ភ្នំពេញៈ រយៈពេលត្រឹម៣ឆ្នាំ ក្រុងព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ ស្ទើរមិនគួរឲ្យជឿ សំណង់អាគារពាណិជ្ជកម្ម លំនៅដ្ឋាន ខុនដូ លូតទៅលើអាកាសដូចគេជប់ ប៉ុន្តែភាពអ៊ូអរបានប្រែជាស្ងប់ស្ងាត់យ៉ាងស្រងេះស្រងោច។
ទីក្រុងនេះ ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីប្រែក្លាយទឹកដីតំបន់ឆ្នេរ ដែលមានហេដ្ឋារចនាសម្ព័ន្ឋផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោកនេះទៅជាតំបន់ឧស្សាហកម្មពេញលេញ ប្រៀបដដូចជាកូនក្រមុំទើបពេញវ័យ១៨ឆ្នាំចឹង។
យ៉ាងណាក្តី ទីក្រុងដែលពោរពេញដោយកាស៊ីណូយ៉ាងព្រោងព្រាត និងការបិទឧស្សាហកម្មល្បែងនេះយ៉ាងតក់ក្រហល់ ពិសេសការមកដល់របស់ Covid-19 បានធ្វើឲ្យទីក្រុងនេះប្រែព៌ណយ៉ាងលឿន។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឳកាសចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្រុងព្រះសីហនុ កាលពីដើមសប្តាហ៍មុនបានមានប្រសាសន៍ថា សម្តេចនឹងប្រែក្លាយទីក្រុងនេះ ជាទីក្រុងពហុបំណង ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងដាក់ចេញនូវគោលនយោបាយនានា ដើម្បីធ្វើយ៉ាងណាប្រែក្លាយទីក្រុងនេះជាទីក្រុងប្រកបដោយថាមពលសំរាប់សេដ្ឋកិច្ច និងពោរពេញដោយភាពស៊ីវិល័យ។
ជាមួយគ្នានេះ សម្តេចតេជោបានជំរុញឲ្យមិត្តជប៉ុន ជួយពន្លឿនការសាងសង់កំពង់ផែទឹកជ្រៅ ដែលមានតែមួយគត់សំរាប់ប្រទេសនេះឲ្យបានឆាប់រហ័ស។
លើសពីនេះ ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុនឹងពង្រីកផ្លូវរត់ប្រវែងរហូតដល់ ៣៨០០ម៉ែត្រ ដែលយន្តហោះធំៗឆ្លងទ្វីបអាចចុះចតបាន។
ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុក៏បាននិងកំពុងសាងសង់យ៉ាងសកម្ម ហើយវាជាផ្លូវ១ដែលចារក្នុងប្រវត្តិសាស្ត្រកម្ពុជា ចិន ក្នុងភាពជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយនិងប្រទេសពីររួមវាសនាតែ១ ។
ជាមួយនឹងកំសួលដូចពពុះសាប៊ូ នៃកំនើនការវិនិយោគក្នុងស្រុក និងលំហូរទុនវិនិយោគពីបរទេស បានធ្វើឲ្យក្រុងព្រះសីហនុសព្វថ្ងៃ មានវត្តមានអាគារខ្ពស់ៗកប់ពពករាប់រយ ស្របពេលលំហូរទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យមានទំហំទុនជាង១០០០លានដុល្លារចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩កន្លងមកនេះ។
ត្រលប់មកមើលស្ថានភាពអចលនទ្រព្យ ពិសេសតម្លៃដីធ្លីនៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា តម្លៃអចលនទ្រព្យពិសេសដីធ្លីនៅក្រុងព្រះសីហនុ បានឈានមកដល់ដំណាក់កាលមួយថ្មី ដោយតម្លៃអចលនទ្រព្យមានភាពសមស្របនឹងទំហំសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឬរបស់ប្រទេសឡើងវិញ វាមិនឡើងខ្ពស់ដូចពីមុនពេកនោះទេ។
លោកបន្តថា “ការឈានមកដល់ដំណាក់កាលបែបនេះជារឿងប្រសើរ ព្រោះតម្លៃអាចចុះ និងមានភាពសមស្របនឹងបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា” ។
អ្នកតាមដានព៌តមាន និងដំណើរវិវត្តន៍នៃអចលនទ្រព្យកម្ពុជា លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia បានមានប្រសាសន៍ថា តម្លៃនិងស្ថានភាពទូទៅនៅក្រុងព្រះសីហនុ មានសភាពដូចក្តាមសកអញ្ចឹងនាពេលនេះ ដែលធម្មតានៅពេលវាឡើងធំដល់កម្រិត វានឹងសកស្នូកចាស់ចេញ ដើម្បីផ្លាស់ប្តូរស្នូកថ្មី ដែលផ្តល់ឲ្យក្តាមនូវទំហំខ្លួនធំជាងមុន។លោកបន្តថា នៅពេលរង់ចាំស្នូករ៉ឹងឡើងវិញ វាត្រូវការពេលវេលាមួយរយៈ ដើម្បីឲ្យក្តាមមានខ្លួនរ៉ឹង និងមានថាមពលអាច “វា” ឡើងវិញបានលឿន។
លោកបន្តថា “ដូចគ្នានេះដែរ ក្រុងព្រះសីហនុ នឹងត្រូវការពេលវេលាដើម្បីបន្តនូវថាមពលឡើងវិញ ខណៈរដ្ឋាភិបាលត្រៀមបញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋទាំង៣៤ខ្សែ និងដាក់ចេញគោលនយោបាយថ្មី ដើម្បីលើកទឹកចិត្ត និងទាក់ទាញការវិនិយោគបន្ថែមទៀត” ។លោកបន្ថែមថា “ពេលវេលានឹងនាំមកនូវថាមពលថ្មី ជាមួយនឹងវត្តមាននៃធុរជនចិន ព្រោះពួកគេនឹងមិនរត់ចោលកម្ពុជារហូតនោះទេ។
លោកយិន លាងគង់បានបន្ថែមថា “ក្រោយពេលភ្លៀងមេឃនឹងស្រឡះ ហើយក្រោយពេលក្តាមមានស្នូករ៉ឹងឡើងវិញ វានឹងមានទំហំទំ និងរត់លឿនជាងមុន” ៕
ប្រភព៖ propertyarea