សេដ្ឋកិច្ច​

វិភាគ៖ នៅពីក្រោយផែនការ​​​​ ពង្រីករាជធានី ​ក្នុងកាំរង្វង់​១០០គីឡូម៉ែត្រការ៉េ គុណសម្បត្តិ និងបញ្ហាប្រឈម

ភ្នំពេញៈ រំលឹកអតីតកាលធ្វើឲ្យយើង​ ​​ចងចាំនូវរឿងឈឺចាប់ ប៉ុន្តែសម្លឹងមើលបច្ចុ​ប្បន្ន និងអនាគត យើងអាចសម្លឹងទៅមុខ​ដោយសុទិដ្ឋិនិយម និងស្នាមញញឹម ដែលទើបរីកស្ងួតទឹកភ្នែកកាល ពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

រាជរដ្ឋាភិបាល បានវិភាជន៍ថវិកាជាតិ ជារៀងរាល់ឆ្នាំ និងបង្កើនជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីស្តារសេដ្ឋកិច្ចផង និងដើម្បីឆ្លើយតប នឹងកំនើនប្រជាពល​រដ្ឋ និងការរីកចម្រើនផ្នែកនគរូបនីយកម្មផង។

តើត្រូវពង្រីកដូចម្តេច
ជាមួយនឹងប្លង់គោលប្រើប្រាស់ដីធ្លី ដែលបានចេញផ្សាយ តាមរយៈអនុក្រិតរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗនេះ បានបង្ហាញថា រដ្ឋាភិបាលបាននិងកំពុងគិតគួរ និងសិក្សាយ៉ាងច្បា​ស់លាស់ ពីផែនការពង្រីករាជធានីភ្នំពេញជាប្រចាំ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច សង្គ​មរបស់កម្ពុជា ពិសេសប្រែក្លាយទីក្រុងនេះទៅជាទីក្រុងលំដាប់អន្តរជាតិ។

ការរីកចម្រើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងមកនេះ ដែលផ្តើមចេញពីសុខសន្តិភាព ពេញលេញរយៈពេល ២០ជាងឆ្នាំឆ្នាំនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានជីវភាព​ប្រសើរឡើង ជាមួយនឹងស្នាមញញឹម ជាមួយនឹងក្តីសង្ឃឹម ឆ្ពោះទៅកាន់អនាគត ប្រកប​ដោយវិបុលភាពមួយ។

កម្ពុជាបានផ្លាស់ប្តូរមុខមាត់ យ៉ាងសម្បើមលើឆាកអន្តរជាតិ តាមរយៈការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យ ដែលបានរំលេចវត្តមាន អាគារកប់ពពករាប់រយផុសលើអាកាស ពិសេសការរីកចម្រើនសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។

ឆ្នាំ២០១៦ កម្ពុជាផ្លាស់ប្តូរមុខមាត់ល់ឆាកអន្តរជាតិ ដោយប្រែក្លាយពីប្រទេស​​ មានការអភិវឌ្ឍន៍តិចតួចបំផុត មកកាន់ប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាប (ការចាត់ចំណាត់ថ្នាក់ របស់ធនាគារពិភពលោក) និងការទទួលបាន ឈ្មោះថ្មី ក្នុងនាមជា “ខ្លាសេដ្ឋកិច្ចថ្មី” ប្រចាំទ្វីបអាស៊ី។

គុណសម្បត្តិនៃការពង្រីកទីក្រុង
ដើម្បីទាញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនលឿន ជាពិសេ​សបង្ខិតជនបទកៀកនឹងទីក្រុង បានធ្វើឲ្យរាជរដ្ឋាភិបាល គិតគូរជាប្រចាំ លើផែនការពង្រីករាជធានីភ្នំពេញ ជាប្រចាំក្នុងគោលដៅ ដូចជា ទី១ ជម្រុញការអភិវឌ្ឈហេដ្ឋារចនា សម្ព័ន្ឋ ព្រោះហេដ្ឋារចនាសម្ព័ន្ឋ បានក្លាយជាសសៃឈាមសេដ្ឋកិច្ចជាតិ ពេលមានផ្លូវទៅដល់តំបន់ណា តំបន់នោះតែងតែមាន ការអភិវឌ្ឈន៍លឿន ទី២ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង តាមរយៈការទទួលបានផល ពីការវិនិយោគរបស់រដ្ឋាភិបាល និងវិស័យឯកជន។

