មហាត្មៈគន្ធី មានឈ្មោះពិតថា មហាន់ដាស ក្រាមចណ្ឌ គន្ធី (Mohandas Karamchand Gandhi) លោកជាមេដឹកនាំដ៏សំខាន់ ដែលបានទាមទារឯករាជ្យ ឱ្យប្រទេសឥណ្ឌា បានរួចផុតពីអាណានិគមរបស់អង់គ្លេស ដោយប្រើវិធី «អហិង្សា»។ ក្រោយៗមក វិធី អហិង្សា មួយនេះ បានក្លាយជាលំនាំសកលនៃការធ្វើ «បាតុកម្មបែបសន្តិវិធី» ដែលទទួលបានការលើកតម្កើងជាខ្លាំង។
លោក គន្ធី កើតនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ១៨៦៩ នៅក្នុងគ្រួសារដែលមានឪពុកជាអ្នកនយោបាយ និងម្តាយជាអ្នកកាន់សាសនាដ៏តឹងរឹងម្នាក់។ លោកមានបងប្អូនចំនួន ៤នាក់ ដោយរូបលោកជាកូនពៅ ទើបលោក គន្ធី ប្រើជីវិតរស់នៅបែបទំនើង ប្រព្រឹត្តអំពើពាលា លួចលុយទៅទិញបារីជក់ជាដើម។ ដោយឪពុករបស់លោកជាអ្នកមានអំណាច និងមានមុខមាត់នៅក្នុងតំបន់ លោកគន្ធី បាននិយាយប្រាប់ឪពុកតាមត្រង់ពីអ្វីដែលខ្លួនបានប្រព្រឹត្ត មិនត្រឹមតែមិនបានទទួលការស្តីបន្ទោស លោកថែមតាំងទទួលបានការសរសើរពីឪពុកចំពោះភាពស្មោះត្រង់របស់លោក រហូតលោកបានកត់ត្រានៅក្នុងសៀវភៅជីវប្រវត្តរបស់លោកថា៖ «ទឹកភ្នែក គឺសម្រាប់លាងជម្រះភាពកខ្វក់ឱ្យជ្រះពីក្នុងចិត្ត ប្រសិនបើយើងបង្កើតវិន័យ តាមរយៈក្តីស្រលាញ់ នោះក៏ប្រៀបដូចជាយើង បានបង្កើតភាពមនុស្សធម៌នៅក្នុងចិត្តដូច្នោះដែរ»។ មហាត្មៈគន្ធី បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនារីក្រមុំម្នាក់ តាមទំនៀមទម្លាប់ ប្រពៃណីរបស់ជនជាតិហិនឌូ ក្នុងអាយុ ១៣ឆ្នាំ។ គន្ធី បានចាកចេញពីប្រពន្ធ និងគ្រួសារ ទៅសិក្សាផ្នែកច្បាប់ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងអាយុ ១៧ឆ្នាំ។
ក្នុងឆ្នាំ ១៩០៦ ច្បាប់ថ្មីបានកំណត់ថា ជនជាតិទាំងអស់ ត្រូវចុះបញ្ជីអត្រានុកូលដ្ឋាន និងត្រូវផ្តិតមេដៃ រហូតដល់បញ្ជាឲ្យស្រ្តីជនជាតិឥណ្ឌា ដោះសម្លៀកបំពាក់នៅចំពោះមុខអាជ្ញាធរស្បែកសថែមទៀត។ ដោយកំហឹងពុះកញ្ជ្រោល ជនជាតិឥណ្ឌា ៣ពាន់នាក់ បានមករួមប្រជុំគ្នានៅ ចូហាន់ នេស្បឹក ដើម្បីធ្វើការប្រឆាំង។ រហូតឈ្មួញឥស្លាមម្នាក់បានក្រោកឈរ ហើយនិយាយថា ៖ «យើងខ្ញុំសុខចិត្តចូលគុក ប្រសើរជាងចុះញ៉មនឹងច្បាប់នេះ»។ សម្តីនេះ បានធ្វើឲ្យមហាត្មៈគន្ធី ចាប់ផ្តើមដឹងពីសភាវគតិរបស់ខ្លួន ក៏ក្រោកឈរ ហើយពោលថា យើងនឹងសូត្រភាវនានៅចំពោះមុខព្រះជាម្ចាស់ថា ពួកយើងសុខចិត្តចូលគុក ហើយយើងនឹងរស់នៅទីនោះរហូតទាល់គេយល់ព្រម លុបច្បាប់នេះចោល។
មហាត្មៈគន្ធី ចាប់ផ្តើមមានគំនិតចង់រំដោះអាហ្វ្រិក និងឥណ្ឌា ឱ្យផុតពីអាណានិគមរបស់អង់គ្លេស ដោយក្នុងសម័យនោះ នៅអាហ្វ្រិកខាងត្បូងជនជាតិអាហ្វ្រិក និងឥណ្ឌា តែងតែស្ថិតនៅក្រោមអំណាចនាយទុនស្បែកស។ លោកចាប់ផ្តើមពង្រីកសហគមន៍ពីបណ្តាជនជាតិ និងសាសនា ផ្សេងៗបន្ថែមដើម្បីពួកគេរស់នៅជាមួយគ្នាដោយស្មើភាព ដោយធ្វើបាតុកម្មប្រឆាំងក្នុងទ្រង់ទ្រាយធំមួយ ដែលពុំមានអ្នកណាដឹកស្មានដល់ ដោយតស៊ូ អត់ទ្រាំ ជាមួយការវាយដំ ធ្វើបាប ពីសំណាក់ប៉ូលិស ដោយមិនតបតរអ្វីឡើយ។
