ភ្នំពេញៈ ការរាតត្បាតជំងឺកូវីដ-១៩ បានបញ្ចេញកម្លាំងអង្រួនកន្ត្រាក់ បីយ៉ាងទៅលើតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ដែលជំងឺនេះបានបណ្តាលឲ្យមានបញ្ហាជាច្រើនរាប់មិនអស់នៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។
បញ្ហាដែលធនាគារពិភពលោកលើកឡើងរួមមាន ទីមួយ ការរាលដាលនៃជំងឺនេះតែម្តង ទីពីរ ផលប៉ះពាល់លើសេដ្ឋកិច្ច ពីសំណាក់វិធានការបិទខ្ទប់ការរាលដាលជំងឺ និងទីបី ឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ ដោយសារឱនភាពសេដ្ឋកិច្ចទូទាំងពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ដែលជាប្រភពនៃការផ្ទុះជំងឺកូវីដ-១៩ មកទល់ពេលនេះ មិនសូវរងសភាពធ្ងន់ធ្ងរខ្លាំងពីជំងឺនេះ ដូចតំបន់ដទៃទៀតលើពិភពលោកទេ។
ជម្រើសផ្នែកគោលនយោបាយ សម្រាប់បិទខ្ទប់ការរាលដាលជំងឺ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលដាក់ចេញនាពេលនេះ នឹងស្តែងឱ្យឃើញប្រសិទ្ធភាពរបស់ខ្លួនតាមរយៈថា តើវាមានឥទ្ធិពលកម្រិតណា ទៅលើការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងទៅលើកំណើនសេដ្ឋកិច្ចនាពេលអនាគត។
បណ្តារដ្ឋាភិបាល កំពុងប្រឈមស្ថានភាពលំបាកមួយ ដែលត្រូវខាតបង់អ្វីម្យ៉ាងដើម្បីបានអ្វីមួយមកវិញ។ ការចំណាយកាន់តែច្រើនសន្ធឹកសន្ធាប់ ទៅលើអន្តរាគមន៍សង្គ្រោះ ឬទៅលើផ្នែកទទួលទាន ដើម្បីទ្រទ្រង់ជំរុញសេដ្ឋកិច្ច អាចបណ្តាលឱ្យរដ្ឋាភិបាលដែលជាប់បំណុលកាន់តែលែងសូវមានសមត្ថភាព វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនិងកំណើនសេដ្ឋកិច្ចទៀត។
ម្យ៉ាងទៀតវិធីថា តើរដ្ឋាភិបាលនឹងបែងចែក បន្ទុកបំណុលសាធារណៈ ទៅឱ្យបុគ្គលនីមួយៗ ក្នុងរយៈពេលណាមួយនោះ ដូចជា តាមរយៈពន្ធដោយប្រយោល ពន្ធលើចំណូលនិងប្រាក់ចំណេញ អតិផរណា ឬការដាក់សម្ពាធហិរញ្ញវត្ថុ វានឹងមានសារៈសំខាន់ ទៅលើកំណើននិងការបែងចែកកំណើននៅថ្ងៃមុខ។
វិបត្តិនេះបានបង្ហាញឱ្យឃើញថា ការប្រកាន់យកទស្សនៈមួយ មានលក្ខណៈឌីណាមិក អាចនឹងជួយបណ្តារដ្ឋាភិបាល ក្នុងតំបន់ឱ្យធ្វើជម្រើសពេលនេះ តាមរបៀបមួយដែលនឹងមិននាំមកនូវការខាត់បង់ធ្ងន់ធ្ងរពេកនៅថ្ងៃក្រោយ នៅក្នុងវិស័យសំខាន់ចំនួន៧ដូចខាងក្រោមដូចជា
