ភ្នំពេញ៖ ទាំងភោគី និងសម្បទានិកដីសង្គមកិច្ច សុទ្ធតែអាចសុំធ្វើជាម្ចាស់កម្មសិទ្ធិលើដីដែលខ្លួនកាន់កាប់បាន ក្រោយពីបានកាន់កាប់ដី ក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។
ចំណុច ដែលខុសគ្នា គឺត្រង់ថា នៅក្នុងរយៈពេលកំពុងកាន់កាប់ ៥ឆ្នាំនេះ ភោគី អាចផ្ទេរសិទ្ធិរបស់ខ្លួនទៅឲ្យអ្នកដ៏ទៃបាន (ដូចជា លក់ ឬធ្វើជាអំណោយនូវដីរបស់ខ្លួនបាន) ។
ចំណែកសម្បទានិកដីសង្គមកិច្ចវិញ ក្នុងពេលរង់ចាំបានក្លាយជាម្ចាស់កម្មសិទ្ធិ (៥ឆ្នាំ) មិនអាចធ្វើការផ្ទេរសិទ្ធិរបស់ខ្លួនបានទេ គឺអាចមានសិទ្ធិត្រឹមតែប្រើប្រាស់ (សាងសង់លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល) និងអាស្រ័យផល (ជួល ប្រវាស់) តែប៉ុណ្ណោះ។
៥-ប្រសិនបើនៅក្នុងរយៈពេលកាន់កាប់ដី មិនទាន់គ្រប់ ៥ឆ្នាំ សម្បទានិកទទួលមរណភាព តើសម្បទានដីសង្គមកិច្ចត្រូវរលាយជាស្វ័យប្រវត្តិ ហើយដីសម្បទានត្រូវប្រគល់ទៅឲ្យរដ្ឋវិញ ឬក៏កូនចៅ ដែលជាទាយាទរបស់អ្នកស្លាប់នេះអាចកាន់កាប់បន្តបាន?
សម្បទានដីសង្គមកិច្ច មិនអាចរលាយជាស្វ័យប្រវត្តិ ដោយមកពីហេតុតែសម្បទានិកទទួលមរណភាពនោះទេ។ កូនចៅ (ទាយាទ) របស់សព អាចបន្តកាន់កាប់ដីសម្បទាននេះតទៅទៀតបាន។
៦-នៅក្នុងករណីដែលសម្បទានដីសង្គមកិច្ចត្រូវផ្ទេរជាមរតកទៅឲ្យកូនចៅ តើរយៈពេល ៥ឆ្នាំ ដែលច្បាប់តម្រូវឲ្យកាន់កាប់ ដើម្បីបានក្លាយជាម្ចាស់កម្មសិទ្ធិលើដីហ្នឹង ត្រូវចាប់ផ្តើមរាប់ឡើងវិញ ឬក៏អាចរាប់បន្តពីមុន?
ចំណុចនេះ មិនមានចែងលម្អិតនៅក្នុងច្បាប់ភូមិបាល ឬអនុក្រឹតស្តីពីសម្បទានដីសង្គមកិច្ចនោះទេ។ ក៏ប៉ុន្តែ តាមគោលការណ៍ទូទៅនៃច្បាប់ រយៈពេល ៥ឆ្នាំ ត្រូវចាប់រាប់បន្ត មិនមែនរាប់ឡើងវិញនោះទេ។ មានន័យថា ប្រសិនបើសម្បទានិកកាន់កាប់បាន ៣ឆ្នាំ ហើយទទួលមរណភាព ទាយាទរបស់សពទទួលកាន់កាប់ដីសម្បទាននេះ រយៈពេល ២ឆ្នាំទៀត គ្រប់ ៥ឆ្នាំ ហើយអាចសុំធ្វើជាម្ចាស់កម្មសិទ្ធិបាន៕ប្រភព៖propertyarea.asia