បរទេស៖ AidData ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ នៅក្នុងកំណែចុងក្រោយរបស់ខ្លួននៃ Global Chinese Official Finance Dataset ថា បំណុលចិនដែលមានចំនួន ៣៨៥ ពាន់លានដុល្លារ ដល់ប្រទេសដទៃទៀត ត្រូវបានលាក់បាំងពីធនាគារពិភពលោក និង មូលនិធិរូបិយបណ្ឌអន្តរជាតិ ឬ IMF ដោយសារវិធីនៃការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី។ របាយការណ៍នេះក៏បានចោទប្រកាន់ផងដែរថា ផ្នែកសំខាន់មួយនៃហិរញ្ញប្បទាន អភិវឌ្ឍន៍របស់ចិន នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានផ្សំឡើងដោយប្រាក់កម្ចី មានការប្រាក់ខ្ពស់។
យោងតាមសារព័ត៌មាន Nikkei Asia ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ AidData អះអាងថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើឱ្យហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្រៅប្រទេសរបស់ខ្លួនមិនមានតម្លាភាព។ បើតាមរបាយការណ៍ គឺថា ប្រទេសចិនបានរាយការណ៍អំពីបំណុលរបស់ខ្លួនជាប្រព័ន្ធ (តិចជាងចំនួនរកបាន) ដល់ប្រព័ន្ធរាយការណ៍បំណុល របស់ធនាគារពិភពលោក តាមរយៈការផ្តល់ប្រាក់កម្ចី ដល់ក្រុមហ៊ុនឯកជន នៅក្នុងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដោយប្រើប្រាស់មធ្យោបាយ គោលបំណងពិសេស (SPVs) ជាជាងទៅស្ថាប័នរដ្ឋ។
នេះបានបង្កការលំបាកដល់កូនបំណុល និងអ្នកផ្តល់ប្រាក់កម្ចីពហុភាគី ក្នុងការវាយតម្លៃថ្លៃដើម និងអត្ថប្រយោជន៍ នៃការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ វាក៏បង្កើនលទ្ធភាពឱ្យកូនបំណុល ធ្លាក់ក្នុងអន្ទាក់បំណុល ដោយមានវិធីតែមួយគត់ ដើម្បីងើបឡើងវិញដោយលក់ទ្រព្យសម្បត្តិសំខាន់ភូមិសាស្ត្រនយោបាយទៅឱ្យចិន។
របាយការណ៍បន្តទៀតថា ដោយសារតែបំណុល របស់ប្រទេសចិនក្រោមបដា នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឥឡូវនេះគឺមានប្រទេសចំនួន ៤២ ហើយ ដែលមានកម្រិតបំណុលសាធារណៈ ចំពោះប្រទេសចិនលើសពី ១០% នៃផលិតផលក្នុងស្រុកសរុប។ ឧទាហរណ៍គម្រោងផ្លូវដែកចិន-ឡាវដែលផ្តល់ហិរញ្ញប្បទានដោយធនាគារចិន China Exim ដែលមានតម្លៃ ៥,៩ ពាន់លានដុល្លារ ស្មើនឹងប្រហែលមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ឡាវ ត្រូវបានផ្តល់មូលនិធិទាំងស្រុង ដោយបំណុលលាក់កំបាំង។
លោក Bradley C. Parks នាយកប្រតិបត្តិនៃ AidData នៅមហាវិទ្យាល័យ William and Mary បាននិយាយថា ធនាគារពិភពលោក និង IMF បានដឹងអំពីបញ្ហានេះរួចហើយ។ លោកបានប្រាប់ Nikkei Asia ថា របាយការណ៍ថ្មីនេះបានកំណត់ទំហំនៃបញ្ហា។
