គ្នាយើងភាគច្រើនតែងតែគិតថា មានតែជំងឺទឹកនោមផ្អែមប៉ុណ្ណោះ ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងខ្ពស់ ប៉ុន្តែវាមិនដូច្នោះឡើយ។ ការញ៉ាំស្ករច្រើនក៏អាចធ្វើឲ្យយើងមានរោគសញ្ញាស្រដៀងនឹងជំងឺទឹកនោមផ្អែមដូចគ្នា។ ដូច្នេះហើយ ដើម្បីការពារខ្លួនពីជំងឺផ្សេងៗ យើងគប្បីយល់ដឹងពីរោគសញ្ញាឲ្យបានទាន់ពេលវេលា និងចាប់ផ្ដើមចាត់វិធានការឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ រោគសញ្ញានៃការញ៉ាំជាតិស្ករច្រើនជ្រុលមានដូចខាងក្រោម៖
១. ឃ្លានជាប់រហូត
ជាតិស្ករក្នុងឈាមខ្ពស់រារាំងជាតិគ្លុយកូសមិនឲ្យចូលក្នុងកោសិកា។ ជាលទ្ធផល រាងកាយរបស់យើងមិនទទួលបានថាមពល ដែលជាហេតុធ្វើឲ្យយើងត្រូវការញ៉ាំអាហារញឹកញាប់ ដើម្បីបំពេញមុខងាររាងកាយ។
២. អស់កម្លាំងខ្លាំង
ជាមួយគ្នានេះដែរ នៅពេលដែលជាតិស្ករក្នុងឈាមមានកម្រិតខ្ពស់ រាងកាយមិនអាចស្តុកទុក និងស្រូបយកគ្លុយកូសបានត្រឹមត្រូវឡើយ ធ្វើឲ្យយើងមិនអាចប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនេះ កោសិការាងកាយក៏មិនអាចទទួលបានថាមពលដែលត្រូវការ។ កត្តាទាំងនេះហើយ ធ្វើឲ្យគ្នាយើងមានអារម្មណ៍ថាហត់នឿយខ្លាំងដោយគ្មានមូលហេតុ។
៣.នោមញឹកញាប់
បន្ថែមពីនេះ តម្រងនោមរបស់យើងក៏មិនអាចស្រូបសារធាតុរាវម្ដងទៀតបានដែរ។ ដូច្នេះហើយ រាងកាយព្យាយាមធ្វើឲ្យកំហាប់គ្លុយកូសក្នុងឈាម និងក្នុងកោសិកាមានភាពស្មើគ្នា រំលាយឈាមជាមួយនឹងសារធាតុរាវដែលមាននៅក្នុងកោសិកាដោយនាំឲ្យមានបណ្ដុំគ្លុយកូសទៅជាធម្មតាវិញ។ កត្តានេះហើយបណ្ដាលឲ្យយើងនោមញឹកញាប់។
៤. មាត់ស្ងួត ស្រេកទឹកខ្លាំង
មាត់ស្ងួត និងអាការៈស្រេកទឹកខ្លាំងគឺជាប្រតិកម្មតបនឹងការបាត់បង់កម្រិតជាតិទឹកធ្ងន់ធ្ងរ ហើយអ្នកមានជំងឺ ទឹកនោមផ្អែមប្រភេទ១ ច្រើនមានរោគសញ្ញានេះ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែមក៏ធ្វើឲ្យស្ងួតមាត់ដែរ។
៥. ស្រកទម្ងន់
ជាមួយនឹងកម្រិតជាតិគ្លុយកូសខ្ពស់ យើងអាចស្រកទម្ងន់នៅក្នុងរយៈពេលខ្លី ទោះបីជាយើងញ៉ាំអាហារញឹកញាប់ និងមានផ្ទុកកាឡូរីច្រើនក៏ដោយ។ ជាក់ស្ដែង ការបាត់បង់ជាតិទឹកដោយសារតែនោមញឹកញាប់ បណ្ដាលឲ្យកម្រិតសារធាតុរាវក្នុងរាងកាយចុះទាប ដែលបណ្ដាលទៅជាការស្រកទម្ងន់។
៦. ការបង្ករមេរោគ
ការបង្កររោគតាបប្រព័ន្ធទឹកនោម និងជំងឺផ្សិតអាចកើតឡើងទាំងបុរស និងស្ត្រី អាចដោយសារតែបរិមាណស្ករច្រើនបង្កើតបរិយាកាសអំណោយផលសម្រាប់ការបន្តពូជនៃពពួកផ្សិត និងបាក់តេរី។
៧. ស្បែកស្ងួត
ទន្ទឹមនឹងនេះដែរ ស្បែកស្ងួតក៏មានពាក់ព័ន្ធនឹងកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ ពីព្រោះការនោមញឹកញាប់អាចធ្វើឲ្យរាងកាយខ្វះជាតិទឹក ជាហេតុនាំឲ្យស្បែកចាប់ផ្ដើមស្ងួត។ បញ្ហាស្បែកនៅត្រង់ជើង គឺជាសញ្ញាមួយនៃការកកជាតិខ្លាញ់ក្នុងសរសៃឈាម ដែលធ្វើឲ្យសរសៃឈាមឡើងរឹង និងរួមតូច ព្រមទាំងកាត់បន្ថយចរាចរឈាម ដែលជាជំងឺកើតឡើងជារឿយៗចំពោះអ្នកជំងឺទឹកនោមផ្អែម។
៨. ស្រវាំងភ្នែក
បន្ថែមពីនេះ បញ្ហាស្រវាំងភ្នែកក៏បណ្ដាលមកពីកង្វះជាតិទឹកដែលកើតឡើងនៅពេលជាតិស្ករក្នុងឈាមខ្ពស់។ កត្តានេះប៉ះពាល់ដល់កោសិកានៃភ្នែក ដែលបង្កឲ្យភ្នែកបាត់បង់សកម្មភាពក្នុងការផ្ដោតអារម្មណ៍បានត្រឹមត្រូវ។
៩. របួសមិនងាយជា
បញ្ហានេះកើតឡើងដោយសារតែការខូចខាតសរសៃឈាម ដែលបណ្ដាលមកពីកម្រិតជាតិស្ករខ្ពស់។ កត្តានេះនាំឲ្យចរាចរឈាមកាន់តែយ៉ាប់យ៉ឺន ជាពិសេសអវយវៈ និងអាហារូបត្ថម្ភមិនគ្រប់គ្រាន់នៃជាលិកា។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ ប្រភព៖http://hellokrupet