ទី៣ ជួយលើកកំពស់សុខមាលភាពសង្គម តាមរយៈការបែងចែងធនធានរបស់ជាតិ ទៅកាន់គ្រប់ចរន្តសេដ្ឋកិច្ចជាតិ ទី៤ កសាងទីក្រុងមួយ ដែលផ្សារភ្ជាប់ជនបទ និងរាជធានីយ៉ាងរសរវើក តាមរយៈការបង្កើតនូវគោលនយោបាយជាតិថ្មីៗ ដើម្បីសុខដុមនីយកម្មនៅក្នុងសង្គម និងទី៥ ការកសាងមូលដ្ឋានសេដ្ឋកិច្ចមួយ និងជម្រុញកំណើនសេដ្ឋកិច្ច និងបែងចែកធនធានរបស់ជាតិប្រកបដោយសមធ៌ម។

ការពង្រីកក្រុងដើម្បីទាក់ទាញការវិនិយោគនិងលើកកំពស់តម្លៃជាតិ
រាជធានីរបស់ប្រទេសមួយ តំណាងឲ្យជាតិសាសន៍មួយ ដែលតំណាងឲ្យសេដ្ឋកិច្ច​សង្គម និងអរិយធ៌មរបស់ជាតិសាសន៍នោះ ហេតុនេះការពង្រីកទីក្រុងកាន់តែធំ ក៏ត្រូវគិតគូលើផលប៉ះពាល់បរិស្ថានមនុស្ស បរិស្ថានសង្គមមិនអាចខ្វះបានផងដែរ ដោយសារទី១ ការពង្រីកក្រុង ត្រូវតែមានផែនការប្រើប្រាស់ដីធ្លី និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ​ច្បាស់លាស់ ទី២ ត្រូវតែគិតគូពីបញ្ហាហេដ្ឋារចនាសម្ព័ន្ឋទាំងលើដី និងក្រោមដី ដើម្បីធ្វើ ​ឲ្យផែនការអភិវឌ្ឈន៍មានភាពបន្ស៊ីគ្នារវាងបរិស្ថាន និងមនុស្ស។

ទី៣ ការលើកកំពស់តម្លៃជាតិ តាមរយៈការផ្តល់​ នូវសេវាកម្មសាធារណៈ​​ កាន់តែសម្បូរបែប និងមានរបៀបរៀបរយ ទី៤ ការដោះស្រាយបញ្ហា សាធារណៈដូចជា ការកកស្ទះចរាចរណ៍ ការជន់លិចដោយទឹកជំនន់ និងទឹកភ្លៀង និងការដោះស្រាយបញ្ហាសំណង់ មិនរៀបរយជាដើម។

ការពង្រីកក្រុងនិងបញ្ហាប្រឈម
ច្បាស់លាស់ណាស់ បញ្ហាប្រឈមពិតជាកើតមាន កាន់តែច្រើន នាពេលអនាគត នៅពេលទីក្រុងកាន់តែរីកចម្រើន ការកើនឡើងនូវចំនួន ប្រជាពលរដ្ឋ រហូតដល់៦លាននាក់ នៅឆ្នាំ២០៣៥។

