ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុងសម្រេច ដាក់ចេញផែនការប្រែក្លាយ ខេត្តកោះកុង ឱ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត និងសមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចេញផ្សាយនៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២០កន្លងមកនេះបានឱ្យដឹងថា បេសកកម្មនៃផែនការនេះ ជំរុញឱ្យមានការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានធម្មជាតិ និងជីវចម្រុះប្រកបដោយប្រសិទ្ធភាព និងសមធម៌ តាមរយៈការអនុវត្តកម្មវិធីគ្រប់គ្រងតំបន់ឆ្នេរ តាមបែបសមាហរណកម្ម ដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការការពារបរិស្ថាន និងមរតកវប្បធម៌របស់យើង។
យុទ្ធសាស្ត្រទី១ «ផ្សព្វផ្សាយ» មានគោលការណ៍៖ សាធារណជនគួរត្រូវបានផ្សព្វផ្សាយអំពីបញ្ហាទាក់ទង ទៅនឹងបរិស្ថានតំបន់ឆ្នេរនិសមុទ្រ ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្ត និងអភិវឌ្ឍន៍ផែនការគ្រប់គ្រងបរិស្ថាន។
យុទ្ធសាស្ត្រទី២ «ការពារ» មានគោលការណ៍៖ ធនធានធម្មជាតិ និងតំបន់វប្បធម៌សំខាន់ៗត្រូវបានការពារ និងអភិរក្សតាមរយៈយន្តការគ្រប់គ្រង និងផែនការជាក់លាក់ ពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ និងភាពជាដៃគូពីគ្រប់ភាគីពាក់ព័ន្ធ។
យុទ្ធសាស្ត្រទី៣ «កាត់បន្ថយ» មានគោលការណ៍៖ ការបំពុល និងសកម្មភាពមនុស្សដែលគំរាមកំហែង ដល់ប្រព័ន្ធទ្រទ្រង់ជីវចម្រុះនៃស្ថានប្រព័ន្ធ គួរត្រូវបានកាត់បន្ថយ តាមរយៈដំណើរការគ្រប់គ្រង និងរៀបចំផែនការ យន្តការដែលមានប្រសិទ្ធិភាព និងភាពជាដៃគូ។
យុទ្ធសាស្ត្រទី៤ «អភិវឌ្ឍ» មានគោលការណ៍៖ កាលានុវត្តភាពអភិវឌ្ឍន៍តំបន់ឆ្នេរ និងសមុទ្រ និងអនាគតនៃការប្រើប្រាស់ធនធាន គួរត្រូវបានរៀបចំផែនការ និងដាក់អនុវត្តដោយរក្សាសុខមាលភាពស្ថានប្រព័ន្ធ បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ ប្រើប្រាស់ មកលេងកំសាន្ត និងទាញយកអត្ថប្រយោជន៍ពីតំបន់ឆ្នេរ៕ប្រភព៖propertyarea.asia