សេដ្ឋកិច្ច​

ឯកអគ្គរដ្ឋទូត ទីម័រខាងកើត ៖ ខេត្តព្រះសីហនុ នឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបង្ហាញពីក្ដីសាទរនៃភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ហើយជឿជាក់ថាថា ខេត្តព្រះសីហនុនឹងបន្តមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលទៅថ្ងៃអនាគតនឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក Ermenegildo Kupa Lopes នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០នេះ ឱ្យដឹងថា ទន្ទឹមនឹងការរីកចំរើនរបស់ខេត្តព្រះសីហនុ ក៏មានបរទេសមួយចំនួនមិនសប្បាយចិត្ត និងបានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលចិនបានយកខេត្តព្រះសីហនុធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលការលើកឡើងទាំងនេះមិនមែនជាការពិតនោះឡើយ។ លោកបន្តថាទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើត គឺមានជាយូរមកហើយ ព្រោះប្រទេសទាំងពីរគឺមានសាវតាស្រដៀងគ្នា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើននាពេលបច្ចុប្បន្ននេះគឺក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។

លោកបន្តថា ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តមានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍។ល។ ខេត្តមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក។

លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា ទាំងអស់នេះហើយដែលធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាពឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនោះខេត្តក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែកំសាន្ត៕ ប្រភព៖propertyarea.asia

Most Popular

To Top