ភ្នំពេញៈ ទំនិញគ្មានការទាមទារ គឺជាទំនិញរក្សាទុកក្នុងទីកន្លែងសន្និធិគយប ណ្តោះអាសន្ន (ឃ្លាំង ឬទីលានបញ្ចេញទំនិញពីគយ) ឬក្នុងភណ្ឌាគារគយ មានដែនកំណត់ ដែលហួសរយៈពេលកំណត់ក្រោមបញ្ញត្តិនៃច្បាប់ស្តីពីគយ។
ទំនិញផ្ញើតាមប្រៃសណីយ៍ ដែលគម្យជនបដិសេធមិនទទួលយក ឬគម្យជនពុំត្រូវបានរកឃើញ និងមិនអាចបញ្ជូនទំនិញទៅអ្នកផ្ញើវិញបាន។ ទំនិញនិងមធ្យោបាយដឹកជញ្ជូនពុំជាប់អាយ័ត ដែលស្ថិតនៅក្នុងកន្លែងបញ្ចេញទំនិញពីគយ ហើយម្ចាស់បានបោះបង់ចោលជាលាយលក្ខណ៍អក្សរ។
យោងតាមច្បាប់ស្តីពីគយ និងអនុលោមតាមគោលការណ៍ សម្រេចរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្តោះអាសន្នដោយរដ្ឋបាលគយ ត្រូវមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរយៈពេលមិនលើសពី៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនតទៅ ។
ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួន មកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ និងពេលវេលាដូចបាន រៀបរាប់ខាងលើ និងអនុលោមតាមបញ្ញត្តិមាត្រា៥៤ និងមាត្រា៥៥ នៃច្បាប់ស្តីពីគយ យានយន្តនិងទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញ គ្មានការទាមទារ ហើយអគរ នឹងប្រកាសដាក់លក់ដោយដេញថ្លៃ ជាសាធារណៈ តាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ៕ប្រភព៖propertyarea