ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅតែបន្តដំណើរការទៅមុខ បើទោះបីកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ខណៈបច្ចុប្បន្ននេះ សម្រេចបានលទ្ធផលប្រមាណជាង ៤០ភាគរយ ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia ថ្មីៗនេះថា រាល់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធទាំងអស់នៅកម្ពុជា ជាពិសេសគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលបច្ចុប្បន្ននេះ កំពុងដំណើរការដោយរលូន និងអាចបញ្ចប់ទៅតាមផែនការ និងការគ្រោងទុក។
លោកបន្តថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ សាងសង់ដោយក្រុមហ៊ុនចិន ហើយក្រុមហ៊ុនចិនជាធម្មតា គឺអនុវត្តលឿន ជាងការរំពឹងទុក ដែលរហូតមកដល់ពេលនេះ ជាលទ្ធផលនៃការសាងសងផ្លូវក្រវ៉ាត់ក្រុងទី៣ នៅតែបន្តដំណើរទៅមុខ។
លោកបន្តថា “យើងបានពិនិត្យឃើញថា ក្រុមហ៊ុនសាងសង់បានគោរពតាមបទដ្ឋានស្តង់ដារ ទាំងគុណភាពបេតុងនៃទម្រជើងសសរស្ពានអាកាស ទាំងគុណភាពផ្លូវ ដែលអាចទ្រទ្រង់ទម្ងន់យានចរាចរណ៍ចំរុះបានរហូតដល់២០ឆ្នាំ ស្របទៅតាមផែនការមេ ដែលចាប់អនុវត្តនៅប៉ែកខាងលិចក្រុងលើកដំបូង ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងក្រុង ជាពិសេសផ្លូវវេងស្រេង ផ្លូវទួលពង្រ ហើយថែមទាំងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនត្រង់ចេញពីក្រុងព្រះសីហនុឆ្ពោះទៅកាន់តំបន់ព្រំដែនក្រុងបាវិត ដោយបំបែកចេញពីចំណុចដើមផ្លូវក្រវ៉ាត់ក្រុងទី៣នៃផ្លូវជាតិលេខ៤ នឹងចុះទៅផ្លូវជាតិលេខ១” ។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ។ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។
ផ្លូវនេះមួយខ្សែនេះ ត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុនសំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។
ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ៕ប្រភព៖propertyarea.asia