ទី១, ការកសាងសមត្ថភាព សម្រាប់ការបិទខ្ទប់កាន់តែវៃឆ្លាតជាងមុន រួមទាំងការធ្វើតេស្ត ការតាមរកប្រភព និងការដាក់ឱ្យនៅដាច់ដោយឡែកផង នឹងជួយខ្ទប់ការផ្ទុះជំងឺ ដោយគ្រាន់តែចាត់វិធានការលើគោលដៅជាក់លាក់ ហើយមិនបង្កភាពរអាក់រអួលខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមគ្នានោះ ការសហការអន្តរជាតិ ដើម្បីជំរុញដល់ការបង្កើតថ្នាំវ៉ាក់សាំង និងត្រៀមរៀបចំបែងចែកវាឱ្យបានស័ក្តិសិទ្ធ និងត្រឹមត្រូវយុត្តិធម៌ នឹងរួមចំណែកធ្វើឱ្យមានស្ថេរភាពសង្គម និងសម្រួលដល់ការរើបឡើងវិញរបស់សេដ្ឋកិច្ច។

ទី២ ការផ្តើមធ្វើកំណែទម្រង់សារពើពន្ធ អាចបង្កលទ្ធភាពដល់ការចំណាយច្រើនបន្តិចទៀត ទៅលើកិច្ចអន្តរាគមន៍សង្គ្រោះបន្ទាន់ ដោយមិននាំឱ្យមានការខាតបង់ដល់ផ្នែកវិនិយោគសាធារណៈ។ ឱនភាពសារពើពន្ធដ៏ធំ នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ត្រូវបានព្យាករណណ៍ថា នឹងធ្វើឱ្យបំណុលរដ្ឋាភិបាលកើនជាមធ្យម៧ភាគរយ នៃផ.ស.ស ក្នុងឆ្នាំ២០២។
បំណុលឯកជនដែលមានខ្ពស់ស្រាប់ហើយ កំពុងតែកើនឡើងថែមទៀត អាចបង្កហានិភ័យបែបប្រយោលបន្ថែមមួយទៀត សម្រាប់ស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។ ការរើបឡើងវិញ នៃសេដ្ឋកិច្ចអាចនឹងមានលក្ខណៈកាន់តែបរិយាប័ន្ន និងចីរភាព ប្រសិនបើមូលដ្ឋានពន្ធត្រូវបានពង្រីកបន្ថែម អមដោយការយកពន្ធកើន តាមប្រាក់ចំណូលនិងប្រាក់ចំណេញផង និងការកាត់បន្ថយការចាយវាយខ្ជះខ្ជាយ លើការឧបត្ថម្ភទុនទៅលើផ្នែកថាមពល ដែលករណីខ្លះមានជាង២ភាគរយនៃផ.ស.ស។
ទី៣, បណ្តារដ្ឋាភិបាលក្នុងតំបន់ចាំបាច់ ត្រូវរក្សាឱ្យបានកេរ្តិ៍ឈ្មោះ ដែលខ្លួនធ្លាប់រកបានយ៉ាងលំបាក ក្នុងនាមជាប្រទេសមានការប្រុងប្រយ័ត្នផ្នែកហិរញ្ញវត្ថុ នៅពេលដែលត្រូវប្រឈមនឹងតម្រូវការហិរញ្ញវត្ថុកាន់តែច្រើនឡើង។ ថ្វីដ្បិតតែរដ្ឋាភិបាល ក្នុងតំបន់មានឱនភាពហិរញ្ញវត្ថុមួយភាគធំ តែតាមរយៈការខ្ចីបុលក្នុងស្រុកក៏ដោយ បំណុលមួយចំនួនក៏បានបណ្តាលឱ្យធនាគារកណ្តាល ត្រូវចំណាយលើកការទិញសញ្ញាបណ្ណជាតិដែរ។
ការពឹងផ្អែកខ្លាំងពេកទៅលើប្រព័ន្ធធនាគារ ធ្វើជាបំពង់ខ្យល់ជំនួយបន្ថែម ក៏អាចបណ្តាលឱ្យមានហានិភ័យដែរ។ខណៈដែលគោលនយោបាយទាំងនេះ អាចជាភាពចាំបាច់នាពេលបច្ចុប្បន្ន ការប្តេជ្ញាចិត្តគួរឱ្យជឿជាក់បានណាមួយ ចំពោះតម្លាភាព និងការស្តារឡើងវិញឱ្យបានឆាប់រហ័ស នូវវិន័យផ្នែកហិរញ្ញវត្ថុ អាចនឹងជួយសម្រាលហានិភ័យបង្កអស្ថេរភាពបាន។
