បរទេស៖ ការលក់ដូរនៅភោជនីយដ្ឋាន និងហាងផឹកស៊ី នៅប្រទេសវៀតណាម បានធ្លាក់ចុះរហូតដល់ ៥០ ភាគរយ ដោយសារតែប្រជាជន មានការប្រយ័ត្ន ចំពោះការបង្កើនប្រាក់ពិន័យទ្វេដង ក្នុងច្បាប់ថ្មី ពេលបើកបរស្រវឹង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសង្កាត់ Go Vap នៃទីក្រុង ហូជីមិញ លោកស្រី Hanh ដែលជាម្ចាស់ភោជនីយដ្ឋាន hotpot ដែលបម្រើស្រាបៀរ បាននិយាយថា ប្រាក់ចំណូលកាលពីសប្តាហ៍មុនបានធ្លាក់ចុះ ៣០ ភាគរយ។ លោកស្រី បាននិយាយថា នៅថ្ងៃខ្លះចំនួនអតិថិជនមាន តិចជាងធម្មតា ៧០ ភាគរយ។
ចំណែក លោកហ្វុក ដែលជា ប្រធានអាជីវកម្មនៃបណ្តាញស្រាបៀរ Biacraft បាននិយាយថាប្រាក់ចំណូលបានធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយ ដោយសារចំនួនអតិថិជន បានធ្លាក់ចុះពី ២០០ នាក់ក្នុងមួយថ្ងៃដល់ ១៣០ នាក់។
សូមបញ្ជាក់ថា ច្បាប់ថ្មីស្តីពីការការពារការ បង្កគ្រោះថ្នាក់ដោយសារជាតិ អាល់កុល ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា បានដាក់ ពិន័យយ៉ាងតឹងរ៉ឹងចំពោះការបើកបរស្រវឹង។ សូម្បីតែអ្នកជិះកង់ និងអ្នកជិះកង់អគ្គិសនី ក៏ប្រឈមមុខនឹងការពិន័យ ជាប្រាក់ចាប់ពី ៤០០.០០០ ដុង ទៅ ៦០០.០០០ ដុង ឬស្មើនឹង១៧-២៦ ដុល្លារ ចំពោះការបើកបរស្រវឹង។
សម្រាប់អ្នកបើកបរម៉ូតូ និងអ្នកបើកបររថយន្ត អាចត្រូវពិន័យជាប្រាក់ពី ៦-៨ លានដុង និង ៣០-៤០ លានដុង ឬស្មើនឹង ១.៣៩៤ដុល្លារ ទៅ១.៧២៥ ដុល្លារ ដែលជាកម្រិតខ្ពស់ លើច្បាស់ចាស់ទ្វេដង ហើយអ្នកដែលបើកបរក្រោមឥទ្ធិពលស្រវឹង អាចបានផ្អាកបើកបរ រយៈពេល ២២-២៤ ខែទៀតផង៕ប្រែសម្រួលៈ ណៃ តុលា