ភ្នំពេញៈនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ គម្រោងផ្សារទំនើបថ្មីៗ ជាច្រើនដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រឹមចុងឆ្នាំ២០២០នេះ ត្រូវបានគេមើលឃើញថា ត្រូវបានពន្យារពេលជាបន្តបន្ទាប់ក្រោមហេតុផលប្រឈមនឹង ការជាប់គាំងទីផ្សារនិងអាចជួប ហានិភ័យខ្ពស់។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនCBRE Cambodia លោកស្រីអានសុធីតាបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០កន្លងមកថាផ្សារទំនើបដែលមានដំណើរការនៅពេលនេះគឺជាផ្សារដែលបើកតាំងពីឆ្នាំចាស់ដោយឡែកសម្រាប់គម្រោងផ្សារទំនើបថ្មីៗមួយចំនួនធំដែលនឹងត្រូវដាក់ចូលទីផ្សារនៅត្រឹមចុងឆ្នាំ២០២០នេះត្រូវបានពន្យារពេល។
លោកស្រីបានបញ្ជាក់ថា “ចាប់តាំងពីដើមឆ្នាំ២០២០ គម្រោងថ្មីៗហាក់ត្រូវបានពន្យារពេលស្ទើរតែទាំងអស់ ដែលការពន្យាពេលនេះ ក៏ព្រោះតែអ្នកអភិវឌ្ឍន៍បានមើលឃើញពីភាពប្រឈមខ្ពស់ និងគ្មានអតិថិជនជួល”។ លោកស្រីបន្តថា “ផ្សារទំនើប គឺមានផែនការទីផ្សារខុសពីផ្នែកដទៃ ទៀតនៃវិស័យអចលនទ្រព្យ ខុសប្លែកពីទីផ្សារលំនៅដ្ឋាន ទីផ្សារខុនដូ ឬទីផ្សារការិយាល័យជួល ដែលអាចបើកដំណើរការគម្រោងមុនពេលមានកំណើនតម្រូវការបាន ប៉ុន្តែសម្រាប់ទីផ្សារទំនើប គឺយ៉ាងហោចណាស់ត្រូវមានអតិថិជននៅក្នុងដៃ៨០ភាគរយ ទើបអាចបើកដំណើរការគម្រោងបាន”។

ពាក់ព័ន្ធទៅនឹងការពន្យារពេល របស់គម្រោងផ្សារទំនើបមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងដូចជាគម្រោងផ្សារទំនើប Phnom Penh Mega Mall ជាដើម ត្រូវបានលោកស្រីបញ្ជាក់ប្រាប់ថា “ជាទូទៅគ្រប់ម្ចាស់គម្រោង និងអភិវឌ្ឍន៍ទាំងអស់ គ្មានអ្នកណាចង់ពន្យាពេលនោះទេ ពួកគេចង់ឱ្យគម្រោងរបស់គេមានដំណើរការ ប្រកបដោយភាពជោគជ័យ ដើម្បីអាចទទួលបានភាគលាភពីការវិនិយោគ ប៉ុន្តែបើគេមើលឃើញពីពីប្រឈមច្បាស់នៅចំពោះមុខ គេក៏មិនបង្ខំចេញដើរនោះដែរ”។
ទោះជាយ៉ាងណា លោកស្រី អាន សុធីតា បានបង្ហាញពីក្ដីរំពឹងថា ទីផ្សារទំនើបនៅកម្ពុជា នឹងអាចប្រែមកស្ថានភាពល្អប្រសើរឡើងវិញ នៅត្រឹមឆ្នាំក្រោយនេះ បន្ទាប់ពីបញ្ហានៃការគំរាមកំហែងជំងឺឆ្លងត្រូវបានបញ្ចប់ ខណៈដែលមានបណ្តាប្រទេសមួយចំនួនបានអះអាងថា បានរកឃើញ និងផលិតថ្នាំបង្ការ ឬវ៉ាក់សាំងរួចហើយនោះ ៕ប្រភព៖ propertyarea.asia
