សេដ្ឋកិច្ច​

រដ្ឋាភិបាល​កំពុង​រៀប​ចំ ​យុទ្ធសាស្ត្រ​ក្នុង​ការទាញយក​ប្រយោជន៍ ​ឱ្យបាន​ច្រើនពី​កិច្ចព្រមព្រៀង ​ពាណិជ្ជកម្ម​សេរី FTA

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម​បាន និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ ក្នុងការ​ទាញយក​ផលប្រយោជន៍​ឱ្យបាន​កាន់តែច្រើន​បំផុត ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA  ដែល​នឹង​ចាប់​អនុវត្ត​នៅក្នុងពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា ដោយ​អនុវត្តតាម​ការចង្អុល​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ឱ្យ​ក្រុមការងារ រៀបចំ​យុទ្ធសាស្ត្រ​ទាញយក​ផលប្រយោជន៍ ជា​អតិបរមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​ជា​ហត្ថលេខី។

លោក​បាន​បន្តថា “ពេលនេះ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ត្រូវបាន​បង្កើតឡើង​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​យុទ្ធសាស្ត្រ​ជម្រុញ ការនាំចេញ​តាម​សេចក្តីប្រកាស លេខ ២៩១ ព.ណ.អប.ប្រក​ស្តីពី ការកែសម្រួល​ក្រុមការងារ​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី” ។

ក្រុមការងារ​ជំនាញ បាន​សិក្សា​ស្រាវជ្រាវ​លើ​លទ្ធភាព​ទំនិញ​ចំនួន៩មុខ រួមមាន​ដូចជា វិស័យ​សម្លៀកបំពាក់ វិស័យ​ស្បែកជើង តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​ដំឡើង​កម្មន្តសាល​ធុន​ស្រាល វិស័យ​ចំណីអាហារ​កែច្នៃ វិស័យ​ជលផល វិស័យ​អង្ករ​វិស័យ​ដំឡូង​មី និង​កៅស៊ូ​ធម្មជាតិ ដើម្បី​ជម្រុញ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន និង​លក្ខខណ្ឌ​ច្រកចូល​ទីផ្សារ​ប្រទេស​ចិន ហើយ​បានធ្វើ​ការសិក្សា អំពី​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ពិភពលោក និង​ទៅកាន់​ទីផ្សារ​ប្រទេស​នាំចូលធំៗ ដែលជា​ដៃគូ​ពាណិជ្ជកម្ម ជាពិសេស​គឺ​ការសិក្សា និង​វិភាគ​អំពី​ចំនុចខ្លាំង ចំនុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) ដើម្បី​កំណត់ថា​ទំនិញ​ណា​ជា​ផលិតផល​ថ្មី ផលិតផល​កំពុង​លូតលាស់ ផលិតផល​មាន​ភាពចាស់ទុំ ដើម្បី​មាន​ភាព​ងាយ​ស្រួយ​ធ្វើការ​ជម្រុញ​ការនាំចេញ​បន្ថែមទៀត។

លើសពីនេះ ក្រុមការងារ​ក៏បាន​សិក្សា​អំពី​របប​ពន្ធ (ពន្ធគយ​នាំចូល) ទៅតាម​ប្រភេទ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី (MFN) តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន (ACFTA) តាម​ភាពអនុគ្រោះ​ពិ​សេ​សម្រាប់​កម្ពុជា Preferential tariff for Cambodia (China’s Special preferential duty) និង​តាម​ឋានៈ​ប្រទេស ដែលមាន ការអភិវឌ្ឍន៍​តិចតួច (LDC) ដើម្បី​ពិនិត្យមើល​ការនាំចេញ តាម​កិច្ចព្រមព្រៀង​មួយណា ដើម្បី​ទទួល​ភាពអនុគ្រោះ​បំផុត និង​បាន​សិក្សា​ផងដែរ ចំពោះ​របាំង​បច្ចេកទេស​របស់​ប្រទេស​ចិន​ក្នុងការ​នាំចូល​ចំពោះ​ទំនិញនីមួយ។

លោក​បណ្ឌិត​ហុង វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​មានប្រសាសន៍ថា ឆ្នាំ២០២១ខាងមុខនេះ កិច្ចព្រមព្រៀង​ជាច្រើន​នឹង​ចូល​ជា​ធរមាន ដែល​ផ្តល់​កាលានុវត្តន៍​ភាព ក្នុងការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​ចិន ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់​យើង តើ​កម្ពុ​ជាមាន​ទំនិញ​គ្រប់គ្រាន់​មានគុណ​ភាព សុវត្ថិភាព និង​ភូតគាម​អនាម័យ​គ្រប់គ្រាន់​ដើម្បី​នាំចេញ​ឬ​អត់។

លោក​បន្តថា “ភូ​ត្ត​គា​ម​អនាម័យ សុវត្ថិភាព​ផលិតផល​របស់​យើង ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ អ្វី​ជា​សំណួរ​នៅទីនេះ​ថា តើ​យើង​មាន​ទំនិញ​បាន​ច្រើន​ប៉ុណ្ណា​ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ចិន និង​ប្រទេស​ជាច្រើន​ទៀត” ៕ប្រភព៖propertyarea.asia

Most Popular

To Top