ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមពិភាក្សាដោះស្រាយ ផលប៉ះពាល់សំណង់មិនរៀបរយ នៅលើទីតាំងវិនិយោគ នៅផ្នែកមួយនៃភូមិកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ដើម្បីពន្លឿងការអភិវឌ្ឍន៍។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឱ្យដឹងថា នេះគឺជាកិច្ចប្រជុំដោះស្រាយដំបូង ដោយមានការចូលរួមពី តំណាងមកពីក្រសួងរៀបចំដី រដ្ឋបាលខេត្ត តំណាងក្រុងមហ៊ុនវិនិយោគ និងភាគីពាក់ព័ន្ធនានាធ្វើឱ្យយ៉ាងណាដោះស្រាយ សំណង់ដែលមិនរៀបរយនៅទីនោះ។
លោកបន្តថា ចំពោះលទ្ធផលបឋម ភាគីទាំងអស់បានសម្រេចចុះ ទៅប្រមូលទិន្នន័យប្រជាពលរដ្ឋ ដែលកំពុងរស់នៅជាក់ស្តែង នៅលើទីតាំងជាក់ស្តែង និងកំពុងអាស្រ័យផល ។
លោកបន្ថែមថា “ជាមួយគ្នានេះ ក៏នឹងចុះស្រាវជ្រាវចងក្រងឯកសារ បទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹង ការវិនិយោគរបស់ក្រុមហ៊ុន ឯកជននៅលើកោះរ៉ុងនេះ ហើយក៏នឹងដោះស្រាយ ផលប៉ះពាល់ទៅលើដីធ្លី ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋ មួយចំនួនទៀតផងដែរ” ។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពិភាក្សាដោះស្រាយ ផលប៉ះពាល់នៅលើទីតាំងវិនិយោគ នៅផ្នែកមួយនៃភូមិកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ មានការចូលរួមពី តំណាងក្រសួងជំនាញ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុផងដែរ ។
កោះរ៉ុងសន្លឹម គឺជាដែនកោះមួយដែល នៅមិនឆ្ងាយពីកោះរ៉ុងឡើយ ដោយកោះនេះ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្ននេះ បានឹងក្លាយជាគោលដៅទេសចរណ៍មួយ ដ៏ទាក់ទាញបំផុតនៅក្នុង ដែលសមុទ្ររបស់កម្ពុជា។
កោះរ៉ុងសន្លឹមមានចម្ងាយ ពីក្រុងព្រះសីហនុប្រវែង ៣៨ គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅចំនួន ៥ភូមិ ដែលភាគច្រើនប្រកបមុខរបរជានេសាទ និងមានផ្ទៃឌីទំហំ ប្រមាណ ៥០០០ ហិកតា និងមានឆ្នេរខ្សាច់លាតសន្ធឹងជាង ១គីឡូម៉ែត្រ ៕
ប្រភព៖ propertyarea