ភ្នំពេញ ពីមុនការធ្វើដំណើរទៅកាន់បណ្តាខេត្តភូមិភាគឦសាន្ត ត្រូវចំណាយពេលលើសពីមួយថ្ងៃ ប៉ុន្តែពេលនេះហេដ្ឋារចនាសម្ព័ន្ឋនានា ត្រូវបានតភ្ជាប់បាននិងកំពុងរៀបចំដោយរដ្ឋាភិលបាល លើវិស័យដឹកជញ្ជូនផ្លូវអាកាស ដែលនឹងជំរុញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច និងភ្ញៀវទេសចរណ៍ទៅទស្សនាតំបន់ទាំងនោះកាន់តែច្រើននាពេលអនាគត។
លោកអ៊ិន ភីរុណ ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃពេលថ្មីៗនេះថា តំលៃអចលនទ្រព្យនៅមណ្ឌលគិរី ចាប់ផ្តើមឡើងថ្លៃ ដោយសារផែនការសាងសង់ ព្រលានយន្តហោះរបស់រដ្ឋាភិបាល ពិសេសក្រសួងទេសចរណ៍ ដែលគ្រោងរៀបចំខេត្តនេះជាតំបន់ទេសចរណ៍លំហែរ និងផ្គត់ផ្គង់បន្លែ ផ្កាដល់មូលដ្ឋានទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោកបន្តថា “នៅពេលលេចលឺពីគំរោង សាងសង់ព្រលានយន្តហោះបែបនេះ អ្នកវិនិយោគក្នុងស្រុកកាន់តែច្រើនកំពុងសំរុកទៅស្វែងរកទិញដីនៅទីនោះ” ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា ក្រសួងទេសចរណ៍កំពុងសិក្សា Master Plan ដែលគ្រោងចំណាយពេល៦ខែ ដើម្បីសិក្សាលទ្ឋភាពដាំដំណាំបន្លែ បង្កា ផ្កានានាសំរាប់ផ្គត់ផ្គង់និងទាក់ទាញទេសចរណ៍។លោកបន្តថា ដើម្បីសម្រេចបាននូវការងារនេះ យើងត្រូវសាងសង់ព្រលានយន្តហោះក្នុងស្រុកមុនគេនៅ ខេត្តមណ្ឌលគិរី ដើម្បីដឹកជញ្ជូនបន្លែបង្ការផ្គត់ផ្គង់ទីផ្សារទេសចរណ៍ ក្នុងស្រុក និងនាំភ្ញៀវទេសចរណ៍ទៅទស្សនាតំបន់នោះ។
លោកបន្តថា “វាជាផែនការរបស់រដ្ឋាភិបាល ដើម្បីជំរុញកំនើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយការលេចធ្លាយ សេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ ព្រោះបើយើងធ្វើបានកម្ពុជាចំណេញច្រើនណាស់” ។
ចំណែកប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរីលោកគង់ វិមានបានថ្លែងថា រហូតមកទល់ពេលនេះ ខេត្តមណ្ឌលគិរីមិនទាន់មានសំណង់ផ្ទះល្វែង ឬបុរីនៅឡើយទេ ប៉ុន្តែមានសណ្ឋាគារ និងផ្ទះសំណាក់ចំនួនជាង ១០០០បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
លោកបន្តថា “ខេត្តមណ្ឌលគិរី មានប្រជាជនរស់នៅជាង៨ម៉ឺននាក់ និងនៅក្រុងសែនមនោរម្យ ដែលជាទីក្រុងរបស់ខេត្តនេះមានមនុស្សរស់នៅជាង ២ម៉ឺននាក់” ។
អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាង បានថ្លែងឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ មិនទាន់មានអ្នកវិនិយោគរូបណា មកវិនិយោគសំណង់ផ្ទះល្វែងឬបុរីនៅក្នុងខេត្តនេះ ដោយសារមិនមានការចូលមកវិនិយោគពីក្រុមហ៊ុនឯកជន ប៉ុន្តែប្រសិនជាមានក្រុមហ៊ុនឯកជនចូលមកវិនិយោគអា ជ្ញាធរខេត្តនឹងសហការគ្នាថាធ្វើក្នុងរូបភាពបែបណា ព្រោះខេត្តកំពុងសាងសង់ផ្សារថ្មីមួយក្នុងខេត្ត ហើយក្នុងគំរោងនេះ ក៏មានការសាងសង់ផ្ទះល្វែងលក់ផងដែរ ប៉ុន្តែក្នុងរូបភាពតូចប៉ុណ្ណោះ។
