សេដ្ឋកិច្ច​

ការវិនិយោគ​​ របស់​ប​រទេស​នៅ​ថៃ ដាំ​ក្បាល​ចុះ​រហូតដល់ ៥៤% ក្នុង​ឆ្នាំ២០២០

បាងកក ៖ ការវិនិយោគ​របស់​ប​រទេស (Foreign Investment) នៅ​ប្រទេស​ថៃ បាន​ដាំ​ក្បាល​ចុះ​រហូតដល់​ទៅ ៥៤% មក​នៅត្រឹម ២១៣ ពាន់​លាន​បាត (ប្រមាណ ៧,១២ ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ២០២០ ដោយសារ​ក្រុមហ៊ុន​នានា​ បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ​ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោង​ការចុះផ្សាយ ​របស់​កាសែត Bangkok Post ។

ក្រុមប្រឹក្សា​វិនិយោគ (Board of Investment) របស់​ថៃ បានបញ្ជាក់​ តាមរយៈ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ ទី១០ កុម្ភៈ ថា ប្រទេស​ជប៉ុន នៅតែ​ជា​អ្នកវិនិយោគ​ធំ​បំផុត​របស់​ប្រទេស​ថៃ ជាមួយនឹង​ទុនវិនិយោគ ៧៦ ពាន់​លាន​បាត (២,៥៤ ពាន់​លាន​ដុល្លារ​អាមេរិក) ហើយ​ចំណាត់ថ្នាក់​លេខ២ គឺ​ប្រទេស​ចិន ជាមួយនឹង​ទុនវិនិយោគ ៣១ ពាន់​លាន​បាត (១,០៤ ពាន់​លាន​ដុល្លារ​អាមេរិក) ចំណែកឯ​ចំណាត់ថ្នាក់​លេខ៣ គឺ​សហរដ្ឋអាមេរិក ជាមួយនឹង​ទុនវិនិយោគ ២៥ ពាន់​លាន​បាត (៨៤០ លាន​ដុល្លារ​អាមេរិក)។

ក្រុមប្រឹក្សា​នេះ​លើកឡើងថា កាលពី​ឆ្នាំមុន ទាំង​ការវិនិយោគ​របស់​បរ​ទេស និង​ការវិនិយោគ​ក្នុងស្រុក ជាពិសេស​លើ​វិស័យ​គ្រឿង​អេឡិចត្រូនិក កសិកម្ម និង​កែច្នៃ​ចំណីអាហារ​បាន​ធ្លាក់ចុះ ៣០% ធៀប​នឹង​ឆ្នាំ២០១៩ មក​នៅត្រឹម ៤៨១ ពាន់​លាន​បាត (១៦,០៨ ពាន់​លាន​ដុល្លារ)។ ប៉ុន្តែ​ទន្ទឹមនេះ វិស័យ​សុខាភិបាល​បែរជា​ទទួលបាន​បាន​កំណើន​រហូតដល់​ទៅ ១៦៥% ។

លោកស្រី Duangjai Asawachintachit ប្រធាន​ក្រុមប្រឹក្សា​វិនិយោគ ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា “ការផ្ទុះ​វីរុស​កូ​វីដ-១៩ បាន​បង្ក​ផលប៉ះពាល់ ហើយក៏​នាំមក​នូវ​ឱកាស​ផងដែរ” ។ លោកស្រី​លើកឡើងថា ក្រុមប្រឹក្សា​វិនិយោគ​មិនទាន់ ​កំណត់​គោលដៅ​សម្រាប់​ការ វិនិយោគ​ក្នុងឆ្នាំនេះ​ទេ ខណៈ​ស្ថានភាព​កូ​វីដ-១៩ និង​សេដ្ឋកិច្ចពិភពលោក​ស្ថិតក្នុង​ស្ថាន​ភាពមិនប្រាកដ​ប្រជា​ខ្លាំង​នៅឡើយ។

លោកស្រី​បាន​បន្ថែមថា ក្រុមប្រឹក្សា​វិនិយោគ​បាន​បន្ត​ផ្ដល់​គ្រឿង ​លើកទឹកចិត្តផ្សេងៗជាច្រើន​ដើម្បី​ជំរុញ​ការចុះបញ្ជី​ក្រុមហ៊ុន​នានា។

ប្រទេស​ថៃ មិនទាន់បាន​ដកចេញ​វិញ​ទាំងស្រុង​នោះទេ​ ចំពោះ​វិធានការ​រឹតបន្តឹង ​ដែល​ខ្លួន​បានដាក់​កាលពី​ខែមេសា ឆ្នាំមុន​លើ​ការអនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ចេញចូល​ដើម្បី​កាត់បន្ថយ​ការឆ្លង​វីរុស​កូ​វីដ-១៩ ដោយ​ខ្លួន​ទទួល​យកតែ​ភ្ញៀវ​មួយចំនួន ​ដែលមាន​ទិដ្ឋាកា​ស្នាក់នៅ ​រយៈពេល​យូរ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណាក្ដី ប្រទេស​ថៃ បាន​ទប់​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វីដ-១៩ ឱ្យនៅ​ទាប​ដោយ​ជោគជ័យ ដោយ​គិត​មកទល់ពេលនេះ​ មាន​ករណី​ឆ្លង​តែ ២៣.៩០៣ ករណី និង​ស្លាប់ ៨០ ករណី​ប៉ុណ្ណោះ ៕ propertyarea

Most Popular

To Top