សេដ្ឋកិច្ច​

វត្តមាន​សំណង់​អគារខ្ពស់ៗនៅ​កម្ពុជា​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យនាពេល​អនាគត

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា កំពុងមាន​វឌ្ឍនភាព​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ទោះបី​ជាមាន​វិបត្តិ ឬ​ផលប៉ះពាល់​រាតត្បាត​យ៉ាងណាក្តី។ សញ្ញា​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​នៅតែ​លោត​ឡើង ដោយសារ​វត្ត​មាននៃ​ការអភិវឌ្ឍ នូវ​គម្រោង​អគារខ្ពស់ៗទាំង​ក្នុង​ទីក្រុង និង​ជាយក្រុង​រាជធានី​ភ្នំពេញ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ​ទិព្វ សីហា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា វត្តមាន​សំណង់​អគារ​ខ្ពស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ន បាន​ចូល​រួច​ចំណែក​យ៉ាងសកម្ម​ពី​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា និង​សកម្មភាព​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ថ្ងៃ​ខាងមុខ​យ៉ាង​ប្រាកដ។ នេះ​ជា​ភស្តុតាង ដែល​ទាក់ទាញ​វិនិយោគិន​បរទេស ឱ្យ​កាន់​តែមាន​ទំនុកចិត្ត ចំពោះ​ស្ថេរភាព​សេដ្ឋកិច្ចកម្ពុជា​ផងដែរ។

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ​បានឱ្យដឹងថា គិត​ត្រឹម​ដើមខែ​កញ្ញា ឆ្នាំ២០២០នេះ ចំនួន​អគារខ្ពស់ៗកម្ពស់​ចាប់ពី៥ជាន់ឡើង បាន​កើន​រហូតដល់​ជិត១៥០០អាគារ នៅក្នុង១៤ខណ្ឌ ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ​អគារ​កម្ពស់​ចាប់ពី៥ជាន់ ដល់៩ជាន់ មាន​ចំនួន៨១៥អគារ ។ រីឯ​អគារ​កម្ពស់ ចាប់ពី១០ជាន់ ដល់១៩ជាន់ មាន៤០៦អគារ អគារ​កម្ពស់​ចាប់ពី២០ ដល់២៩ជាន់ មាន១០៧អគារ អគារ​កម្ពស់​ចាប់ពី៣០ដល់៣៩ជាន់ មាន​ចំនួន៥៩អគារ និង​អគារ​កម្ពស់​ចាប់ពី៤០ជាន់​ឡើងទៅ​មាន​ចំនួន៣៧អាគារ ។

ភាគច្រើន​សំណង់​អាគារ គឺជា​ការវិនិយោគ​ទៅលើ​គម្រោង​ខុន​ដូ អា​ផាត​មិន​ជួល មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​អគារ​ពហុ​បំណង​ជាដើម។

អ្នកជំនាញ​អចលនទ្រព្យ​លើ​វិស័យ​ខុន​ដូ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA លោក​ខន គង្គា បាន​ថ្លែងថា ទីផ្សារ​ខុន​ដូ​កំពុងមាន​កំណើន​គួរឱ្យកត់សម្គាល់ ហើយ​វា​បានចាប់ផ្តើម​មាន​សញ្ញា​វិជ្ជមាន​ចាប់តាំងពី​ត្រីមាស​ទី៣ បន្ត​រហូតមកដល់​ត្រីមាស​ទី៤ និង​ទៅ​អនាគត ដោយសារ​ទំនុកចិត្ត​ដែល​ម្ចាស់​គម្រោង​ផ្តល់ជូន​ទៅកាន់​អតិថិជន។

ទន្ទឹមនេះ​លោកស្រី អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ព្យាករណ៍​ថា សម្រាប់​ទីផ្សារ និង​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ នៅ​ចុងឆ្នាំ២០២០នេះ នឹងមាន​ភាពល្អប្រសើរ ហើយ​បន្ត​ទៅមុខទៀត​រហូតដល់​ដើមឆ្នាំ២០២១ខាងមុខ៕ប្រភព៖propertyarea.asia

Most Popular

To Top