សេដ្ឋកិច្ច​

តើ​ទីផ្សារ​អាគារ​ ពាណិជ្ជកម្ម​​ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ស្ថានភាព ​បែបណា?

ភ្នំពេញៈ ទីផ្សារ​អគារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រហូតមក​ដល់ពេលនេះ នូវតែ​ទទួលរង​នូវ​ផលប៉ះពាល់ ពី​ការ​រាតត្បាត​ជាស​កល​ពី​ជំងឺ​កូ​វីដ១៩ ស្រប​ពេលដែល​វិបត្តិ​នេះ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា។

លោកស្រី​អាន សុ​ធិ​តា នាយិកា​ក្រុម​អន្តរជាតិ CBRE Cambodia បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា  ការសង​សង់​អគារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ផ្តោត​សំខាន់​លើ​ទីផ្សារ​អន្តរជាតិ  ដែល​សំដៅ​ដល់ទី​ផ្សារ​សម្រាប់​វិនិយោគិន​បរទេស ដែល​មករក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា តែដោយសារ​ការ​មានការ​ផ្ទុះឡើង​នូវ​វិបត្តិ​បានធ្វើឱ្យ​ទីផ្សារ​មួយ​នេះ​ធ្លាក់ចុះ។

លោកស្រី​ថ្លែងថា “កាលពីពេលថ្មីៗ នៅពេលដែល​ទទួលរង​នូវ​ផលប៉ះពាល់ ពី​កា​ររ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​ទីផ្សារ​អគារ​ពាណិជ្ជកម្ម ស្ថិតនៅក្នុង​សភាព​យឺត​បន្តិច ហើយ​ការសាងសង់​អគារ​ពាណិជ្ជកម្ម​ភាគច្រើន ផ្តោតលើ​ទីផ្សារ​អន្តរជាតិ  តែ​ដោ យ​សារ​មាន​បញ្ហា (ជំងឺ​កូ​វីដ១៩) បាន​ហាមឃាត់​វិនិយោគិន​ចូលមក​កម្ពុជា” ។

លោកស្រី​បញ្ជាក់ទៀតថា បើ​ធៀប​ទៅនឹង​ទីផ្សារ​អគារ​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ជាមួយនឹង​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន​គឺ​នៅមានកម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការវិនិយោគ​បន្ថែមទៀត តែ​យ៉ាងណា​បើ​ច្រើនពេក​វា​អាច​នឹងមាន​ការផ្គត់ផ្គង់​លើស​តម្រូវការ” ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ធ្លាប់បាន​ឱ្យដឹង​ដែរ​ថា  វិ​បិ​ត្ត​នៃ​ជំងឺ​កូ​វីដ-១៩ ជាស​កល បានធ្វើ​វិស័យ​ជាច្រើន​បាន​ធ្លាក់ចុះ ក្នុងនោះ​ក៏ រួមមាន វិស័យ​អចលនទ្រព្យ​មួយចំណែក​ផងដែរ ។ តែ​យ៉ាងណា​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​ងើប​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ១៩បាន ។

លោក​បន្តថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា ដោយសារ​ពួកគេ (អ្នក​ដែលមាន​បំណង​មក​វិនិយោគ) មិនអាច​ធ្វើដំណើរ មកកាន់​កម្ពុជា ហើយ​ត្រូវបាន​ផ្អាក តែ​យ៉ាងណា​សម្រាប់​អ្នកវិនិយោគ​នៅក្នុង​ស្រុក​នៅតែមាន​ធម្មតា ។

យោងតាម​ការព្យាករណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia បានបង្ហាញ​កាលពី​ខែ​មុ​នេះ​ថា ទីផ្សារ​ការិយាល័យ​សម្រាប់​ជួល នៅក្នុង​អគារ​ពាណិជ្ជ​កម្មបាន​ធ្លាក់ចុះ នៅ​ឆ្នាំ២០២០នេះ ស្រប​ពេលដែល​អត្រា​នៃ​ការជួល​ការិយាល័យ របស់​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ទ្រឹង ចាប់តាំងពី​ត្រីមាស​ទី១ឆ្នាំ២០២០មក​ម្លេះ។

ការព្យាករណ៍​នេះ បានលើកឡើង​ទៀតថា ចរន្ត​ទីផ្សារ​នៃ​ការជួល​អគារ​ពាណិជ្ជក​ម្ម​សម្រាប់​បម្រើ​ជា​ការិយាល័យ របស់​ក្រុមហ៊ុន​បានចាប់ផ្តើម​ធ្លាក់ចុះ ចាប់តាំងពី​ត្រីមាស​ទី២នៅ​ឆ្នាំនេះ ជាពិសេស​ចាប់តាំងពី​ខែឧសភា​ឆ្នាំ២០២០នេះ រហូតមកដល់​បច្ចុប្បន្ន​ផ្ទាល់​តែម្តង ហើយក៏​រំពឹងថា អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្តទៀត រហូតដល់​ដំណាច់ឆ្នាំ២០២០នេះ​ផងដែរ។

អគារ​ពាណិជ្ជកម្ម​គឺជា​អគារ ដែល​ត្រូវបាន​ប្រើ​សម្រាប់ គោលបំណង​ពាណិជ្ជកម្ម​រួម​អគារ​ការិយាល័យ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សណ្ឋាគារ ផ្សារ​ទំនើប ហាង​លក់រាយ អគារ​លំនៅដ្ឋាន អគារ​ពហុ​មុខងារ  ឃ្លាំង និង​យានដ្ឋាន​ជាដើម។ នៅក្នុង​ទីក្រុង អគារ​ពាណិជ្ជកម្ម​នវ ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​រួម​ផងដែរ ទាំង​ការិយាល័យ ផ្សារ​ទំនើប និង​កន្លែង​ហាក់​ប្រាណ ហើយ​ការវិនិយោគ​អគារ​ពាណិជ្ជ​កម្មនេះ ទទួលបាន​ចំណូល​ពី​ការជួល​ទៅឱ្យ​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ៕ប្រភព៖propertyarea

Most Popular

To Top