សេដ្ឋកិច្ច​

ចិន​ក្លាយជា​ប្រទេស ​ដែលមាន​ព្រលានយន្តហោះ​ មាន​ផ្ទៃដី ​ធំជាងគេ​នៅលើ ​ពិភពលោក

ប៉េកាំងៈ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សេវា​ហោះហើរ​របស់​ប្រទេស និង​ជួយ​សម្រួល​ដល់​ជើងហោះហើរ នៅតាម​បណ្តារ​អាកាសយានដ្ឋាន​នានា​ក្នុងប្រទេស រដ្ឋាភិបាល​ចិន​បាន​ចំណាយ​ផ្ទៃដី​ជាង១លាន​ម៉ែត្រការ៉េ ក្នុងការ​សាងសង់​ព្រលាន​យន្តហោះ​លំដាប់​យក្ស​មួយ។

ព្រលានយន្តហោះ​ដែល​ចំណាយ​ផ្ទៃដី​ធំជាងគេ​បង្អស់​នេះ មាន​ឈ្មោះថា Beijing Daxing International Airport ដែល​ចំណាយ​ថវិកា​ប្រមាណ១១.៤ពាន់​លាន​ដុល្លារ​ក្នុងការ​សាងសង់ និង​ចំណាយ​រយៈពេល៥ឆ្នាំ​តែប៉ុណ្ណោះ។ គ្រាន់តែ​ស្ថានីយ៍​ទទួល​អ្នកដំណើរ​ចំណាយ​ផ្ទៃដី​រហូតដល់ ៧០០,០០០ម៉ែត្រការ៉េ និង​រំពឹងថា​អាច​ទទួល​អ្នកដំណើរ​ចាប់ពី ១២០លាន ទៅ ២០០លាន​នាក់​ក្នុង​មួយឆ្នាំ។

ក្រុមហ៊ុន​ដែល​ទទួល​គម្រោង​ធ្វើ​ប្លង់​មេ របស់​អាកាសយានដ្ឋាន​លំដាប់​ពិភពលោក​នេះ​គឺជា ក្រុមហ៊ុន NACO ដែលជា​ក្រុមហ៊ុន​ទទួល​រៀបចំ​ប្លង់ របស់​ព្រលានយន្តហោះ​កម្ពុជា​ផងដែរ គឺ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតក្នុង​ខេត្តកណ្តាល។

ព្រលានយន្តហោះ Beijing Daxing បាន​ចាប់​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខែធ្នូ ឆ្នាំ ២០១៤ និង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ២០១៩ ដែល​ខ្ទង់​ចំនាយបាន​ឡើង​រហូតដល់១៧ ពាន់​លាន​ដុល្លារ។ លុះដល់​ខែកញ្ញា ឆ្នាំ ២០១៩ ទើប​អនុញ្ញាត​ឱ្យមាន​ជើងហោះហើរ​ទៅមក និង​ចរាចរណ៍​ជា​ផ្លូវការ។

លក្ខណៈពិសេស​នៃ​ព្រលានយន្តហោះ​នេះ បាន​យកឈ្នះ​អាកាសយានដ្ឋាន​របស់​ប្រទេសយក្សៗចំនួន២ទៀត គឺ​ព្រលានយន្តហោះ King Fahd Dammam របស់​អារ៉ាប៊ីសាអ៊ូឌីត និង Denver International Airport របស់​សហរដ្ឋអាមេរិក។

រចនាបថ​របស់​ព្រលានយន្តហោះ​នេះ គឺ​យកតម្រាប់​ផ្កាយ​សមុទ្រ ដែល​អំណោយផល​ដល់​អ្នកធ្វើដំណើ​រ​មាន​ភាពងាយស្រួល ក្នុងការ​ចេញចូល​ព្រលាន​ពី​សន្តិសុខ ទៅកាន់​ច្រកចូល​ចំណាយពេល​ត្រឹមតែ៨នាទី​ប៉ុណ្ណោះ។

អ្វី​កាន់តែ​ពិសេស ក្រៅពី​ជា​ស្ថាបត្យកម្ម​ជួយ​ដល់​ប្រទេសជាតិ និង​ពិភពលោក ព្រលានយន្តហោះ Beijing Daxing ត្រូវបាន​ស្ថាបនា​ឡើង ក្នុង​គោលបំណង​ជួយ​បរិស្ថាន​ផងដែរ ដោយមាន​បំពាក់​បន្ទះ​សូ​ឡា​ជាច្រើន ទប់ទល់​កម្តៅ និង​ប្រព័ន្ធ​ទឹកស្អាត​ដែល​ធ្វើឱ្យ​ព្រលាន​នេះ​ជាប់​ឈ្មោះ​ជា Eco-friendliness airport ៕ប្រភព៖propertyarea.asia

Most Popular

To Top