ភ្នំពេញ ៖ ការបណ្តាក់ទុនវិនិយោគ ទៅលើការបង្កើតសំណង់អាគារ ការិយាល័យសម្រាប់ជួល (Office Space) ត្រូវបានអ្នកជំនាញ នៅក្នុងផ្នែកមួយនេះអះអាងថា មានឱកាសទទួលបានប្រាក់ចំណេញខ្ពស់ជាង ការវិនិយោគផ្នែកខុនដូ ដោយសារតែតម្រូវការទីផ្សារ និងបរិយាកាសវិនិយោគថ្មីៗនៅកម្ពុជា។
អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ប្រាប់ តាមនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា គ្រប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា គឺសុទ្ធតែមានឱកាសចំណេញដូចគ្នា ប៉ុន្តែខុសត្រង់ថា អត្រា នៃការចំណេញតិច ឬច្រើនតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា “សម្រាប់ការវិនិយោគផ្នែកអាគារការិយាល័យ ជួលនៅកម្ពុជា គឺមានឱកាសចំណេញច្រើនបើប្រៀបធៀប ទៅនឹងការវិនិយោគផ្នែកខុនដូ ដោយសារហេតុផលថា ការវិនិយោគនៅក្នុងផ្នែកខុនដូចាំបាច់ត្រូវមានការរៀបចំតុបតែងនូវសម្ភារៈប្រើប្រាស់ដែលប្រណីតភាព ដែលត្រូវចំណាយ តម្លៃថ្លៃដើមខ្ពស់ ហើយប្រសិនបើដាក់ជួលក៏ត្រូវចំណាយលើការរំលោះថ្លៃសម្ភារៈទាំងអស់ ខុសគ្នាពីផ្នែកអាគារការិយាល័យជួល ដែលក្រៅពីជ្រៀសរើសទីតាំងដែលស័ក្ដិសម គឺត្រឹមយកចិត្តទុកដាក់ លើគុណភាពអាគារ និងការរៀបចំការរចនាម៉ូដនៃយូនីតឱ្យមានភាពទាក់ទាញ” ។
លោកបន្តថា “បច្ចុប្បន្ន នេះតម្រូវការជួលការិយាល័យ គឺមានការធ្លាក់ចុះបន្តិច ដោយសារតែបញ្ហាកូវីដ ហើយអត្រានៃការជួលការិយាល័យកម្រិត B មានច្រើនជាងកម្រិត A ហើយកម្រិត C ហាក់មានចំនួនតិចតួច ប៉ុន្តែបន្ទាប់ពីបញ្ហានៃជំងឺស្ងប់ស្ងាត់ ខ្ញុំជឿថា ការជួលកម្រិត A នឹងកើនឡើងខ្ពស់ជាក់ជាមិនខាន” ។
តាមរយៈរបាយការណ៍របស់ CBRE កាលពីពេលកន្លងទៅបានឱ្យដឹងថា តម្លៃជួលការិយាល័យ Grade B នៅតំបន់ពាណិជ្ជកម្ម ធ្លាក់ចុះ ៣,១ ភាគរយ ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ខណៈតម្លៃជួលការិយាល័យ Grade B នៅក្រៅតំបន់ពាណិជ្ជកម្មធ្លាក់ចុះ២,៩ ភាគរយ។
ផ្ទុយទៅវិញតម្លៃជួលការិយាល័យ Grade C នៅតំបន់ពាណិជ្ជកម្ម មានកើនឡើង ៨.០ភាគរយ នៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ហើយតម្លៃជួលការិយាល័យ Grade C នៅក្រៅតំបន់ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ៕
ប្រភព ៖ propertyarea.asia