ភ្នំពេញៈ ប្រវេសន៍កាលិក គឺជានីតិវិធីគយ ដែលអាចអនុញ្ញាតឲ្យទំនិញនាំចូលបានក្នុងដែនគយ ក្រោមល័ក្ខខ័ណ្ឌ រួចផុតពីការបង់ពន្ធនិងអាករទាំងស្រុង ឬភាគខ្លះ។
ទំនិញទាំងនោះ ត្រូវបាននាំចូលក្នុងគោលបំណង ច្បាស់លាស់ ហើយត្រូវនាំចេញទៅវិញ ក្នុងកម្រិតពេលវេលាជាក់លាក់មួយ និងមិនធ្វើការកែច្នៃ ឬផ្លាស់ប្តូរ លើកលែងតែការរំលស់ជាធម្មតាតាមការប្រើប្រាស់ (មាត្រា ៩ នៃច្បាប់ស្តីពីគយ)។
ការនាំចូលទំនិញ ក្រោមរបបប្រវេសន៍កាលិក អាចត្រូវបានអនុញ្ញាត ចំពោះករណីដូចខាងក្រោម ទី១ ទំនិញសម្រាប់ដាក់តាំងបង្ហាញ ឬប្រើប្រាស់ក្នុងពីធីតាំពិព័រណ៌ កិច្ចប្រជុំឬ ព្រឹត្តិការណ៍ប្រហាក់ប្រហែល ដែលមានបរិមាណសមស្រប។ ទី២ បរិក្ខារវិជ្ជាជីវៈចាំបាច់សម្រាប់អ្នកបច្ចេកទេស ឬបុគ្គលវិជ្ជាជីវៈផ្សេងៗ ដែលចូលមកព្រះរាជាណាចក្រកម្ពុជាដើម្បីបំពេញភារកិច្ច្ ឬមុខរបរឯកទេស ដោយមិនរាប់បញ្ចូលនូវបណ្តា គ្រឿងម៉ាស៊ីន គ្រឿងចក្រ និងបរិក្ខារឯកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យកម្មន្តសាល ឧស្សាហកម្ម ការវេចខ្ចប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការកសាង ឬ ការជួសជុលអគារ ការងារដី ឬ គម្រោងប្រហាក់ប្រហែលនានា។
ទី៣ កុងតឺន័រ ប៉ាឡែត កញ្ចប់ គម្រូទំនិញ និងទំនិញនាំចូលផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម តែពុំមែនជាផ្នែកនៃប្រតិបត្តិការពាណិជ្ជកម្មនៅពេលដែលត្រូវបានលក់ ឬទិញ ទី៤ទំនិញនាំចូលសម្រាប់សំណូមពរនៃការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ រាប់បញ្ចូលទាំងបំណែកនៃបរិក្ខារវិទ្យាសាស្ត្រ និងសម្ភារអប់រំដែលទទួលបានការអនុញ្ញាតឲ្យនាំចូលតាមរបបប្រវេសន៍កាលិក ទី៥ ទំនិញនាំចូលសម្រាប់វិស័យកីឡាដែលប្រើប្រាស់ដោយអ្នកទេសចរ កីឡាករ អ្នកដំណើរសម្រាប់ការប្រកួតប្រជែង ការបង្ហាញ ឬ ការហ្វឹកហាត់ក្នុងដែនគយ។
- សម្ភារសម្រាប់ផ្សព្វផ្សាយទេសចរ សម្រាប់ទាក់ទាញការទស្សនាប្រទេសផ្សេងៗទៀត។
- ទំនិញនាំចូលដោយអ្នកដំណើរឆ្លងកាត់ព្រំដែនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
- ទំនិញនាំចូលសម្រាប់គោលបំណងមនុស្សធម៌ រាប់បញ្ជូលទាំងបរិក្ខារមន្ទីរពិសោធន៍ មន្ទីរវះកាត់ និងទំនិញជំនួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះធម្មជាតិ និងមហន្តរាយប្រហាក់ប្រហែល។
- មធ្យោបាយដឹកជញ្ជូនមនុស្ស និងទំនិញ សម្រាប់គោលបំណងពាណិជ្ជកម្ម ដូចជានាវា អាកាសយាន្តយានយន្តផ្លូវគោគ ឬ ផ្លូវដែក ដែលប្រើប្រាស់ក្នុងចរាចរដឹកជញ្ជូនជាអន្តរជាតិ រាប់បញ្ចូលទាំងគ្រឿង បន្លាស់ គ្រឿងបន្សំ និងបរិក្ខារផ្សេៗ ទោះបីជាមិនយកកម្រៃក្តី៕ប្រភព៖propertyarea.asia