លោក Bradley C. Parks ដែលជាសហអ្នកនិពន្ធម្នាក់ នៃរបាយការណ៍នេះផងដែរ បាននិយាយថា « យើងប៉ាន់ប្រមាណថារដ្ឋាភិបាលជាមធ្យម កំពុងរាយការណ៍អំពីកាតព្វកិច្ចសងជាក់ស្តែង និងសក្តានុពលសងបំណុលរបស់ខ្លួន ចំពោះប្រទេសចិនដោយចំនួនដែលស្មើនឹង ៥,៨% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ផ្អែកលើការប៉ាន់ប្រមាណដែលមិនបាន រាយការណ៍ជាលក្ខណៈបុគ្គល សម្រាប់ ១៦៥ ប្រទេស»។
របាយការណ៍នេះក៏បង្ហាញឱ្យឃើញ នូវការចាប់អារម្មណ៍ខ្លះផងដែរ អំពីហិរញ្ញប្បទានអភិវឌ្ឍន៍របស់ចិន នៅប៉ាគីស្ថាន នៅក្នុងបរិបទនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាផ្នែកមួយនៃខ្សែក្រវ៉ាត់និងផ្លូវ ចំនួន ៥០ ពាន់លានដុល្លារ។
យោងតាមរបាយការណ៍ នៅចន្លោះឆ្នាំ ២០០០ និង ២០១៧ ប្រទេសចិនបានធ្វើការប្តេជ្ញាចិត្តសរុប ដែលមានតម្លៃ ៣៤.៣ ពាន់លានដុល្លារ សម្រាប់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅប៉ាគីស្ថាន ក្នុងនោះយ៉ាងហោចណាស់ ២៧,៨ ពាន់លានដុល្លារ គឺជាប្រាក់កម្ចីពាណិជ្ជកម្មផ្លូវការ ដែលមានសម្បទានមានកំណត់។
របាយការណ៍នេះក៏និយាយផងដែរថា ប្រាក់កម្ចីរបស់ចិនទៅឱ្យប៉ាគីស្ថានមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រាក់កម្ចីដែលផ្តល់ដោយគណៈកម្មាធិការជំនួយអភិវឌ្ឍ៍ របស់អង្គការអភិវឌ្ឍន៍ ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD-DAC) និងម្ចាស់បំណុលពហុភាគី ដល់ប្រទេសប៉ាគីស្ថាន។ ប្រាក់កម្ចីចិនជាមធ្យមដល់ប្រទេសប៉ាគីស្ថាន មានអត្រាការប្រាក់ ៣,៧៦% រយៈពេលកាលកំណត់ ១៣,២ ឆ្នាំ និងរយៈពេលអនុគ្រោះ ៤,៣ ឆ្នាំ។
Ammar Malik អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជាន់ខ្ពស់របស់ AidData ដែលដឹកនាំកម្មវិធីលំហូររបាយការណ៍ហិរញ្ញវត្ថុ ដែលបានរាយការណ៍បានប្រាប់ Nikkei គឺថា ជាចំណុចនៃការប្រៀបធៀបមួយ គឺប្រាក់កម្ចីធម្មតាពីអ្នកផ្តល់ប្រាក់កម្ចី OECD-DAC ដូចជា ប្រទេសអាល្លឺម៉ ង់បារាំង ឬជប៉ុន មានអត្រាការប្រាក់ ១.១% និងរយៈពេលសងត្រលប់ ២៨ ឆ្នាំ ដែលមានលក្ខណៈសប្បុរសជាងអ្វី ដែលចិនបានផ្តល់ជូនរដ្ឋាភិបាល ទីក្រុងអ៊ីស្លាម៉ាបាដ។
ថ្វីបើថ្លៃដើមខ្ពស់ក៏ដោយ ក៏ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដូចជាប៉ាគីស្ថានទទួលយកប្រាក់កម្ចី ដែលផ្តល់ដោយចិនដល់អង្គភាពឯកជននៅក្នុងប្រទេសរបស់ពួកគេ។ អ្នកជំនាញជឿជាក់ថា ប្រទេសទាំងនេះទទួលយកប្រាក់កម្ចី ព្រោះពួកគេមិនបង្ហាញនៅក្នុង តារាងតុល្យការរបស់ពួកគេ។