ការដាក់ចេញផែនការ គោលនយោបាយពង្រីកក្រុង រដ្ឋាភិបាលបានដឹងច្បាស់លា​ស់ហើយថា ការចំណាយថវិកាជាតិ លើការកសាង ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈកើនឡើង ដែលការចំណាយទាំងនោះ រួមមាន ទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ទី២ ការពង្រីកសេវាសាធារណៈ ដល់ប្រជាពលរដ្ឋ ដូចជាបណ្តាញទឹកស្អាត អគ្គិសនី ប្រព័ន្ឋទូរគមនាគមន៍ ទី៣ ការគិតគូរពីផែនការអនាគត នៃហេដ្ឋារចនាសម្ព័ន្ឋ ដែលត្រូវសាងសង់ ដើម្បីកាត់បន្ថយការកកស្ទះ ឬលំហូរចរាចរណ៍ឲ្យមាន ភាពងាយស្រួល និងទី៤ ការអប់រំប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ចរាចរណ៍ ឲ្យចេះប្រើប្រាស់ផ្លូវថ្នល់ ក៏ជាបញ្ហាប្រឈម ដែលត្រូវដោះស្រាយបន្ទាន់ផងដែរ។

តើរាជធានីបានពង្រីកដូចម្តេចកាលពីអតីតកាល
ស្របនឹងកំនើនគររូបនីយកម្ម កំនើនប្រជាពលរដ្ឋ កំនើននៃផែនការប្រជាសាស្រ្ត និងផែនការពង្រីកទីក្រុងកាន់តែមានទំហំធំ ដើម្បីពង្រីកសក្តានុពល រាជធានីរបស់ខ្លួន ភ្នំពេញបានពង្រីផ្ទៃដី និងមូលដ្ឋានខ័ណ្ឌ សង្កាត់យ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។

នៅក្នុងឆ្នាំ២០០៦ រាជធានីភ្នំពេញមានផ្ទៃដីសរុប៣៧៥ គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន៧ សង្កាត់ចំនួន៧៦ ប្រជាពលរដ្ឋសរុបចំនួន១.០៥០.៦១៦នាក់។នៅឆ្នាំ២០០៩រាជធានីភ្នំពេញ បានពង្រីកបន្ថែម ដែលកាត់ទាំងដី និងប្រជាពល រ​ដ្ឋពីខេត្តកណ្តាល គឺមានផ្ទៃដីសរុប៣៧៧,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៨ ចំនួនសង្កាត់៧៦ ចំនួនប្រជាពលរដ្ឋ សរុប១.៣២៧.៦១៦នាក់។

នៅឆ្នាំ២០១២ រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដី​ សរុប៦៧៨,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៩ ចំនួនសង្កាត់៩៦ ចំនួនប្រជាពលរដ្ឋ សរុប១.៥០១.៧២៥នាក់។

នៅឆ្នាំ២០១៧ រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដី​​ សរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ខណ្ឌកើនដល់ចំនួន១២ មានចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប ១.៤៦១.៨៥៣នាក់។

នៅឆ្នាំ២០១៩ រាជធានីភ្នំពេញមានផ្ទៃដី សរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប ២.១២៩.៣៧១នាក់ ដែលជាឆ្នាំបំបែកខណ្ឌ។

ឆ្នាំ២០១៩កន្លងមកនេះ រាជធានីភ្នំពេញមាន ផ្ទៃដីសរុប ៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់ ១០៥ ចំនួនភូមិ១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប ២.១២៩.៣៧១នាក់ ចំនួនស្រី្តសរុប ១.០៩០.១៧៩នាក់។ នេះជារបាយការ ណ៍ជំរឿនឆ្នាំ២០១៩។

នៅឆ្នាំ២០២០រាជធានីភ្នំពេញ មានផ្ទៃដីសរុប ៦៩២,៤៦គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន​​១៤ ចំនួនសង្កាត់១០៥ ចំនួនគ្រួសារ ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប ២.២៨១.៩៥១នាក់។

នៅឆ្នាំ២០២១នេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដី ដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចំណែកប្រជាពលរដ្ឋ ក៏មានការកើនឡើង ទៅតាមនោះដែរ៕ ​ប្រភព៖ propertyarea.asia

Most Popular

To Top