កំពត ៖ មិនថាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចដែលបណ្តាប្រទេសជាច្រើនកំពុងជួបប្រទះនោះទេ សម្រាប់តែទីផ្សារដីធ្លីនៅក្នុងខេត្តកំពត ដែលជាតំបន់គោលដៅទេសចរណ៍លំដាប់អន្តរជាតិប្រចាំនៅកម្ពុជា ហាក់មិនបានស្រពោននោះឡើយ ផ្ទុយទៅវិញគឺនៅតែមានតម្រូវការ ហើយតម្លៃនៅលើទីផ្សារកាន់តែបន្តកើនឡើងជាលំដាប់ ជាពិសេសនៅជាប់មាត់ព្រែក។
នាយកក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដីឡូតិ៍ TH Land Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា នៅក្នុងមួយរយៈពេលចុងក្រោយនេះ ទីផ្សារលក់ដីធ្លីនៅតាមតំបន់មួយចំនួនក្នុងខេត្តកំពតហាក់មានការធ្លាក់ចុះបន្តិច ដែលក្រៅពីឥទ្ធិពលនៃជំងឺ Covid-19 ក៏មានកក្តាអាកាសធាតុចូលរួមផងដែរដូចជាមានភ្លៀងធ្លាក់ច្រើនជាដើម ប៉ុន្តែចំពោះតម្លៃមិនធ្លាក់ចុះនោះទេ។
លោកបានបញ្ជាក់ថា “ចំពោះការលក់ជាក់ស្ដែងនៅក្នុងអំឡុងពេល៣-៤ខែចុងក្រោយនេះគឺមានការធ្លាក់ចុះបន្តិច ប៉ុន្តែតម្លៃដីធ្លី មិនធ្លាក់នោះទេ គឺមានតែបន្តកើនឡើង ហើយតំបន់ជាប់មាត់ព្រែកខ្លះស្ថិតក្នុងស្រុកទឹកឈូ ដែលជាគោលដៅទេសចរណ៍ប្រចាំខេត្តមានតម្លៃចាប់ពីជាង១០០ដុល្លារ រហូតដល់២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន ដែលអាស្រ័យទៅតាមស្ថានភាព និងទំហំដី។ សម្រាប់ដីដែលមានចម្ងាយឆ្ងាយពីមាត់ព្រែកប្រមាណជាង១គីឡូម៉ែត្រ អាចនៅត្រឹម២៥-៣៥ដុល្លារក្នុងមួយម៉ែត្រប៉ុណ្ណោះ”។
លោកបញ្ជាក់ថា “ដីស្ថិតនៅជាប់មាត់ព្រែកនៃស្រុកទឹកឈូដូចគ្នា ប៉ុន្តែតម្លៃគឺមានកម្រិតខុសគ្នា គឺអាស្រ័យទៅលើស្ថានភាពដី ទំហំ និងការរៀបចំដី។ ភាគច្រើនដីនៅតំបន់គោលដៅទេសចរណ៍មួយនេះ មិនសូវមានទំនេរធំៗនោះទេ និងមានម្ចាស់ច្រើនគ្នា ប៉ុន្តែអ្នកវិនិយោគ និងអភិវឌ្ឍន៍អាចទិញភ្ជាប់គ្នាបាន ហើយតម្លៃអាស្រ័យលើការចរចាជាមួយម្ចាស់នីមួយៗ”។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “ទឹកដីខេត្តកំពតមិនស័ក្ដិសមទៅនឹងអគារពាណិជ្ជកម្មធំៗនោះទេ ប៉ុន្តែស័ក្ដិសម និងមានសក្ដានុពលទៅលើវិស័យសំណង់បម្រើដល់ទេសចរណ៍ រួមមានដូចជាសណ្ឋាគារ លំនៅដ្ឋានបែបលំហែរ ការអភិវឌ្ឍជាតំបន់ទេសចរធម្មជាតិ បឹងហ្គាឡូ ជាដើម។
លោកស្រីបញ្ជាក់ថា “ក្រៅពីតំបន់ដែលស្ថិតនៅក្បែរជើងភ្នំបូគោ ដែលមានគម្រោងអភិវឌ្ឍន៍ជាទីក្រុងរណបបែបទាន់សម័យដ៏ធំរបស់ក្រុមហ៊ុនសុខា រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានមួយចំនួនទៀតនោះ ក៏មានអ្នកអភិវឌ្ឍន៍ក្នុងស្រុកមួយចំនួនសំឡឹងមើលពីឱកាសនៃការវិនិយោគបន្ថែម ស្របពេលដែលរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ធ្វើវឌ្ឍនភាពនៃសោភ័ណភាណខេត្តមួយនេះឱ្យក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ”។
លោកស្រីបន្តថា សម្រាប់តម្លៃទីផ្សារដីធ្លីនៅពេលនេះ មិនទាន់ឈានដល់ចំណុចកំពូលនៅឡើយនោះទេ ពោលគឺអាចនៅបន្តកើនឡើង ជាពិសេសក្រោយពេលវិបត្តិនៃជំងឺសាកលត្រូវបានសាបរលាបផុតទៅនៅថ្ងៃខាងមុខនេះ ៕ប្រភព៖propertyarea.asia