សេដ្ឋកិច្ច​

តើអចលនទ្រព្យ ប្រភេទណាខ្លះមិនជាប់ពន្ឋមូលធន ២០ភាគរយ?

ភ្នំពេញៈការចាប់ផ្តើមអនុវត្តន៍ប្រមូលពន្ឋមូលធន២០ភាគរយ នៃអចលនទ្រព្យបានធ្វើឲ្យមានប្រតិកម្មចម្រុះពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនាញក្នុងវិស័យនេះ ប៉ុន្តែនៅក្នុងដំណើរការនិតិវិធីនេះ អចលនទ្រព្យមួយចំនួនក៏មិនជាប់ពន្ឋមូលធន២០ភាគរយផងដែរ។

យ៉ាងណាក៏ដោយលោកកែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋាន​ពន្ធដារ​បានគូសបញ្ជាក់​នៅក្នុង​​កិច្ចសម្ភាសន៍​មួយ ដែលរៀបចំ​ដោយ​អគ្គនាយកដ្ឋានពន្ធដារ និងបាន​ផ្សាយ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​នៃស្ថាប័ននេះ ​បានបញ្ជាក់ឲ្យដឹងថា ​ពន្ធចំណេញ​មូលធន​ ២០ភាគរយ លើ​ការលក់​អចលនវត្ថុនឹង​ត្រូវប្រមូល​ តែក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុណា ដែលទទួល​បានប្រាក់​ចំណេញ​តែប៉ុណ្ណោះ ប៉ុន្តែបើ​ក្នុងករណី​ប្រតិបត្តិការ​លក់អចលនវត្ថុ​ណា ដែលមិន​ទទួល​បាន​ប្រាក់​ចំណេញនោះ នឹងមិន​ជាប់កាតព្វកិច្ច​ពន្ធ​នេះឡើយ។

លោកបញ្ជាក់ថា “រាជរដ្ឋាភិបាល​នឹងមាន​ការលើកលែង​ ចំពោះ​ការលក់​ ឬផ្ទេរទ្រព្យ​មួយ​ចំនួន​ ដូចជា ​ប្រភេទ​ទ្រព្យ​ដែលជាកម្មសិទ្ធិ​ស្ថាប័នរដ្ឋ ទ្រព្យ​កម្មសិទ្ធិ​បេសកកម្ម​ការទូត​បរទេស ឬកុងស៊ុល​បរទេស និងអង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​ប្រតិបត្តិការ​បច្ចេកទេស នៃរដ្ឋាភិបាល​ដទៃ”។លោកបន្តថា  “ការអនុវត្តនេះរួមជាមួយ​និវាសដ្ឋាន​ដែលជាគោល​ដើម​ របស់អ្នក​ជាប់ពន្ធ​ដែលបាន​កាន់កាប់ និងរស់​នៅ​រយៈពេល​៥ឆ្នាំ ​ក៏នឹង​ទទួលបាន​ការ​លើកលែង​ពន្ធ​នេះដែរ ប៉ុន្ដែលើកលែង​​តែសម្រាប់​ការលក់​អចលនវត្ថុ​ទីមួយ​ប៉ុណ្ណោះ មិនអាច​អនុវត្ត​ចំពោះ​ការលក់​អចលនវត្ថុទី២ឬទី៣​នោះទេ”។

​លោកកែន សម្បត្តិបាបបញ្ជាក់ផងដែរថា ការ​ផ្ទេរ​អចលនទ្រព្យ ​រវាង​សាច់ញាតិ​ដែលមានការ​លើកលែង​នៅក្នុង​ពន្ធ​ប្រថាប់ត្រា ក៏នឹង​ទទួលបាន​ការលើកលែង​លើពន្ធ​លើ​ចំណេញ​មូលធននេះផងដែរ។ ដូចជា ​ការទទួលសិទ្ធិ ឬសិទ្ធិ​កាន់កាប់​ពីសាច់​ញាតិ​រវាងឪពុក– ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាង​យាយ–តាបង្កើត និងចៅបង្កើត​ជាដើម។

ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារលោកគង់ វិបុលបានឲ្យដឹងផងដែរថា ការកំណត់​យក​អត្រាពន្ធ​ថេរ២០​ភាគរយ​ លើប្រាក់​ចំណេ​ញ​មូលធននេះ មិនមាន​ន័យថា រដ្ឋយក​ពន្ធ២០​ភាគរយ​ ពីប្រាក់​ចំណេញ​ទាំង​មូលនោះទេ ពោលគឺរដ្ឋ​យកតែ​២០ភាគរយ​ នៃតម្លៃអចលនទ្រព្យ​ដែលលក់បាននោះ​ប៉ុណ្ណោះ ដើម្បីយក​គណនា​គិត​ពន្ធ​២០ភាគរយ​ ដែល​បាន​កំណត់ក្នុងច្បាប់។

ឧទា​ហរណ៍ បើអ្នកលក់ផ្ទះ១ខ្នង​បាន​ក្នុងតម្លៃ១លាន​ដុល្លារ រដ្ឋ​នឹង​យក​តម្លៃ២០% នៃតម្លៃ​ផ្ទះនោះ មកគិតពន្ធ២០% ដែលបាន​កំណត់ ដូច្នេះបើអ្នកលក់ផ្ទះនោះបាន​ក្នុងតម្លៃ១លានដុល្លារ នោះ​អ្នកនឹងត្រូវបង់​ពន្ធ​ចំណេញ​មូលធននេះ៤ម៉ឺនដុល្លារ៕propertyarea.asia

Most Popular

To Top