សេដ្ឋកិច្ច​

ហេតុអ្វីបានជាកត្តា ទីតាំងមានសារៈសំខាន់ខ្លាំង ក្នុងការវិនិយោគ អចលនទ្រព្យ?

ភ្នំពេញ ៖ ទីតាំង គឺជាអាទិភាពដែលភ្នាក់ងារ លក់អចលនទ្រព្យ ឬម្ចាស់អចលនវត្ថុ តែងតែលើកពីចំនុចសក្តានុពលទីតាំង ដើម្បីបញ្ចុះបញ្ចូលដល់អតិថិជន និងវិនិយោគិន។ តើមូលហេតុអ្វីបានជាទីតាំង មានសារៈសំខាន់ ក្នុងការវិនិយោគអចលនទ្រព្យ?

យោងតាមអ្នកជំនាញ អចលនទ្រព្យបានឱ្យដឹងថា វិនិយោគិន និងអ្នកជាវអចលនវត្ថុទាំងអស់ គប្បីស្រាវជ្រាវពីតំបន់ ឱ្យបានច្បាស់លាស់ មិនមែនសម្លឹងនិងស្វែង យល់ពីស្ថានភាពឬសក្តានុពលបច្ចុប្បន្ន របស់ទីតាំងនោះតែមួយមុខឡើយ ។ ដើម្បីទទួលបានទីតាំងវិនិយោគល្អ ត្រូវស្វែងយល់ពីអតីតកាល របស់ទីតាំង និងសក្តានុពលអភិវឌ្ឍ នាពេលអនាគតរបស់ទីតាំងនោះ។

លោក អ៉ិន សំណាង អ្នកជំនាញអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន Show Up Real Estate មានប្រសាសន៍ថា ហេតុផលដែលជម្រុញឱ្យកត្តាទីតាំងមានសារៈសំខាន់ ព្រោះទោះបីជាមានបញ្ហាសេដ្ឋកិច្ច ជាក់ស្តែងដូចជាវិបត្តិកូវីដស្រាប់ កាលណាអ្នកទិញចេះជ្រើសរើសទីតាំងល្អ គឺនៅតែលក់ចេញបាន ដោយមិនបារម្ភរឿងគ្មានទីផ្សារ។

លោកបន្ថែមថា តំបន់ក្រាំងធ្នង់ និងខណ្ឌសែនសុខផ្ទាល់ សុទ្ធតែជាទីតាំងដែលមានចរន្តទិញ-លក់ជាធម្មតា ដោយសារតែអ្នកទិញឬអ្នកវិនិយោគ ចេះជ្រើសរើសនិង សង្កេតពីសក្តានុពលរបស់វា។

ជាក់ស្តែង ដើម្បីដឹងថា ទីតាំងណាមួយជាកន្លែងល្អ សម្រាប់អ្នកក្នុងការបោះទុនវិនិយោគនៅទីនោះ គួរតែសម្លឹងមើលចំនុចសំខាន់ៗដូចជា តំបន់ពាណិជ្ជកម្មឬតំបន់ស្ថាប័ន។ អតិថិជនអាចប៉ាន់ប្រមាណ ពីបញ្ហាផ្ទាល់ខ្លួនជាមុន ថាតើតំបន់នោះនៅក្បែរ ឬអាចចំណាយពេលតិចសម្រាប់ធ្វើដំណើរ ទៅប្រកបការងារដែរឬទេ? អ្នកមិនអាចចំណាយពេលរហូតដល់ ១ម៉ោង ទើបធ្វើដំណើរដល់កន្លែងធ្វើការបានទេ។

ហេដ្ឋារចនាសម្ព័ន្ធជាចំនុចផ្គួបផ្សំ ព្រោះអតិថិជនមានសិទ្ធគ្រប់គ្រាន់ដឹង អំពីបម្រែបម្រួលដំណើរការអភិវឌ្ឍ តាមរយៈការសាកសួរភ្នាក់ងារលក់ តាមដានព័ត៌មាន និងស្រាវជ្រាវដំណឹងមកពីប្រភពផ្សេងៗ ។

យ៉ាងណាក៏ដោយ អ្នកទិញអចលនទ្រព្យត្រូវតែដឹងឱ្យច្បាស់ពីគោលបំណង និងអត្ថប្រយោជន៍របស់ទីតាំងវិនិយោគនោះ ចៀសវាងការខាតបង់ ព្រោះទីតាំងល្អពិត ប៉ុន្តែអាចមិនសាកសមសម្រាប់ស្ថានភាពបច្ចុប្បន្នរបស់អ្នក៕

​ប្រភព ៖ propertyarea

Most Popular

To Top