តូក្យូ៖ ក្រុមហ៊ុនផលិតជប៉ុនបានចាប់ផ្តើមផ្លាស់ប្តូរ ផលិតកម្មចេញពីប្រទេសចិន ដោយសារតែវាមានការព្រួយបារម្ភថា ការផ្ទុះឡើងនៃមេរោគឆ្លងវីរុសបណ្តាលឲ្យស្លាប់ និងអាចពន្យារដល់ការបិទរោងចក្រនៅក្នុងប្រទេស និងបង្កអន្តរាយដល់ចង្វាក់ផ្គត់ផ្គង់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមអ្នកវិភាគបាននិយាយថា ការផ្លាស់ប្តូរផលិតកម្ម នៅខាងក្រៅប្រទេសចិនមានន័យថា ការចំណាយកើនឡើងជាបណ្តោះអាសន្ន ហើយមិនមែនជាការសម្រេចចិត្តងាយស្រួលទេ ប៉ុន្តែក្រុមហ៊ុនមួយចំនួនមិនអាចមានលទ្ធភាព រង់ចាំរហូតដល់មានវិបត្តិនោះទេ ។
ក្រុមហ៊ុនជប៉ុននៅតែមានប្រតិបត្តិការ ផលិតកម្មយ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិន ទោះបីតំឡើងថ្លៃឈ្នួលកម្លាំងពលកម្ម និងការប្រេះឆាពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបាននាំឲ្យពួកគេមួយចំនួនផ្លាស់ប្តូរ ផលិតកម្មចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដូចជាប្រទេសវៀតណាម។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Panasonic Corp លោក Hirokazu Umeda បានមានប្រសាសន៍ថា“ យើងកំពុងរៀបចំផែនការ ផលិតកម្មជំនួសនៅខាងក្រៅប្រទេសចិនជាពិសេស សម្រាប់ផលិតផលឧបករណ៍អេឡិចត្រូនិចរបស់យើង” ក្នុងករណីមានការរំខានដល់សង្វាក់ផ្គត់ផ្គង់បន្ត។
ប៉ុន្តែមានផលិតផលប្រើប្រាស់ក្នុងផ្ទះដែលមិនអាចផលិត នៅខាងក្រៅប្រទេសចិនបានទេ ហើយយើងត្រូវតែពិចារណានូវអ្វីដែលជាដំណោះស្រាយ ដែលមានប្រសិទ្ធភាពបំផុត ។
សកម្មភាពរោងចក្រនៅប្រទេសចិនបានជាប់គាំងមួយផ្នែក ហើយមានរោងចក្រខ្លះនៅតែបិទទ្វារលើសពីថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិន នៅពេលអាជ្ញាធរចិនដាក់កម្រិតទៅលើចលនារបស់ប្រជាជន និងទំនិញដោយសារតែការផ្ទុះឡើង នៃជំងឺរលាកសួតបណ្តាលឲ្យមានមនុស្សស្លាប់ជាង៨០០ នាក់និងឆ្លងជាងច្រើនពាននាក់នៅក្នុងប្រទេស៕ ដោយ៖លី ភីលីព