លោក Parks បន្តថា «ការខ្ចីប្រាក់តាមរយៈមធ្យោបាយ ដែលមានគោលបំណងពិសេស និងការបណ្តាក់ទុនរួមគ្នា ក្រោមការរៀបចំតារាងតុល្យការ ផ្តល់នូវវិធីមួយសម្រាប់រដ្ឋាភិបាល ដែលមានប្រាក់ចំណូលទាបឬមធ្យម ដើម្បីជួយសម្រួលដល់ការអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈធំ ៗ ដោយមិនខាតក្នុងការកំណត់បំណុល»។
ខណៈពេលដែលរបាយការណ៍របស់ AidData ត្រូវបានផ្អែកលើទិន្នន័យ ដែលអាចរកបានរហូតដល់ឆ្នាំ ២០១៧ អ្នកជំនាញជឿជាក់ថា មិនមានការផ្លាស់ប្តូរធំដុំណាមួយក្នុងការកំណត់ប្រាក់កម្ចី ពីស្ថាប័នសាធារណៈនៅក្នុងប្រទេសចិនឡើយ។ លោក Parks បន្ថែមថា « ធនាគាររដ្ឋរបស់ទីក្រុងប៉េកាំងបានផ្តល់អាទិភាពជាប់លាប់ ចំពោះគម្រោងដែលរកប្រាក់ចំណេញ គម្រោងបង្កើតប្រាក់ចំណូល ហើយធនាគារដែលគ្រប់គ្រងដោយរដ្ឋចិន កំពុងផ្តល់ទិន្នផលអតិបរមាជំនួសរដ្ឋ»។
ទោះបីជាមានការចេញផ្សាយរបាយការណ៍នេះក៏ដោយ ក៏លំនាំហិរញ្ញប្បទានអភិវឌ្ឍន៍ចិន នៅប៉ាគីស្ថានទំនងជាមិនផ្លាស់ប្តូរនោះទេ។
មន្រ្តីម្នាក់ដែលមានទំនាក់ទំនងជាមួយគម្រោង CPEC នៅប៉ាគីស្ថានបានប្រាប់ Nikkei ក្នុងលក្ខខណ្ឌអនាមិកថា នៅក្នុងកិច្ចប្រជុំ JCC (គណៈកម្មាធិការសហប្រតិបត្តិការរួម) លើកទី ១០ របស់ CPEC (សប្តាហ៍មុន) ប៉ាគីស្ថានបានសម្រេចចិត្ត ប្រឆាំងនឹងការចរចាឡើងវិញ អំពីលក្ខខណ្ឌនៃគម្រោងថាមពលដែលមានតម្លៃ ១៥ ពាន់លានដុល្លារ ដែលដំបូងត្រូវបានចាត់ទុកថាមានតម្លៃថ្លៃ ព្រោះប៉ាគីស្ថានត្រូវការហិរញ្ញវត្ថុពីប្រទេសចិន។
មន្ត្រីរូបនេះបានបន្ថែមថា ប៉ាគីស្ថាននឹងបន្តពឹងផ្អែក លើរដ្ឋាភិបាលទីក្រុងប៉េកាំងសម្រាប់ការ ផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ ទោះបីជាលក្ខខណ្ឌរបស់វាមិនមានសម្បទានក៏ដោយ ព្រោះប្រទេស G-7 និងម្ចាស់បំណុលដទៃទៀត មិនមានចិត្តសប្បុរសឡើយ នៅពេលនិយាយអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប៉ាគីស្ថាន។
លោក Jeremy Garlick សហការីនៃទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច Prague បាននិយាយថាប្រទេសប៉ាគីស្ថាន ខ្វះខាតសាច់ប្រាក់ និងស្វែងរកការវិនិយោគជាច្រើន ទសវត្សមកហើយ។ លោកបានប្រាប់ Nikkei ថា“ ប្រាក់កម្ចីរបស់ចិនមានតម្លៃថ្លៃជាង ប៉ុន្តែប៉ាគីស្ថានបានស្វែងរកពួកគេយ៉ាងសកម្ម៕ ប្រែសម្រួលៈ ណៃ តុលា