លោកគន្ធី ក៏បានបង្ហាញឱ្យឃើញផងដែរថា កម្លាំងមហាជន ពិតជាអាចយកឈ្នះអំពើជិះជាន់បានយ៉ាងពិតប្រាកដ។ ក្នុងឆ្នាំ ១៩១៣ ឧត្តមសេនីយ៍ យ៉ាស្មាស់ មេបញ្ជាការកងទ័ពអង់គ្លេស នៅអាហ្រ្វិកខាងត្បូង បានចេញច្បាប់ថ្មី មួយគឺ ការរៀបអាពាហ៍ពិពាហ័ បែបហិនឌូ និងឥស្លាមត្រូវចាត់ទុកជាមោឃៈ និងមួយទៀត តាមប្រពៃណីឥណ្ឌា ស្ត្រីត្រូវតែនៅផ្ទះ។ ដែលហេតុការណ៍ទាំងនេះ បានធ្វើឱ្យគន្ធីយល់ថា នេះគឺជារូបភាពនៃការគាបសង្កត់លើស្ត្រី ទើបរូបលោក អំពាវនាវឲ្យមានការចូលរួមពីស្ត្រី។ ក្នុងការតស៊ូប្រឆាំងនឹងច្បាប់មួយនេះ កម្មករជាង៥ម៉ឺននាក់ បាននាំគ្នាឈប់ធ្វើការ ដែលជាហេតុធ្វើឲ្យឧត្តមសេនីយ៍ យ៉ាស្មាស់ សុខចិត្តលុបច្បាប់មួយនោះចោលវិញ។
អស់រយៈពេលជាង ២សតវត្ស ដែលជនជាតិឥណ្ឌា ជាង៣០០លាននាក់ ត្រូវឱនក្បាលនៅពីក្រោម ជនជាតិអង់គ្លេស។ លោក គន្ធី បានបញ្ចុះបញ្ចូលជនជាតិឥណ្ឌា ឱ្យក្រោកប្រឆាំងជាមួយប្រទេសមួយនេះ និងច្បាប់ថ្មី ដោយប្រមូលមនុស្ស ជាង២ម៉ឺននាក់ មកជួបជុំគ្នា នៅក្នុងភូមិមួយ នៃទីក្រុង អាំម្រិសា។ នៅក្នុងការជួបជុំនោះ ឧត្តមសេនីយរបស់អង់គ្លេស ក៏បានបញ្ជូនកងទ័ពទៅបង្ក្រាប ត្រឹមរយៈពេល១០នាទី បានធ្វើឲ្យមនុស្ស ៣៧៩នាក់ស្លាប់ និង ជាង៥ពាន់នាក់រងរបួស។ តែបើទោះបីជាយ៉ាងណា គន្ធីមិនបានចងកំហឹងក្នុងហេតុការណ៍ តែបានប្រែក្លាយស្ថានការណ៍មកជាចំណងសាមគ្គី កាន់តែរឹងមាំ នៃជនជាតិហិណ្ឌូ។ រហូតដល់ឆ្នាំ ១៩៣០ គន្ធី បាននាំសាវ័ករបស់ខ្លួន ប្រមាណ ៨០នាក់ ធ្វើដំណើរដោយថ្មើរជើង ចម្ងាយ ២៤០មើល៍ ទៅកាន់សមុទ្រអារ៉ាប់ ដើម្បីផលិតអំបិលនៅទីនោះ។ ការធ្វើដំណើរ ដោយថ្មើរជើងលើកនេះ បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង។ លោកបានដើរឆ្លងកាត់ ភូមិស្រុករាប់ពាន់កន្លែង ធ្វើឱ្យក្រុមបាតុកររបស់គាត់មានសមាជិកកាន់តែច្រើន។ ពេលទៅដល់គោលដៅ ពួកគេៗ ចាប់ផ្តើមផលិតអំបិល និងយកមកលក់ដូរ ជាសាធារណៈដោយមិនខ្វល់ពីការហាមឃាត់របស់ច្បាប់អ្វីឡើយ។ ទង្វើនេះចាត់ទុក ជាការប្រយុទ្ធតស៊ូ ដោយសន្តិវិធីម្យ៉ាងរបស់គន្ធី ដែលត្រូវបានគេស្ងើចសរសើរ យ៉ាងខ្លាំងបំផុត។
មហាត្មៈ គន្ធី ត្រូវគេចាប់ឃុំឃាំងជាច្រើនលើក ច្រើនសា ដោយសារតែការធ្វើបាតុកម្ម ដែលមានរូបលោកជាមេដឹកនាំ។ រូបលោកត្រូវលបធ្វើឃាត ក្នុងខណៈពេលដែលលោកធ្វើដំណើរទៅសូត្រមន្ត ដោយបន្សល់ទុកត្រឹមតែគោលការណ៍ «អហិង្សា» សម្រាប់តស៊ូនឹងភាពអយុត្តិធម៍ទុកឱ្យពិភពលោកប៉ុណ្ណោះ។
បុគ្គលរូបនេះ ក៏ត្រូវបាន លោកអាញស្តាញ ពោលពាក្យសរសើរ ចំពោះរូបលោកថា ៖ «មនុស្សជំនាន់ក្រោយ គ្មានផ្លូវនឹងជឿថា មានមនុស្សពិតបែបនេះ នៅលើលោកយើងទេ» ៕
ប្រភព ៖http://sabay