សេដ្ឋកិច្ច​

ផ្លូវក្រវ៉ាត់ ក្រុងសៀមរាប ត្រូវបានជ្រើសរើស សាងសង់ជា ៤ គន្លង

ភ្នំពេញ៖តាមយោបល់និងរបាយការណ៍បណ្ដោះអាសន្នរបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានឱ្យដឹងថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមរាបមានបីជម្រើស ដោយក្នុងនោះគួរសាងសង់ជាផ្លូវមាន៤គន្លង ដើម្បីឆ្លើយតបទៅនឹងទំហំចរាចរណ៍និងកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។

លោក សូរ វិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិនិត្យលើរបាយការណ៍បណ្តោះអាសន្ន  នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ ឱ្យដឹងថាការជ្រើសរើសខ្សែផ្លូវនៃការសិក្សា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទីក្រុងសៀមរាប ស្ថិតក្នុងក្របខណ្ឌកម្ចីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។

លោកបន្តថា ការឯកភាពយកការសាងសង់ផ្លូវក្រវ៉ាត់ក្រុងជម្រើសទី១ (សាងសង់ជាផ្លូវមាន៤គន្លង ) ដោយហេតុថាជម្រើសនេះមិនប៉ះពាល់ដល់តំបន់អភិរក្សរបស់អជ្ញាធរអប្សរា អាជ្ញាធរទន្លេសាប និងមានផលប៉ះពាល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតិច ទោះបីជាផ្លូវវាងក្រុងជម្រើសទី១នេះឆ្ងាយពីទីក្រុងបន្តិចក្ដី។

ទោះជាយ៉ាងនេះក្ដី លោកបន្តថា ការជ្រើសរើសនេះ មិនមែនជាការសម្រេចចុងក្រោយឡើយ ដោយសារគម្រោងនេះត្រូវសិក្សាឱ្យបានលម្អិតបន្ថែមទៀត ដោយផ្ដោតជាសំខាន់ទៅលើផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់។

លោកបន្តថា នេះគឺជាកិច្ចប្រជុំថ្នាក់បច្ចេកទេសរៀបចំឡើង ក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអំពីលទ្ធផលនៃការសិក្សាលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប ក៏ដូចជាការប្រមូលធាតុចូលបន្ថែមទៀតពីភាគី និងស្ថាប័នពាក់ព័ន្ធ សំដៅឈានទៅធ្វើរបាយការណ៍បញ្ចប់នៃគម្រោងនេះ មុនពេលដាក់ជូនថ្នាក់ដឹកនាំសម្រេច។

លោករដ្ឋលេខាធិការក៏បានរំលឹកដែរថា ដោយឡែក សម្រាប់ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទាំង៣៨ខ្សែនៅក្នុងទីក្រុងសៀមរាប ទទួលបានគោលការណ៍ឯកភាព ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញនេះ ក្រោមការចំណាយថវិការបស់រដ្ឋចំនួន១៥០លានដុល្លារសម្រាប់ស្ដា ដើម្បីបង្កើនសោភ័ណភាព និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងស័ក្ដិសមជាតំបន់ទេសចរណ៍ប្រចាំប្រទេស៕ប្រភព៖propertyarea.asia

Most Popular

To Top