពេលដែល​បញ្ហា​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​កាត់បន្ថយ​បន្ទាប់ពី​ការប្រើប្រាស់​វ៉ាក់សាំង និង​ការ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យបាន​ត្រឹមត្រូវ នោះ​កំណើន​នៃ​ចំនួន​អ្នកវិនិយោគ ក៏ដូចជា​ពលរដ្ឋ​ចិន ដែល​មក​បម្រើ​ការងារ​ជំនាញ​នៅក្នុង​ក្រុង​ព្រះ​សីហ នុ​នឹងមាន​កំណើន​ឡើងវិញ​ជាក់​ជាមិនខាន ខណៈដែល​គម្រោង​សាងសង់ និង​អភិវឌ្ឍន៍​របស់​ពួកគេ​ជាច្រើន នៅ​មិនទាន់​បានបញ្ចប់ និង​ដាក់លក់​នៅលើ​ទីផ្សារ​រួម​នៅឡើយ៕ប្រភព៖propertyarea.asia

Most Popular

To Top