សេដ្ឋកិច្ច​

ការនាំ​ចេញពី​ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ស្វាយរៀង​សម្រេចបាន ​ទឹកប្រាក់ ៦៨០លាន​ដុល្លារ​ ក្នុង​រយៈពេល ៨ខែ

ភ្នំពេញៈ ការនាំចេញ​សរុប​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៤ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៦៨០លាន​ដុល្លារ ក្នុង​រយៈពេល៨ខែ​ដើមឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​ការ​ទិន្នន័យ​ចុងក្រោយ របស់​ក្រសួងពាណិជ្ជកម្ម។

ការនាំចេញ​របស់​កម្ពុ​ជា តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មូលដ្ឋាន​នៅក្នុង​ខេត្តស្វាយរៀង ក្នុង​ខែសីហា មាន​ទំហំ​ទឹកប្រាក់ ១២៧.៨៧លាន​ដុល្លារ កើនឡើង​ជាង ៥៧ លាន​ដុល្លារ បើ​ធៀប​នឹង​កក្កដា។

ផលិតផល​នាំចេញ​ភាគច្រើន​គឺ​សម្លៀកបំពាក់ កង់ ស្បែកជើង និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម ហើយ​ទំនិញ​ទាំងនេះ​ភាគច្រើន ត្រូវបាន​នាំចេញ​ទៅ​អឺរ៉ុប និង​អាមេរិក។

ស្វាយរៀង​គឺជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត ដែលមាន​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ ដោយ​បច្ចុប្បន្ន​មាន​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយ រំពឹងថា​នឹង​បើក​ដំណើរការ​នៅពេលឆាប់ៗ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍។

លោក​រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង​បានឱ្យដឹងថា កាលពី​សម័យមុន ខេត្តស្វាយរៀង ពុំ​ដែលមាន​តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ សហគ្រាស ដូច​បច្ចុប្បន្ននេះ​ទេ ទើបតែ​សម័យ​តេ​ជោ ក្រោម​ដំបូល​នៃ​ម្លប់​សុខសន្តិភាព បានធ្វើឱ្យ​ខេត្តស្វាយរៀង​មាន​រោងចក្រ សហគ្រាស​ជាច្រើន​កន្លែង រហូត​មាន​រោងចក្រ​ដំឡើងរថយន្ត នៅ​ក្រុង​បាវិត ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Intervior Automobile Industry Complex របស់​ក្រុមហ៊ុន Deahan Auto ។

លោក​បន្តថា បច្ចុប្បន្ននេះ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 ដែល​បាន​នឹង​កំពុង​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ បាន​នាំឱ្យមាន​ផលប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស​ប៉ះពាល់​ដល់​ការងារ​កម្មករនិយោជិត​មួយចំនួន ដោយសារ​រោងចក្រ​មួយចំនួន​បាន​ព្យួរការងារ។

លោក​បន្ថែមថា ខេត្តស្វាយរៀង មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ឯកជន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សុ​រប​ចំនួន ២១៦កន្លែង នៅ​ក្នុងនោះ​រោងចក្រ​សហគ្រាស​ចំ​មួន១១៣ កន្លែង បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ៨ម៉ឺន​នាក់ រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ៕ប្រភព៖propertyarea

Most Popular

To Top