ខេត្តរតនៈគិរី ក៏ស្ថិតក្នុងផែនការកសាងព្រលានយន្តហោះមួយដូច គ្នានឹងខេត្តស្ទឹងត្រែងផងដែរ។
លោកង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគិរីបានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនតាយ សេងកំពុងសាងសង់ចំណតរថយន្ត និងផ្ទះល្វែង ព្រមទាំងពុះដីឡូត៍លក់នៅក្នុងខេត្ត ហើយក្រុមហ៊ុនលឹម ប៊ុណ្ណាក៏បានសាងសង់ផ្ទះល្វែងលក់ផងដែរ។លោកបន្តថា ផ្ទះល្វែងក្នុងទីក្រុងនេះ បានដាក់លក់ក្នុងតំលៃចន្លោះពី៥ទៅ៦ម៉ឺនដុល្លារក្នុងមួយល្វែង ហើយមានប្រជាពលរដ្ឋទិញដូរជាហូរហែរផងដែរ។
ខេត្តរតនៈគិរី មានប្រជាពលរដ្ឋរស់នៅជាង ១៨ម៉ឺននាក់ និងក្រុងបានលុងមានប្រជាពលរដ្ឋរស់នៅប្រមាណ ៣០,០០០នាក់ និងមានសណ្ឋាគារសរុបចំនួន១៤ ផ្ទះសំណាក់ចំនួន៣៣ និងមានបន្ទប់សរុបប្រមាណ ១០០០បន្ទប់។
លោកង៉ែត ពិទូបានបន្តថា “តំលៃអចលនទ្រព្យក្នុងខេត្តមិនហក់ឡើងនោះទេ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែដីរដ្ឋកំណត់ដើម្បីបង់ពន្ឋមានតំលៃ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េសំរាប់ដីជុំវិញផ្សារ ប៉ុន្តែទិញដូរតំលៃជាក់ស្តែងមានខ្ពស់ជាងនេះ” ។
ដីធ្លីក្នុងក្រុងបានលុង ខេត្តរតនគិរីតំលៃដីមានចន្លោះពី២៥០ ទៅ៣០០ដុល្លារនិងតំបន់ផ្សារឬតំបន់ពាណិជ្ជកម្ម ក្នុងខេត្តមានតំលៃចន្លោះពី៥០០ ទៅ ៨០០ដុល្លារនិងតំបន់លំនៅដ្ឋានក្នុងក្រុងមានតំលៃចន្លោះពី៤០ ទៅ ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកស្រីចេវ សុឃុននាយិកកាក្រុមហ៊ុន KAT Appraisal បានមានប្រសាសន៍ថា តម្លៃដីធ្លីនៅខេត្តរតនៈគិរី និងមណ្ឌលគិរីក្នុងមួយរយៈចុងក្រោយនេះ មានការដោះដូរច្រើន ពិសេសខេត្តមណ្ឌលគិរី ដោយសារមានការវិនិយោគច្រើនលើរមនីយដ្ឋានទេសចរ ណ៍ពីអ្នកវិនិយោគក្នុងស្រុក។ លោកស្រីបន្តថា ចំណែកដីធ្លីនៅខេត្តរតនៈគិរីមានការកើនឡើងនូវការទិញលក់ផងដែរ និងតម្លឌៃមានការកើ់នឡើងតិចតួច ដោយសារខេត្តនេះនៅមានតម្រូវការនៅមានកម្រិតនៅឡើយ។
លោកស្រីបន្តថា “តម្លៃដីធ្លីនៅតំបន់ភូមិភាគឥសាន្តទោះកើនឡើង ក៏មិនហក់ខ្ពស់ដូចនៅរាជធានីភ្នំពេញនោះដែរ ដោយសារជាខេត្តស្ថិតនៅឆ្ងាយ និងតម្រូវការនៅមានកម្រិត” ។ លោកស្រីបន្ថែមថា “នៅពេលព្រលានយន្តហោះសាងសង់ហើយ តម្លៃដីអាចប្រែប្រួល និងមានតម្រូវការច្រើនជាងមុន” ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានអះអាងថា រដ្ឋាភិបាលបានត្រៀមដីជាង ៣៤០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរីរួចហើយ ប៉ុន្តែលោកបានបដិសេធមិនប្រាប់ទីតាំង ដោយបារម្ភពីការឡើងថ្លៃដីខ្ពស់។
លោកអះអាងថា “ព្រលានយន្តហោះក្នុងស្រុក បើសាងសង់អាចចំណាយថវិកាចន្លោះពី៤០ទៅ ៥០លានដុល្លារអាមេរិក” ៕ប្រភព៖propertyarea.asia