ភ្នំពេញៈ ឥទ្ធិពលនៃវិបត្តិ Covid-19 បានធ្វើឱ្យវិស័យអចលនទ្រព្យសកល បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំ ប៉ុន្តែវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានភាពធូរស្រាលជាងបណ្តាប្រទេសដទៃ ហើយនៅឆ្នាំ២០២១ខាងមុខនេះ អាចនឹងមានភាពកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ខណៈដែលសកម្មភាពទិញលក់ និងអភិវឌ្ឍក្នុងស្រុកនៅតែបន្តមានយ៉ាងមមាញឹក។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា សម្រាប់ការយល់ឃើញរបស់លោក នៅក្នុងឆ្នាំ ២០២១ វាហាក់ដូចជា មានភាពស្រពេចស្រពិលនៅឡើយ សម្រាប់ធ្វើការព្យាករណ៍ ដោយសារតែវ៉ាក់សាំងមិនទាន់ប្រាកដប្រជា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានសកម្មភាព ជាពិសេសអតិថិជនក្នុងស្រុកនៅតែបន្តទិញ-លក់ ប៉ុន្តែអាចនឹងមិនកម្រើកច្រើននោះទេ។
លោកបានថ្លែងថា “ធនាគារមួយចំនួននៅតែបន្តគាំទ្រផ្តល់កម្ចី ដល់វិស័យអចលនទ្រព្យ ដែលវាជារឿងល្អ និងអនុញ្ញាតឱ្យវិស័យនេះនៅតែមានដង្ហើម បើទោះជាកម្ពុជាជួបឧបសគ្គយ៉ាងណាក៏ដោយ” ។ លោកបន្តថា “ដើម្បីឱ្យកិច្ចការងារលើវិស័យអចលនទ្រព្យដំណើរការ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល វិស័យធនាគារ និងតម្រូវការក្នុងស្រុក គឺជាកត្តាសំខាន់ជួយជម្រុញ ឱ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើននាពេលអនាគត” ។
លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានបង្ហាញពីការព្យាករណ៍មកកាន់គេហទំព័រ Property Area Asia ជាមួយនឹងក្ដីរំពឹងថា វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២១ អាចនឹងមានសន្ទុះជាងឆ្នាំ២០២០នេះ។
លោកបានបញ្ជាក់ថា “ប្រសិនបើវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ត្រូវបានរកឃើញជាស្ថាពរ និងលុបបំបាត់ការរាត់ត្បាតជាសកលបាន ខ្ញុំជឿជាក់ថា តាមរយៈរាជរដ្ឋាភិបាល អាចនឹងទាក់ទាញវិនិយោគិនពីក្រៅស្រុក ឱ្យចូលមកក្នុងប្រទេសកម្ពុជាបានច្រើនជាងនេះ” ។ លោកបន្តថា “វិស័យអចលនទ្រព្យនឹងកាន់តែក្តៅគគុកល្អជាងនេះ។ ខ្ញុំជឿជាក់១០០ភាគរយថា នៅពេលវិនិយោគិនចិន និងបណ្តាប្រទេសផ្សេងៗទៀតចូលមកទីផ្សារកម្ពុជាសាជាថ្មី ចលនានៃការទិញ-លក់អចលនទ្រព្យនឹងកក្រើកឡើងវិញ” ។
ដោយឡែក នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហួរ បានលើកឡើងថា សម្រាប់វិស័យអចលនទ្រព្យឆ្នាំ២០២១ បើសិនជាជំងឺរាតត្បាតផុតរលត់ អ្វីៗវានឹងងើបមកប្រសើរឡើងវិញ តែបើសិនជាវានៅមានចំហាយ ហើយអូសបន្លាយទៀត ស្ថានភាពនឹងមិនខុសគ្នាពីឆ្នាំ២០២០នេះឡើយ។
លោកស្រីបញ្ជាក់ថា “បើវាមិនផុតទៅទេ នោះស្ថានភាពនឹងកាន់តែពិបាកខ្លាំង តែយ៉ាងណាមិនធ្ងន់ធ្ងរ និងប៉ះពាល់គ្រប់មុខដូចសង្គ្រាមលោកនោះទេ តែបើជំងឺនេះវាជាហើយ គ្រប់យ៉ាងនឹងត្រឡប់មករកសភាពធម្មតាជាក់ជាមិនខាន” ៕ប្រភព៖propertyarea