ភ្នំពេញ៖ ឃុំចំនួន៤ក្នុងស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកាត់បញ្ចូលក្នុងទីក្រុងតាខ្មៅហើយ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជា ជំរុញផែនការអភិវឌ្ឍន៍ក្នុងទីក្រុងនេះ ឲ្យកាន់តែមានភាពប្រសើរឡើង។
លោកបណ្ឌិតវ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ឃុំចំនួន៤ នៃខេត្តកណ្តាល ត្រូវបានកាត់បញ្ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅហើយ ដែលឃុំទាំងនោះ មានដូចជា ឃុំរកាខ្ពស់ ឃុំសិត្បូរ៍ ឃុំកោះអន្លង់ចិន និងឃុំស្វាយរលំ។ ឃុំទាំងបួននេះមានផ្ទៃដី ជាង ៧០០០ហិកតា និងមានប្រជាជនរស់នៅរាប់ម៉ឺននាក់។
លោកបន្តថា “បច្ចុប្បន្នតម្លៃដីក្នុងឃុំទាំង៤ ដែលបានកាត់បញ្ចួលមកក្នុងរដ្ឋបាលក្រុងតាខ្មៅ បានហក់ឡើងយ៉ាងខ្ពស់ស្ទើរមិនគួរឲ្យជឿ ដែលកំណើននេះដោយសារការរីកចម្រើនផ្នែកនគរូបនីយកម្ម កត្តាប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម” ។
លោកបណ្ឌិតវ៉ាន់ វ៉ាតបានបន្តដោយរំលឹកថា ការកាត់បញ្ចូលឃុំទាំងនេះ ក្នុងក្រុងតាខ្មៅដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា ទី១ ដោយសារក្រុងតាខ្មៅមានទំហំតូច ធៀបជាមួយនឹងដែនដីឬទំហំខេត្តទាំងមូល ទី២ ជាការជំរុញគោលនយោបាយ និងបង្ខិតសេវាសាធារណៈដល់ប្រជា ពលរដ្ឋកាន់តែប្រសើរឡើង ទី៣ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងផ្តោតលើចក្ខុវិស័យអភិវឌ្ឍន៍ឲ្យបានកាន់តែល្អប្រសើរ។
ទី៤ ដោយសារទីក្រុងតាខ្មៅមានទំហំតូច ហេតុនេះទើបយើងពង្រីកឲ្យបានធំ ដើម្បីឆ្លើយតបនឹងកំនើនសេដ្ឋកិច្ចសង្គម ក៏ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានសមស្រប និងជំរុញការរៀបចំទីក្រុងថ្មីឲ្យបានល្អប្រសើរ និងទី៥ ជាតម្រូវការសំរាប់ការធ្វើសមាហរណកម្មអភិវឌ្ឍន៍ទីក្រុងបែបថ្មី និងទាន់សម័យ។
លោកបណ្ឌិតវ៉ាន់ វ៉ាត បានបន្តឲ្យដឹងថា តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់អភិបាលខេត្ត និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រោមការដឹកនាំរបស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ទើបឃុំទាំងបួនត្រូវបានដាក់បញ្ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅ ដើម្បីធ្វើយ៉ាងណាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការ រៀបចំហេដ្ឋារចនាសម្ព័ន្ឋសរាប់មូលដ្ឋានខាងលើ។
លោកបន្តថា បន្ទាប់ពីប្លង់គោលក្រុងតាខ្មៅ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញនិងក្រសួងកំពុងពន្លឿន ដើម្បីបញ្ចប់ការរៀបចំប្លង់គោលទីប្រជុំជនជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន និងកំពុងរៀបចំកសាងប្លង់គោលនៅតាមបណ្តាស្រុកនានា ក្នុងខេត្តកណ្តាលផងដែរ។
ខេត្តកណ្តាលមានស្រុកចំនួន១០ និងក្រុង១ និងមានប្រជាជនរស់នៅប្រមាណ១លាននាក់ ៕ប្រភព៖propertyarea