សេដ្ឋកិច្ច​

សេវាស្នាក់នៅរយៈពេលខ្លីក្នុងខេត្តកែបត្រូវបានកក់ទុកអស់សម្រាប់ឱកាសថ្ងៃឈប់សំរាក់ថ្ងៃខាងមុខនេះ និងគ្រោងអនុញ្ញាតឱ្យបោះតង់បន្ថែម

កែប ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានអះអងថា មានតម្រូវការខ្ពស់លើសពីការរំពឹងទុក សម្រាប់ការផ្គត់ផ្គង់សេវាស្នាក់នៅរយៈពេលខ្លីរបស់បណ្តាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ នានានៅទូទាំងខេត្តកែប ដែលគិតនៅត្រឹមរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបានទទួលការកក់ទុកពីសំណាក់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក៏ដូចជាលក្ខណៈឯកជនអស់ទាំងស្រុងសម្រាប់ថ្ងៃឈប់សម្រាក់ខាងមុខនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះថា ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូផ្សេងៗ នៅក្នុងខេត្តជាប់តំបន់ឆ្នេរមួយនេះ ត្រូវភ្ញៀវកក់បន្ទប់ពេញអស់ហើយ សម្រាប់ឱកាសថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិនៅចុងសប្ដាហ៍នេះ។

លោកបានបញ្ជាក់ថា “ខេត្តកែបមានផ្ទះសំណាក់ និងសណ្ឋាគារជាង ៩០កន្លែង សរុបបន្ទប់ទាំងអស់មានជាង ១៣០០បន្ទប់។ បច្ចុប្បន្នបន្ទប់ដែលថ្លៃបំផុតត្រឹមជាង ២០០ដុល្លារក្នុងមួយបន្ទប់ និងទាបបំផុតចន្លោះពី ១០ទៅ ១៥ដុល្លារ អាស្រ័យលើប្រភេទបន្ទប់ ដែលខុសពីឆ្នាំមុន បន្ទប់ថ្លៃបំផុតរហូតដល់ជាង ៥០០ដុល្លារ ក្នុងមួយបន្ទប់។
លោកបន្តថា ការចុះថ្លៃនេះក៏ដោយសារការណែនាំរបស់មន្ទីរពាក់ព័ន្ធដោយសម្រួលឱ្យម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារទាំងនោះ ចុះថ្លៃបន្ទប់ក្នុងសម័យកូវីដនេះ”។

លោកបានមានប្រសាសន៍បន្តទៀតថា “ពាក់ព័ន្ធទៅនឹងការបម្រើសេវាកម្មលើផ្នែកចំណីអាហារ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចុះទៅណែនាំឱ្យម្ចាស់ហាង ដែលកំពុងប្រកបអាជីវកម្មត្រូវរៀបចំបញ្ហាអនាម័យក្នុងហាងឱ្យមានរបៀបរៀបរយ ដូចជាតម្រូវឱ្យទឹកអាល់កុល និងជែល សម្រាប់ភ្ញៀវលាងសម្អាតដៃ និងបញ្ហាតម្លៃម្ហូបអាហារ ដោយធ្វើយ៉ាងណាត្រូវមានសៀវភៅរាយមុខម្ហូប ដោយបញ្ជាក់ឱ្យច្បាស់ជាមួយតម្លៃចៀសវាងការកើតទំនាស់ផ្សេងៗជាមួយភ្ញៀវ”។

យ៉ាងណាក៏ដោយ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបក៏បានលើកឡើងផងដែរថា ចំពោះប្រជាពលរដ្ឋដែលមានបំណងមកសម្រាកលេងកម្សាន្តនៅខេត្តកែប នៅសប្តាហ៍ក្រោយនេះ នៅតែមានកន្លែងសម្រាប់ស្នាក់នៅដែរ ដោយរដ្ឋបាលខេត្តបានផ្តល់ទីតាំងសាធារណៈធំៗជាច្រើនកន្លែង សម្រាប់ឱ្យប្រជាពលរដ្ឋបោះតង់ស្នាក់នៅដោយមិនមានការគិតប្រាក់ឡើយ ជាមួយនឹងការធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់៕ប្រភព៖propertyarea.asia

Most Popular

To Top