សេដ្ឋកិច្ច​

សេវាកម្ម Apple News មានអតិថិជនឈាន ដល់ ១០០ លាននាក់ រីឯការលក់ App Store កាន់តែកើនឡើង

សេនហ្វ្រេនស៊ីស្កូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា Apple Inc បាននិយាយថា សេវាកម្ម Apple News របស់ខ្លួនបានឈានដល់ អ្នកប្រើប្រាស់សកម្ម ១០០ លាននាក់ក្នុងមួយខែធៀប នឹង ៨៥ លាននាក់កាលពីមួយឆ្នាំមុន បង្ហាញពីការរីកចម្រើន អាជីវកម្មសេវាកម្មសំខាន់ៗ ដែលកំពុងត្រូវបាន តាមដានយ៉ាងយកចិត្តទុកដាក់ ពីវិនិយោគិននៅពេលការលក់ទូរស័ព្ទ iPhone ធ្លាក់ចុះ។

អ្នកប្រើប្រាស់បានមកពី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី។ ក្រុមហ៊ុន Apple ក៏ផ្តល់ជូននូវសេវាកម្មបង់ថ្លៃព័ត៌មានដែលមានឈ្មោះថា Apple News + ក្នុងតម្លៃ ៩,៩៩ ដុល្លារក្នុងមួយខែ ប៉ុន្តែមិនបានបង្ហាញពីចំនួនអតិថិជនទេ។ Apple បានផ្តល់តួលេខនៅក្នុងការធ្វើបច្ចុប្បន្នភាព ប្រចាំឆ្នាំនៅដើមខែមករាលើអាជីវកម្មសេវាកម្មរបស់ខ្លួន។ ប្រាក់ចំណូលផ្នែកសេវាកម្មទូទៅរបស់ក្រុមហ៊ុន Apple បានកើនឡើង ១៦ ភាគរយដល់ ៤៦,៣ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធថ្មីៗ បំផុតរបស់ខ្លួនដែលបានបញ្ចប់នៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១៩ ខណៈការលក់ទូរស័ព្ទ iPhone របស់ខ្លួនបានធ្លាក់ចុះ ១៤ ភាគរយស្មើនឹង ១៤២,៤ ពាន់លានដុល្លារ។

ក្រុមហ៊ុនបាននិយាយថា នៅចន្លោះថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៩ និងថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ អតិថិជនរបស់ខ្លួនបានចំណាយប្រាក់ចំនួន ១,៤២ ពាន់លានដុល្លារអាមេរិកនៅក្នុង App Store របស់ខ្លួនដែលកើនឡើង ១៦ ភាគរយបើធៀបនឹងឆ្នាំមុននិង ៣៨៦ លានដុល្លារនៅថ្ងៃទី ១ ខែមករាកើនឡើង ២០ ភាគរយ។


ក្រុមហ៊ុន Apple រក្សាការលក់ពី ១៥ភាគរយទៅ ៣០ភាគរយតាមរយៈ App Store របស់ខ្លួនអាស្រ័យលើថាតើអ្នកប្រើប្រាស់ទិញសូហ្វវែរជាការទិញម្តងរឺជាវម្តងទៀត។ ក្រុមហ៊ុន Apple បានដាក់ចេញនូវសេវាកម្មថ្មីៗជាច្រើននៅក្នុងឆ្នាំ ២០១៩ រួមមានសេវាកម្មវីឌីអូស្ទ្រីម ឈ្មោះថា Apple TV + សេវាកម្មហ្គេមវីដេអូនិងកាតឥណទាន៕ ដោយ៖លី ភីលីព

Most Popular

To Top