សេដ្ឋកិច្ច​

អ្នកជំនាញ​អន្តរជាតិ៖ តំបន់​ចំនួន៤ នៅ​ទីក្រុង​ភ្នំពេញ​បង្ហាញ ​សក្តានុពល​ខ្លាំង​លើការវិនិយោគ ​អចលនទ្រព្

ភ្នំពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​អះអាងថា តំបន់​ចំនួន៤ កំពុង​បង្ហាញ​សក្តានុពល​ខ្លាំង សម្រាប់​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ ពិសេស​ខុន​ដូ។

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank Cambodia ត្រូវបាន​ដកស្រង់​សម្តី​ចេញពី​កាសែត​ចិន SCMP ដោយ​លោក​បាន​ថ្លែងថា វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​កំពុង​រីកចម្រើន ខណៈ​តំបន់សំខាន់ៗមួយចំនួន កំពុងមាន​សក្តានុពល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ទាក់ទាញ​វិនិយោគិន​ជាច្រើន។

លោក Wheble បាន​ថ្លែងថា តំបន់​រីកចម្រើនសំខាន់ៗនៅពេលនេះ រួមមាន ខណ្ឌទួលគោក និង​សែន​សុខ​នៅ​ភាគ​ខាងជើង និង​ពាយ័ព្យ​នៃ​ទីក្រុង មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ភាគខាងត្បូង​ទីក្រុង និង​តំបន់​ជ្រោយចង្វារ​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង។

លោក​បាន​បន្តថា “តំបន់​ទាំងនេះ​តំណាងឱ្យ​ចក្ខុវិស័យ កំណើន​រយៈពេល​មធ្យម និង​វែង​ល្អ​សម្រាប់​វិនិយោគ ប៉ុន្តែ​អ្នកវិនិយោគ​គួរតែ​ត្រៀមខ្លួន​ចាំ ក្នុង​ចន្លោះ​ពី៥ទៅ៧ ឆ្នាំ បន្ទាប់ពី​បញ្ចប់​គម្រោង” ។

វិនិយោគិន​គួរស្វែងយល់ ពី​ទីផ្សារ​គោលដៅ​វិនិយោគ​របស់ខ្លួន។ លោក Wheble ផ្តល់​ដំបូន្មាន​ឱ្យមាន​យុទ្ធសាស្ត្រ​ពិតប្រាកដ ដែល​គួរតែ​ត្រូវបាន​ពិភាក្សា​ជាមួយ​អ្នក​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​របស់​អ្នក។

លោក​បាន​មានប្រសាសន៍ថា “ការពិចារណាសំខាន់ៗ ក៏​នឹង​រួមបញ្ចូល​ការ​សង្ក​ត​មើល​ក្រុមហ៊ុន​អភិវឌ្ឍន៍ កំណត់ត្រា ហិរញ្ញវត្ថុ​បំរុង និង​អ្នកម៉ៅការ ក្នុងកំឡុងពេល​សាងសង់​ជាដើម” ។ លោក​បន្តថា “វិនិយោគិន​គួរ​ពិចារណា​លើ​ការប្រើប្រាស់​ដី​ជុំវិញ និង​ស្រាវជ្រាវ​អ្វី ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​នៅជាប់​នឹង​គម្រោង ព្រោះ​វា​អាច​ជះឥទ្ធិពល​លើ​ទេសភាព និង​ពន្លឺ​ធម្មជាតិ​អនាគត ដែល​ជះឥទ្ធិពល​ដល់​ការលក់ នៅពេល​ចង់​លក់​បន្ត” ។

ក្រុមហ៊ុន Knight Frank មើលឃើញ​ពី​ការកើនឡើង នៃ​ចំនួន​អ្នកវិនិយោគ​ពី​ហុងកុង ដែល​ឥឡូវនេះ​កំពុង​សម្លឹង មើល​ឱកាស​នៅ​កម្ពុជា​ទាំង​អាជីវកម្ម និង​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ខណៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ចូលមក​ប្រទេស​កម្ពុជា​ត្រូវបាន​គាំទ្រ​ដោយ​ការវិនិយោគ​ពី​ប្រទេស​ចិន។

ទោះបី​ការជួល​ក្នុង​វិស័យ​ខុន​ដូ លំដាប់​ប្រណីត​នៅ​ភ្នំពេញ​បាន​ធ្លាក់ចុះ២៥ ភាគរយ​ចាប់តាំងពី​ដើមឆ្នាំ២០១៧ ដោយសារ​ការផ្គត់ផ្គង់ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​លោក Wheble ជឿជាក់ថា កម្ពុជា​នៅតែ​ល្អ​សម្រាប់​វិនិយោគិន​បរទេស ក្នុងការ​ពិចារណា។

លោក​ថ្លែងថា “វា​ទាមទារ​ចំណេះដឹង​ទីផ្សារ និង​ការយល់ដឹង​ពី​តម្រូវការ​នាពេល​អនាគត។ ដើម្បីឱ្យ​ទីផ្សារ​មាន​និរន្តរភាព វា​ចាំបាច់​ត្រូវ​ជំរុញ​ដោយ​តំរូវការ​ក្នុងស្រុក ហើយ​វិនិយោគិន​គួរតែ​ផ្តោតលើ​គម្រោង ដែលមាន​តំលៃ​សមរម្យ​នៅ​កម្ពុជា” ៕ ប្រភព៖propertyarea

Most Popular

To Top