សេដ្ឋកិច្ច​

ខេត្តកោះកុង នឹងស្វាគមន៍ គម្រោងអភិវឌ្ឍន៍ មណ្ឌលកម្សាន្ត ចំនួន ៧ទៀត

កោះកុងៈ ខេត្តកោះកុងទទូលបានគម្រោងវិនិយោគ និងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៧ទៀត ដែលគំរោងនោះស្ថិតនៅស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមាបន្ថែមពីលើគម្រោងធំៗ ដែលមានស្រាប់ និងកំពុងដំណើរការអភិវឌ្ឍ។

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា ទីតាំងស្នើសុំវិនិយោគ និងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៧គម្រោងខាងលើនេះ គឺស្ថិតនៅក្នុងស្រុកចំនួន២ ដែលជាដែនគ្រប់​គ្រងតំបន់ធម្មជាតិ។

លោកបានបន្តថា “បច្ចុប្បន្ន ក្រៅពីគម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនអន្តរជាតិ ក៏មានវត្តមានរបសក្រុមហ៊ុនក្នុងស្រុកចូលមកវិនិយោគ និងរួមគ្នាអភិវឌ្ឍន៍នៅក្នុងខេត្តកោះកុងផងដែរ”។លោកបន្តថា ក្នុងចំណោមគំរោងទាំងនោះ មានវិនិយោគបង្កើតតំបន់ទេសចរណ៍កម្សាន្តគឺមានច្រើនគម្រោង រួមមានទាំងនៅដែនដីគោក និងដីកោះជាច្រើនទៀតបន្ថែមពីលើគម្រោងដែលមានស្រាប់”។

លោកថា ពាក់ព័ន្ធទៅនឹងគម្រោងស្នើសុំវិនិយោគ និងអភិវឌ្ឍន៍តំបន់កម្សាន្តទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស១០ហិកតា) គឺមិនមានជាប់ពាក់ព័ន្ធទៅនឹងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋនោះទេ ព្រោះតំបន់ដែលក្រុមហ៊ុនស្នើសុំនេះស្ថិតនៅក្នុងតំបន់ការពារ ក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយប្រសិនបើមានគឺមានតែចំពោះប្រជាពលរដ្ឋ ដែលទន្ទ្រានដីព្រៃក្នុងតំបន់ហាមឃាត់តែប៉ុណ្ណោះ។

ស្រុកបុទុមសាគរ ខេត្តកោះកុង មានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗសរុបតម្លៃរាប់ពាន់លានដុល្លារ ដូចជា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន UNION Development Co.,Ltd គម្រោងសាងសង់ព្រលានយន្តហោះ គម្រោងបង្កើតរោងចក្រអគ្គិសនីកម្លាំង៧០០មេហ្គាវាត់ និងគម្រងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែ​លមានតម្លៃសរុបជាង១០០០លានដុល្លារ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យ​សំណ​ង់ផងដែរ៕ប្រភព៖propertyarea

Most Popular

To Top