សេដ្ឋកិច្ច​

អ្នកជំនាញ​និយាយ​ពី​ ឱកាស​ចំណេញ​ពី​ការវិនិយោគ​ ក្នុង​វិស័យ​លំនៅដ្ឋានលំហែរ​កាយ

ភ្នំពេញៈ ស្រដៀង​គ្នា​ទៅនឹង​ទីផ្សារ​ លំនៅដ្ឋាន​ស្នាក់នៅ​អចិន្ត្រៃយ៍ បច្ចុប្បន្ន​សន្ទុះ​នៃ​ការវិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​ លំនៅដ្ឋាន​លំហែរ​កាយ កំពុងតែ​មានការ​កើនឡើង​ស្ទើរ​គ្រប់​ខេត្ត ជាពិសេស​នៅ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ជាមួយនឹង​ការ​សម្លឹង​ឃើញ​ពី​ឱកាស​ នៃ​ការទទួលបាន​ចំណេញ​យ៉ាងច្រើន។

លោក​ឧកញ៉ា តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group ដែល​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ទៅលើ​ប្រភេទ​លំនៅដ្ឋាន បែប​លំហែរ​កាយ​បាន​មានប្រសាសន៍​ នា​ល្ងាច​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ ឱកាស​ដែល​អាច​ទទួលបាន​ផលចំណេញ ពី​ការបណ្តាក់ទុន​អភិវឌ្ឍន៍ ក្នុង​វិស័យ​មួយ​នេះ​នៅមាន​ច្រើន ខណៈពេលដែល​រាជរដ្ឋាភិបាល​ក៏​កំពុង​ពង្រឹង និង​ពង្រីក​ទីផ្សារ​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​ទូលាយ​នៅ​ទូទាំងប្រទេស។

លោក​បន្តថា “ការវិនិយោគ​ទៅលើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេលនេះ គឺមាន​ឱកាស​ទទួលបាន​ផលចំណេញ​ច្រើន ហើយ​ផលចំណេញ​ទាំងនេះ​នឹង​នៅ​បន្ត​ក្នុង​រយៈពេល​វែង​ទៅមុខទៀត” ។ លោក​បន្តថា “ការវិនិយោគ និង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ប្រភេទ​នេះ មាន​ភាពងាយស្រួល​ជាង​ការអភិវឌ្ឍន៍ លំនៅដ្ឋាន​ស្នាក់នៅ​អចិន្ត្រៃយ៍ ដោយសារតែ​ភាគច្រើន យើង​ធ្វើការ​អភិវឌ្ឍ​តែ​នៅ​តំបន់​ធម្មជាតិ តម្លៃ​ដី​នៅ​ទាប​មិនមែនជា​តំបន់​ទីប្រជុំជន​ដែល​តម្លៃ​ដី​ថ្លៃ​នោះទេ” ។

លោក​តេង រិ​ទ្ឋី​បាន​បន្តទៀតថា មាន​ភាពងាយស្រួល ហើយ​ក៏មាន​ចំណុច​លំបាក​ដែរ។ ងាយស្រួល​ត្រង់​ថា មិនសូវ​ណាយ​ទុន​ច្រើន ងាយស្រួល​អភិវឌ្ឍន៍ និង​អាច​ទទួលបាន​ផលចំណេញ​យូរ តាមរយៈ​ការជួល​បន្ទាប់ពី​បញ្ចប់​ការសាងសង់។ ដោយឡែក​ចំណុច​លំបាក​ត្រង់​ថា ត្រូវមាន​ទុនបម្រុង​ទាំងស្រុង​ទៅលើ​ការវិនិយោគ មានន័យថា​ទាល់តែ​បញ្ចប់​ ការសាងសង់​រួចរាល់​ទាំងស្រុង ទើប​អាច​ទទួលបាន​ចំណូល​ត្រឡប់មកវិញ ខុសពី​ការអភិវឌ្ឍ​លំនៅដ្ឋាន​អចិន្ត្រៃយ៍ ដែល​អាច​ទទួលបាន​ចំណូល ពី​ការវិនិយោគ​តាំង​ពេល​មិនទាន់​សាងសង់​គម្រោង។

លោក​ឧកញ៉ា តេង រិទ្ធី បាន​មានប្រសាសន៍ប្រាប់​ឱ្យ​ថា បច្ចុប្បន្ននេះ អ្នក​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​មួយចំនួន​ ដែលមាន​ទុនបម្រុង​គ្រប់គ្រាន់ គឺ​បាន​បង្វែរ​គោលដៅ​របស់​ខ្លួន​ពី​ការ អភិវឌ្ឍន៍​លំនៅដ្ឋាន​អចិន្ត្រៃយ៍ មក​វិនិយោគ និង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​លំហែរ​កាយ​ នៅតាម​តំបន់​កម្សាន្ត និង​ទេសចរណ៍​នានា ដោយសារតែ​សំលឹង​ឃើញ ពី​ផលប្រយោជន៍​ដែល​អាច​ទទួល​បានយូរ​អង្វែង។

កំពត​បាននិងកំពុង​ក្លាយជា​ខេត្ត​នាំមុខគេ លើ​ការវិនិយោគ​លំនៅដ្ឋាន​លំហែរ​កាយ ដោយសារ​លក្ខ​ខ័​ណ្ឌ​ អំណោយផល​ជាច្រើន។

ជាក់ស្តែង​គំរោង​លំនៅដ្ឋាន​លំហែរ​កាយ បែប​ប្រណីត Forest Hamony បាននិងកំពុង​ទទួល​ជោគជ័យ ​លើ​ការលក់​យ៉ាងខ្លាំង ដោយ​បច្ចុប្បន្ន​ផ្ទះ​វីឡា​លំហែរ ដែល​សាងសង់​នៅ​ប្រប​នឹង​ជើងភ្នំតូចៗ ជាមួយ​ទេសភាព​ស្រស់បំព្រង​នេះ កំពុង​ត្រៀម​ពង្រីក​ការសាងសង់​ ដំណាក់កាល​ទី២ផងដែរ។

លោក SERAJ Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Zillions Holding Cambodia បាន​មានប្រសាសន៍ថា ខេត្តកំពត​កំពុងមាន​ការរីកចម្រើន​ខ្លាំង និង​មាន​សក្តានុពល​ជាច្រើន សំរាប់​ការអភិវឌ្ឍ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយសារ​ខេត្ត​នេះ​មាន​ភាព​អំណោយផល​មួយចំនួន​ដូចជា មាន​ចម្ងាយ​ជិត​នឹង​រាជធានី​ភ្នំពេញ មានការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ មានការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ធំ​មួយ ដែលជា​កំពង់ផែ​ធំ​មួយ​បន្ទាប់ពី​ក្រុងព្រះសីហនុ។

ចំណែក​លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា “នេះ​ជា​គំរោង​ប្រវត្តិសាស្ត្រ​សំរាប់​ខេត្ត ដែល​នឹង​ជួយ​លើក​កំពស់​ការអភិវឌ្ឍ ក៏ដូចជា​ជំរុញ​ឲ្យ​ខេត្ត​កាន់តែ​មាន​ភាព​ទាក់ទាញ ដោយសារ​គំរោង FOREST HAMONY សាងសង់ឡើង​ប្រកបដោយ​បទដ្ឋាន​អន្តរជាតិ និង​ផ្តោតលើ​ការរស់នៅ​ ប្រកបដោយ​ភាព​បៃតង និង​ការ​លំហែរ​ប្រកបដោយ​ស្តង់ដា​អន្តរជាតិ” ៕

ប្រភព៖ propertyarea

Most Popular

To Top