សេដ្ឋកិច្ច​

តើ​ទីផ្សារ​ខុន​ដូ ​នឹងមាន​ការវិវត្ត ​ដូចម្តេច ​នៅ​ត្រីមាស​ទី១ នៃ​ឆ្នាំ២០២១នេះ

ភ្នំពេញៈ ឈាន​ចូលដល់​សករាជ​ថ្មី ​នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ បើទោះជា​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត ត្រូវបាន​រាជរដ្ឋាភិបាល ​ទប់ស្កាត់​បាន​លទ្ធផល​ល្អប្រសើរ​ក្ដី ប៉ុន្តែ​សម្រាប់​តម្រូវការ​ទីផ្សារ​ខុន​ដូ នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ដដែល ​មិនទាន់​អាច​ងើប​ឡើងវិញ ​បានល្អ​នោះទេ ។ នេះ​បើតាម​អ្នកជំនាញ​ ក្នុង​វិស័យនេះ​អះអាង។

នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ នៅ​រសៀល​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១កន្លងមក​ថា ទីផ្សារ​ខុន​ដូ​នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ នឹង​នៅតែ​បន្ត​ការធ្លាក់ចុះ​ដដែល ។

លោកស្រី​បាន​បញ្ជាក់ថា “ទីផ្សារ​ខុន​ដូ​ចាប់ផ្តើម​ធ្លាក់​ខ្លាំង គឺ​ទើបតែ​នៅក្នុង​ត្រីមាស​ទី៤ ចុងឆ្នាំ២០២០កន្លងទៅនេះ​តែប៉ុណ្ណោះ ខណៈដែល​កាលពី​អំឡុង​ត្រីមាស​ទី២ និង​ទី៣ សកម្មភាព​ទិញ​លក់​នៅតែមាន​ជាធម្មតា” ។ លោកស្រី​បន្តថា “មួយរយៈ​ចុងក្រោយ​នេះ ប្រជាជន​ខ្មែរ​មួយចំនួន បានចាប់ផ្តើម​មានការ​ស្វែងយល់​ពី​ខុន​ដូ ហើយ​ពួកគាត់​មួយចំនួន​តូច ក៏បាន​ចាប់ផ្តើម​ចំណាយលុយ​ទិញ​ខុន​ដូ ទៅតាម​លទ្ធភាព​របស់​ខ្លួន​ក្នុង​គោលបំណង​ផ្សេងគ្នា ដោយ​ខ្លះ​ទិញ​សម្រាប់​រស់នៅ ហើយ​អ្នក​ខ្លះទៀត​ទិញ​សម្រាប់​ទុនវិនិយោគ ឬ​ជួល​យក​ចំណូល​ប្រចាំខែ ប្រចាំឆ្នាំ​ជាដើម” ។

លោកស្រី​អាន សុធី​តា បាន​បន្តថា អ្វីដែល​សំខាន់​នៅក្នុង​ដំណាក់កាល​នេះ ទាំង​តម្រូវ​ការទិញ​លក់ ទាំង​តម្រូវ​ការជួល​ខុន​ដូ គឺមាន​ការធ្លាក់ចុះ​ខ្លាំង ដោយសារតែ​កម្ពុជា​នៅតែ​បន្ត​ជាមួយ​ស្ថានភាព​ប្រឈម​នៅឡើយ ។ វា​អាច​នឹង​ស្ថានភាព​បែបនេះ ទោះជា​អតិថិជន​ក្នុងស្រុក អាច​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញខ្លះៗ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ជនបរទេស​មួយចំនួន ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា និង​ស្នាក់​នៅក្នុង​ខុន​ដូ​បានសម្រេច​ចិត្ត ​ចេញទៅ​ជួល​ផ្ទះ​នៅ​ជាយក្រុង​នៅឡើយ ។

ទោះជា​យ៉ាងណាក៏ដោយ លោកស្រី​បាន​បញ្ជាក់ថា សម្រាប់​ការទិញ​លក់​ខុន​ដូ​មានការ​ធ្លាក់ចុះ តែ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​ការបាត់បង់​តម្រូវ​ការជួល​នោះទេ ពោលគឺ​ធ្លាក់ចុះ​ប្រមាណ៣០-៥០ភាគរយ ខណៈដែល​តម្រូវ​ការជួល មានការ​ធ្លាក់ចុះ​ រហូត​ដល់​ប្រមាណ៨០ភាគរយ ប៉ុន្តែ​សង្ឃឹមថា​ទីផ្សារ​ជួល ដែល​ទទួលរង​នូវ​ភាព​ធ្ងន់ធ្ងរ​មួយ​នេះ អាច​នឹង​ងើប​ឡើងវិញ​ជា​បណ្ដើ រៗខណៈដែល​ព្រឹត្តិការណ៍២៨វិច្ឆិកា ត្រូវបាន​ប្រកាស​បញ្ចប់​ជា​ស្ថាពរ​ កាលពីពេល​កន្លងទៅថ្មីៗនេះ៕
ដោយ ៖ propertyarea

Most Popular

To Top