ទី៤, កិច្ចគាំពារសង្គមមានតួនាទីបីយ៉ាង៖ មួយ ក្នុងការសម្រាលផលប៉ះពាល់របស់វិបត្តិ, ពីរ ជួយកម្មករឱ្យចូលទៅរកការងារវិញ នៅពេលដែលសេដ្ឋកិច្ច តាមប្រទេសរើបឡើងវិញបណ្តើរ, និងបី ទប់ស្កាត់ផលអាក្រក់យូរអង្វែងទៅលើមូលធនមនុស្ស។ ការពង្រីកកិច្ចគាំពារសង្គម ទៅគ្របដណ្តប់លើជនក្រីក្រទាំងថ្មី ទាំងចាស់ អមដោយការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ផ្តល់សេវារបស់វាផង អាចនឹងធានាបានថាជំនួយនឹងទៅដល់ប្រជាជនពិតៗនៅពេលណាដែលគេត្រូវការវា។

ទី៥, ការរៀបចំយុទ្ធសាស្ត្រសម្រាប់ការបង្រៀនតាមវិធីវៃឆ្លាត ដើម្បីការពារសិស្សបុគ្គលិកសិក្សា គ្រូបង្រៀននិងគ្រួសាររបស់គេ – ពិធីការពាក់ព័ន្ធសុខភាពអនាម័យ ទម្លាប់រក្សាគម្លាតពីគ្នា, ការចូលរៀនឡើងវិញ – សុទ្ធតែជាវិធីដែលអាចទប់ស្កាត់ ការខាតបង់យូរអង្វែងនូវមូលធនមនុស្ស ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រ។
ទី៦, ការជួយដល់ក្រុមហ៊ុន គឺជាការចាំបាច់ ដើម្បីបញ្ចៀសការក្ស័យធន និងភាពអកម្ម។ រាល់ជំនួយត្រូវតែធ្វើយ៉ាងណាឱ្យឈរមូលដ្ឋាន លើលក្ខខណ្ឌវិនិច្ឆ័យបែបសត្យានុម័តតាមតែអាចធ្វើទៅបាន ដែលមិនគ្រាន់តែឆ្លុះបញ្ចាំង ពីផលការងារកន្លងមកឬស្ថានភាពលំបាកនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែត្រូវបង្ហាញឱ្យឃើញនូវសក្តានុពលរបស់ក្រុមហ៊ុនថាអាចនឹងប្រឹងលូតលាស់បាន នៅពេលអនាគតផងដែរ។ ដើម្បីចៀសវាងការ បន្លាយពេលផ្តល់ជំនួយយូរដោយមិនចាំបាច់ បណ្តារដ្ឋាភិបាលអាចបញ្ចប់វាជាដំណាក់កាលៗ ដោយភ្ជាប់វាទៅនឹងសូចនាករម៉ាក្រូសេដ្ឋកិច្ច បង្ហាញការរីកចម្រើននៅក្នុងដំណើរការរើបឡើងវិញ។
ទី៧ បណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ចាំបាច់ត្រូវតែធ្វើកំណែទម្រង់ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសក្នុងវិស័យសេវាកម្ម ដែលស្ថិតនៅក្រោមការការពារមាំទាំនៅឡើយមាន ដូចជា ផ្នែកហិរញ្ញវត្ថុ ដឹកជញ្ជូន និងទូរគមនាគមន៍ ជាដើម – ដើម្បីបង្កើនលទ្ធភាពផលិតរបស់ក្រុមហ៊ុន បញ្ចៀសសម្ពាធដើម្បីការពារវិស័យដទៃទៀត, និងដើម្បីបំពាក់ដល់មនុស្សនូវសមត្ថភាព សម្រាប់យកប្រៀបពីឱកាសឌីជីថល ដែលកំពុងមានសម្ទុះកាន់តែលឿនខ្លាំងឡើង ចាប់តាំងពីពេលផ្ទុះការរាលដាលជំងឺនេះ៕ប្រភព៖propertyarea
