ញូវយ៉ក៖ ប្រាក់ចំណេញ របស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះ២៩ភាគរយ នៅក្នុងត្រីមាសទី១ ដោយសារការចំណាយរបស់ខ្លួន សម្រាប់ការដឹកជញ្ជូន កញ្ចប់រាប់លាន ទៅអតិថិជនតាមផ្ទះ បានកើនឡើង ប៉ុន្តែការលក់រាយ តាមអ៊ីនធើណេត បាននិយាយថា ការលក់របស់វា បានកើនឡើងយ៉ាងខ្លាំងនៅពេល មនុស្សកាន់តែច្រើន ចូលចិត្ដទិញទំនិញតាមអ៊ីនធើណេត ក្នុងកំឡុងពេលមានជំងឺ រាតត្បាតឆ្លង។
ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Amazon លោក Jeff Bezos បាននិយាយថា ក្រុមហ៊ុននេះទំនង ជានឹងចំណាយយ៉ាងហោចណាស់ ៤ កោដិដុល្លារ ក្នុងត្រីមាសទី ២ ដើម្បីបង្កើនល្បឿន នៃការចែកចាយ ទិញរបាំង និងឧបករណ៍ ការពារផ្សេងៗ សម្រាប់កម្មករ នៅក្នុងឃ្លាំង និងផ្សារទំនើបទាំងមូល។
ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon.com Inc បានធ្លាក់ចុះប្រហែល ៥ភាគរយ នៅក្នុងការធ្វើពាណិជ្ជកម្មបន្ទាប់ ពីម៉ោងជាច្រើន បន្ទាប់ពីការចេញផ្សាយ របាយការណ៍ប្រាក់ចំណូល។
ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុងស៊ីថលមួយនេះ បានរាយការណ៍ អំពីប្រាក់ចំណូលសុទ្ធ ចំនួន ២,៥៤ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី ១ ធៀបនឹង ៣.៥៦ ពាន់លានដុល្លារ កាលពីមួយឆ្នាំមុន។
យោងតាម FactSetថា ប្រាក់ចំណូលក្នុងមួយភាគហ៊ុន ទទួលបាន ៥.០១ ដុល្លារ គឺទាបជាងការរំពឹងទុក របស់អ្នកវិភាគ ៦.២៣ ដុល្លារ។ ប្រាក់ចំណូលបានកើនឡើង ២៦ ភាគរយ ដល់ ៧៥,៥ ពាន់លានដុល្លារ លើសការរំពឹងទុក ៧៣,៧ ពាន់លានដុល្លារ៕ ដោយ៖លី ភីលីព