ភ្នំពេញៈគំរោងតារាសាគរ ក្នុងខេត្តកោះកុង ដែលកំពុងបំពេញតម្លៃឲ្យខេត្ត ដាច់ស្រយាលនេះ កំពុងដំណើរការយ៉ាងសកម្ម ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សា លើផែនការអភិវឌ្ឍន៍ដំណាក់កាលទី២។
ជាមួយគ្នានេះព្រលានយន្តហោះ លំដាប់អន្តរជាតិនៃគម្រោងដ៏ធំនេះ ក៏បាននិងកំពុងដំណើរការនិងត្រៀមបញ្ចប់នៅពេលឆាប់ៗខាងមុខនេះផងដែរ ពិសេសកំពង់ផែទឹកជ្ រៅក៏បាននិងកំពុងឈានទៅបញ្ចប់ការស្ថាបនានាពេលខាងមុខ។
ការកសាងកំពង់ផែទឹកជ្រៅព្រលាន យន្តហោះអន្តរជាតិបានធ្វើឡើងដើម្បី គាំទ្រដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ឋ ឆ្ពោះទៅតំបន់នេះ ពិសេសការស្ថាបនាផ្លុវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ភ្ជាប់ទៅកាន់ខេត្តកោះកុង។
ជាមួយគ្នានេះប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសពីការពង្រីក និងលើកកំពស់ផ្លូវជាតិលេខ៤៨ ដែលចេញពីស្រុកស្រែអំបិលឆ្ពោះទៅកាន់ខេត្តកោះកុងជា ពីរគន្លងរថយន្តទៅមកផងដែរ។
ប្រធានក្រុមហ៊ុនសាងសង់ដ៏ធំមួយ ប្រចាំកម្ពុជាបានថ្លែងឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថាបច្ចុប្បន្នក្រុមហ៊ុនរបស់លោក បាននិងកំពុងសិក្សាលើ ផែនការមេដើម្បីអភិវឌ្ឍន៍គំរោងតារាសាគរក្នុងខេត្តកោះកុង នៅក្នុងដំណាក់កាលទី២ផងដែរ។
លោកបន្តថា “គំរោងនេះមានការចូលរួម ពីក្រុមហ៊ុនដ៏ធំមួយ មកពីទីក្រុងហុងកុង ដែលផែនការអភិវឌ្ឍន៍តំបន់នេះ នឹងប្រែក្លាយខេត្តកោះកុង ជាតំបន់វិស្សមកាលធំ ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍”។លោកបន្តថា “បន្ទាប់ពីរងទ័ណ្ឌកម្មពីអាមេរិក ក្រុមហ៊ុននេះបានប្តូរឈ្មោះ ហើយពួកគេមានទុនគ្រប់គ្រាន់ ដើម្បីពង្រីកផែនការអភិវឌ្ឍន៍ តាមចក្ខុវិស័យរបស់ពួកគេ”។
ក្រុមហ៊ុន Tienjing Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាជាង ៤០,០០០ហិកតា ដែលគ្របដណ្តប់ស្រុកតារាសាគរ បុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង។ គំរោងនេះបានប្រកាស ទុនវិនិយោគលើកដំបូងតម្លៃ ៤០០០លានដុល្លារអាមេរិក៕
ប្រភព៖ propertyarea