សេចុង៖ ទិន្នន័យឧស្សាហកម្ម បានបង្ហាញនៅ ថ្ងៃអង្គារនេះថាទិន្នផលឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានបន្តធ្លាក់ចុះនៅក្នុង ខែឧសភា ខណៈដែលជំងឺ រាតត្បាត បានបង្អាក់សង្វាក់ផ្គត់ផ្គង់ ប៉ុន្តែការលក់រាយបានរាយការណ៍ពីកំណើនដ៏រឹងមាំមួយ ដោយមិនមានបញ្ហសធំនោះទេ។
ផលិតកម្មឧស្សាហកម្មរបស់ ប្រទេសនេះបានធ្លាក់ចុះ ១,២ ភាគរយក្នុងខែឧសភាបន្ទាប់ពីធ្លាក់ចុះ ២,៨ ភាគរយនៅខែមេសា នេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយស្ថិតិកូរ៉េ ហើយបើប្រៀបធៀបទៅនឹងឆ្នាំមុន ផលិតកម្មឧស្សាហកម្មទាំងមូល ក៏បានធ្លាក់ចុះ ៥.៦ ភាគរយនៅក្នុងខែឧសភា។
ផលិតកម្មឧស្សាហកម្មរ៉ែ ការផលិតហ្គាស និងអគ្គិសនី បានធ្លាក់ចុះ ៦,៧ ភាគរយក្នុងខែឧសភាដែលជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៨ ។
ការលក់រាយបានកើនឡើង ៤,៦ ភាគរយនៅក្នុងខែឧសភា ពីមួយខែមុនដោយសារប្រទេសនេះបានបន្ធូរបន្ថយវិធានការឃ្លាតឆ្ងាយពីសង្គម ហើយលទ្ធផលក្នុងវិស័យ សេវាកម្មបានកើនឡើង ២,៣ ភាគរយ៕ដោយ ឈូក បូរ៉ា