សេដ្ឋកិច្ច​

តម្លៃអចលនទ្រព្យ នៅកណ្តាលរាជធានីភ្នំពេញ មិនមានការប្រែប្រួលនោះទេ

ភ្នំពេញ ៖ បើទោះបីជាកម្ពុជាកំពុងប្រឈម ទៅនឹងវិបត្តិជំងឺ Covid-19 រហូតមកដល់ពេលនេះយ៉ាងណាក្តី ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ នៅតែរក្សាបានភាពរឹងមាំ និងមិនមានការប្រែប្រួល ឬធ្លាក់ចុះនោះទេ។

លោកស្រី អាន សុធិតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន អន្តរជាតិ CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០នេះថា វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចនៅក្នុងពិភពលោក បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពីមានការផ្ទុះឡើយនូវជំងឺ Covid-19 ប៉ុន្តែសម្រាប់តម្លៃអលចនទ្រព្យនៅកណ្តាលក្រុងភ្នំពេញស្ថិតនៅថេរ។

លោកស្រីពន្យល់ថា “តម្លៃអចលនទ្រព្យកណ្តាលក្រុងភ្នំពេញ រហូតមកដល់ពេលនេះ គឺមិនមានការធ្លាក់ថ្លៃនោះទេ ពោលគឺតម្លៃនៅថេរនៅឡើយ ដោយសារមិនសូវមានប្រតិបត្តិការទិញ-លក់ពីអ្នកវិនិយោគក្រៅស្រុក ខណៈដែលលទីផ្សារអចលនទ្រព្យរបស់កម្ពុជាភាគច្រើនពឹងផ្អែកលើវិនិយោគិនចិន”។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបន្ថែមថា ប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 មានតែអ្នកវិនិយោគនៅក្នុងស្រុកទាំងអស់ ដែលមានតម្លៃក្រោម ១លានដុល្លារអាមេរិក ប៉ុណ្ណោះ ខណៈដែលវិនិយោគិនមកពីក្រៅស្រុក ជាពិសេសវិនិយោគិនមិនសូវមាននោះទេ ពោលគឺមិនអាចធ្វើដំណើរមកកម្ពុជាបានដោយព្រួយបារម្ភពីការឆ្លងនូវជំងឺ Covid-19 ។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃលអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ស្ថានភាពអលចនទ្រព្យនៅក្នុងកម្ពុជា បច្ចុប្បន្ននេះ មិនមានអ្វីប្រែប្រួលនោះទេ ខណៈប្រតិបត្តិការទិញលក់ នៅក្នុងស្រុកនៅតែមានធម្មតា តែមិនមានទំហំធំដូចពីមិនទាន់ មានការផ្ទុះឡើងនូវជំងឺ Covid-19 ។

លោកបន្តថា “ការដែលមានប្រតិបត្តិការទិញលក់ពីសំណាក់អ្នកវិនិយោគមកពីក្រៅស្រុក ដោយសារប្រទេសនីមួយៗ ក៏ដូចជាកម្ពុជា បានរឹតត្បិតការធ្វើដំណើរ របស់អ្នកនិយោគអន្តរជាតិ ដែលមានបំណងមកវិនិយោគ នៅក្នុង ប្រទេសកម្ពុជា តែយ៉ាណាតម្លៃអចលនទ្រព្យ នៅក្នុងប្រទសហាក់ មិនទាន់មានការការចុះថ្លៃផងដែរ”។

លោកបន្ថែមថា “ស្ថានភាពទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ទាមទារក្នុងរយៈពេលយូរបន្ថែមទៀត ទើបអាចមានស្ថានភាពដូចដើម ខណៈជំងឺ Covid-19 នៅក្នុងពិភពលោកស្ថិតនៅក្នុងភាពមិនប្រកដប្រជា”៕

ដោយ ៖ propertyarea

Most Popular

To Top