ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មិនសូវទទួលរងនូវផលប៉ះពាល់ខ្លាំងក្លា ទោះបីជាស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩ សកលនៅមិនទាន់មាន ធូរស្បើយនៅឡើយក៏ដោយ។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា កម្ពុជាបាននាំចូលសម្ភារៈសំណង់ (Construction Equipments) ដែក និងស៊ីម៉ងត៍នៅក្នុងតម្លៃសរុប ៥៦៥,៩១លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០ ខណៈការនាំចូលផលិតផលទាំងអស់នេះ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៩ មានតម្លៃរហូតដល់១៥០៦,៥៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យដដែលបានឱ្យដឹងថា កម្ពុជានាំចូលសម្ភារៈសំណង់ ក្នុងទំហំទឹកប្រាក់ជាង ៣៨១លានដុល្លារ ស្មើនឹង៦៧២, ៧៨៥តោន ដែកតម្លៃ១៤០,៨លានដុល្លារក្នុងបរិមា ណ២១៧,១៥១តោន និងស៊ីម៉ងត៍តម្លៃ៤៣,២៧លានដុល្លារ ស្មើនឹង៦៨១,៨១៧ តោនចាប់ពីខែមករា ដល់ខែមិថុនា ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានគេទំព័រ Propertyarea.asia ថា នៅក្នុងឆ្នាំ២០២០នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូល ពីក្រៅស្រុកគឺមានតិចតួចបំផុត។
លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាននៅពេលនេះ បានជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ ដល់គម្រោងវិនិយោគទាំងអស់។លោក បានបន្តថា “ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ គម្រោងវិនិយោគនានា នឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះ ត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគ នៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំបន្ទាប់” ។
លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia បានថ្លែងថា ប្រសិនបើបញ្ហានៃការរីករាលដាល នៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ យ៉ាងហោចណាស់អាចពន្យាពេលរហូត ដល់ពាក់កណ្តាលឆ្នាំក្រោយ ទើបសកម្មភាពវិនិយោគទៅលើ គម្រោងថ្មីចាប់ផ្តើមមាននៅកម្ពុជាឡើងវិញ។
លោកស្រីថា “ទាំងអស់នេះភាគច្រើនជាគម្រោង និងទុនវិនិយោគដែលបានស្នើចូល មកកាន់កម្ពុជាតាំងពីឆ្នាំចាស់ ដែលមិនមែនទើបតែកើតមាន នៅក្នុងឆ្នាំ២០២០នោះទេ” ៕
ប្រភព៖ Propertyarea.asia