ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគ ក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ ក្រោមឥទ្ធិពល នៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លង ចាប់តាំងពីដើមឆ្នាំ២០២០មកនោះ អាចនឹងចាប់ផ្តើមមានកម្រើកឡើងវិញនៅក្នុងត្រីមាសទី២ ឬដើមត្រីមាសទី៣នៃឆ្នាំ២០២១ ក្រោយការទប់ស្កាត់ការរាលដាលជំងឺឆ្លងបាន។
តាមការព្យាករណ៍ របស់នាយិកាប្រចាំប្រទេសក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia អ្នកស្រី អាន សុធីតា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា ប្រសិនបើបញ្ហានៃការរីករាលដាល នៃជំងឺឆ្លងត្រូវបានធ្វើការទប់ ស្កាត់ យ៉ាងហោចណាស់អាចពន្យារ ពេលរហូតដល់ពាក់កណ្តាលឆ្នាំ ក្រោយទើបសកម្មភាពវិនិយោគ ទៅលើគម្រោងថ្មីចាប់ផ្តើម មាននៅកម្ពុជាឡើងវិញ។
ទិន្នន័យដែលចេញផ្សាយ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះមានតម្លៃជាង ៣,៨៤ ពាន់លានដុល្លារ កើនឡើង ១៣,២៦ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំមុន។ នៅក្នុងឆមាសទី ១ ឆ្នាំនេះការស្នើសុំគម្រោងវិនិយោគលើវិស័យសំណង់មានចំនួន ២ ៥២២ គម្រោង កើនឡើង ៤៧៥ ធៀបនឹងឆមាសទី ១ ឆ្នាំមុនមានចំនួន ២ ០៤៧ គម្រោង។
តបទៅនឹងទិន្នន័យខាងលើនេះ អ្នកស្រី អាន សុធីតា បានមានប្រសាសន៍ថា “ទាំងអស់នេះភាគច្រើនជាគម្រោង និងទុនវិនិយោគដែលបានស្នើចូលមកកាន់កម្ពុជាតាំងពីឆ្នាំចាស់ ដែលមិនមែនទើបតែកើតមាន នៅក្នុងឆ្នាំ២០២០នោះទេ។ យើងទទួលស្គាល់ថា សកម្មភាព និងទុនវិនិយោគថ្មីបានកើនមាននៅក្នុងឆ្នាំ២០២០ខ្លះពិតមែន ប៉ុន្តែគម្រោងថ្មីទាំងនេះ ភាគច្រើនជាសកម្មភាពរបស់អ្នកវិនិយោគ ក្នុងស្រុកដែលវាមានកំណើនទុន ក្នុងវិស័យសំណងតិចភាគរយបើប្រៀបទៅនឹងទុនវិនិយោគដែលទទួលបានពីក្រៅប្រទេស”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា នៅក្នុងឆ្នាំ២០២០នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។
លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាននៅពេលនេះ គឺជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ គម្រោងវិនិយោគនានា នឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺ ដែលកំពុងរាលដាលនេះ ត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់ អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំបន្ទាប់”៕
ដោយ ៖ propertyarea