ភ្នំពេញៈ តម្លៃដីមិនមែនកើតមានគ្រប់ទីកន្លែងនោះទេ ទោះបីសេដ្ឋកិច្ចរីកចម្រើនក៏ដោយ ប៉ុន្តែវាឡើងថ្លៃលឿន ឬយឺតអាស្រ័យលើកត្តាសំខាន់ៗ មួយចំនួន ដែលអ្នកវិភាគលើទិដ្ឋភាពអចលនទ្រព្យបង្ហាញជាចំណេះដឹងដល់លោកអ្នក។
កត្តាសុខសន្តិភាព
មានសុខាសន្តិភាព ទើបមានការអភិវឌ្ឍ នេះជាកត្តាសមហេតុផលបំផុត ប៉ុន្តែកំឡុងសន្តិភាព ទាមទារឲ្យរដ្ឋាភិបាលមានគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ ទើបអាចធ្វើឲ្យដីឡើងថ្លៃ ដែលអាចទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសចូលរួមវិនិយោគ អភិវឌ្ឍន៍គម្រោងនានា ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ។
កត្តាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គមនេះហើយ ជាមូលដ្ឋានរ៉ឹងមាំសំរាប់ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិបញ្ចេញលុយ និងចូលមកវិនិយោគនៅប្រទេសណាមួយ។
កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ
ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាផ្នែកដ៏សំខាន់មួយ ដែលទាក់ទាញការវិនិយោគ ទាំងអ្នកវិនិយោគជាតិ អន្តរជាតិចូលមកម្ពុជា ពិសេសក្រុមហ៊ុនធំៗពីក្រៅប្រទេសចូលមក ព្រោះក្រុមហ៊ុននានាធ្វើអាជីវកម្ម ពួកគេតែងតែស្វែងរកប្រាក់ចំណេញ ប៉ុន្តែបើប្រទេសនោះក្រីក្រ ពួកគេនឹងមិនទៅវិនិយោគនោះទេ ដោយសារអំណាចនៃការទិញរបស់ប្រជាជនក្នុងប្រទេសនោះមិនកើនឡើង។
ជាក់ស្តែងដូចក្រុមហ៊ុន AEON MALL Group មុនពួកគេសម្រេចចិត្តបើកផ្សារទី១ ពួកគេបានមកសិក្សា និងតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គមកម្ពុជារយៈពេលជាង១០ឆ្នាំ ទើបពួកគេសម្រេចចិត្តបើកផ្សារទំនើបនេះ ហើយពេលពួកគេសម្រេចចិត្តនោះ ដោយសារពួកគេមើលឃើញថា ជីវភាពប្រជាជនកម្ពុជាបានល្អប្រសើរ ប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ការរីកចម្រើនសេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនលឿន ដោយសម្រេចបានកំនើន ក្នុងរង្វង់ជាង៧ភាគរយរយៈពេលជាងពីរទសវត្សរ៍ ដែលធ្វើឲ្យកម្ពុជាជាប់ជាប្រទេស១ ក្នុងចំណោមប្រទេសចំនូន១០លើពិភពលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ។
ការរីកចម្រើនសេដ្ឋកិច្ច គួបផ្សំនឹងកត្តាសុខសន្តិភាព ដែលបានលើកឡើងខាងលើនេះហើយ ដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនលឿន និងទាក់ទាញបានលំហូរវិនិយោគផ្ទាល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
ការរីកចម្រើនសេដ្ឋកិច្ចនេះហើយ ដែលបានធ្វើឲ្យតម្លៃដីធ្លីកើនឡើងស្ទើរគ្រប់កន្លែង តម្លៃដីធ្លីហក់ឡើងមិនធ្លាប់មាន ទីតាំងធ្លាបើ់ជាវាលស្រែ បឹង បានក្លាយជាបុរីលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។
កត្តាហេដ្ឋារចនាសម្ព័ន្ឋ
ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ រដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ឋទៅគ្រប់ទីកន្លែងនៅស្ទើរទូទាំងប្រទេស។ ជាលទ្ឋផល យើងសង្កេតឃើញថា នៅពេលរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ណាមួយ ដីធ្លីតែងតែឡើងថ្លៃនៅតំបន់នោះ ហើយសកម្មភាពសេដ្ឋកិច្ចបានរីកចម្រើននៅតំបន់នោះ។
ជាក់ស្តែងដួចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ទី៤ និងផ្លូវជាតិនានា នៅពេលស្ថាបនាពង្រីករួច តម្លៃដីបានហក់ឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាជននៅមូលដ្ឋានបានទទួលផលនិងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។
កត្តាប្រជាសាស្រ្តនិងនគរូបនីយកម្ម
យ៉ាងណាក៏ដោយ តម្លៃដីធ្លី នឹងមិនកើនឡើងនៅតំបន់វាលរហោស្ថាន និងបឹងល្វឹងល្វើយ ដែលគ្មានមនុស្សរស់នៅឡើយ។
ប៉ុន្តែផ្ទុយទៅវិញ ដីធ្លីតែងតែមានតម្លៃនិងឡើងថ្លៃខ្ពស់ នៅតំបន់មានមនុស្សរស់នៅច្រើន ព្រោះកន្លែងណាមានមនុស្សរស់នៅច្រើន ជាកន្លែងដែលមានសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឲកយចរន្តសាច់ប្រាក់រសរវើក។
កត្តាមនុស្ស ឬកត្តាប្រជាសាស្រ្ត និងនគរូបនីយកម្មតែងតែដើរទន្ទឹមគ្នា ព្រោះកត្តាទាំងពីរនេះតែងតែគាំទ្រ និងពឹងពាក់គ្នាទៅវិញទៅមក។ នៅពេលមានមនុស្សរស់នៅ នគរូបនីយកម្មនឹងរីកចម្រើន៕ប្រភព៖propertyarea