សេដ្ឋកិច្ច​

អ្នកជំនាញ៖ ខេត្ត​ចំនួន៥ នៅតែ​បន្ត​មាន​តម្រូវការ​ ទីផ្សារ​ដីធ្លី ​ក្នុងស្ថានភាព​វិបត្តិ Covid-19

ភ្នំពេញ ៖ ទោះជា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព នៃ​វិបត្តិ​ជំងឺ Covid-19 យ៉ាងណាក៏ដោយ សម្រាប់​ខេត្ត​ក្រុង​ចំនួន៥រួមមាន ខេត្ត​កែប កំពត កោះកុង កំពង់ស្ពឺ និង​ខេត្ត​មណ្ឌល​គី​រី នៅតែ​បន្ត​មាន​តម្រូវការ​ទីផ្សារ​ដីធ្លី និង​មាន​សកម្មភាព​ទិញ​លក់​ដដែល ខណៈដែល​នៅក្នុង​រាជធានី​ភ្នំពេញ​កំពុង​ជួប​ភាពស្ងប់ស្ងាត់។

នាយិកា​ប្រចាំ​ប្រទេស​ ក្រុមហ៊ុន​ភ្នាក់ងារ ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ​ថា ទោះ​ជាមាន​បញ្ហា​ប្រឈម ទៅនឹង​ព្រឹត្តិការណ៍​ជាច្រើន ប៉ុន្តែ​សម្រាប់​សកម្មភាព ​នៃ​ការទិញ​លក់​ដីធ្លី​នៅតាម​តំបន់​ជាយក្រុង ជាពិសេស​នៅ​ខេត្ត​គោលដៅ​ទេសចរណ៍​មួយចំនួន ដែល​កំពុងមាន​គម្រោង​អភិវឌ្ឍន៍ ពី​វិស័យ​ឯកជន​នៅតែមាន​សកម្មភាព គ្រាន់តែ​មិនសូវ​មមាញឹក​ខ្លាំង។

លោកស្រី​បាន​បន្តថា “សម្រាប់​នៅ​រាជធានី​ភ្នំពេញ ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​នៅតាម​ខេត្ត​មួយចំនួន ដូចជា កំពត កែប កោះកុង កំពង់ស្ពឺ ក៏ដូចជា​មណ្ឌល​គី​រី គឺ​នៅ​បន្តសកម្មភាព​ទិញ​លក់ ប៉ុន្តែ​មិនសូវ​មមាញឹក​ខ្លាំង​ដូចដើម​ឆ្នាំ​នោះទេ ហើយ​ភាគច្រើន​អ្នកទិញ​គឺជា​អ្នក​អភិវឌ្ឍន៍​គម្រោង​នានា ដូចជា​គម្រោង​តំបន់​កម្សាន្ត​ជាដើម”

លោកស្រី​បាន​បន្តថា ខេត្ត​ទាំងអស់នេះ គឺមាន​សក្ដានុពល​ដូចគ្នា ទៅលើ​ផ្នែក​ទេសចរណ៍ ដូច្នេះ​ការទិញ​ភាគច្រើន គឺ​សម្រាប់​អភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត ផ្ទះ​លំហែរ ឬ​បឹង​ហ្គា​ឡូ​ជាដើម ប៉ុន្តែ​សម្រាប់​តម្លៃ​ហាក់​មិនមាន​ការឡើង​នោះទេ” ។

ជាមួយគ្នានេះ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​ប្រសាសន៍ថា “តាម​ការមើលឃើញ​រប​ស់​ខ្ញុំ ក្នុងតំណាក់កាល​នេះ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​នៅតាម​បណ្តា​ខេត្ត​នានា គឺមាន​ភាពស្ងប់ស្ងាត់​ប​ន្តិ​ច លើកលែងតែ​ខេត្ត​ក្រុង​ដែលជា​គោលដៅ​ទេសចរណ៍ ដែល​នៅមាន​បន្ត​ការទិញ​លក់” ។

លោក​បាន​បន្តថា សកម្មភាព​នៃ​ការទិញ​លក់​នេះ​ទៀតសោត ក៏​មិនមាន​ទំហំ​ធំដុំ​នោះដែរ ដោយសារតែ​ចរន្ត ​នៃ​ការវិនិយោគ​ទ្រង់ទ្រាយ ធំ​ពី​សំណាក់​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​បរទេស​ត្រូវ​បាន​កាត់បន្ថយ ជាពិសេស​ការ​អវត្តមាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ ដែល​បណ្តាលមកពី​វិបត្តិ ​នៃ​ជំងឺ​ដែល​កំពុង​កើតមាន។

លោក វ៉ា វីរៈ បាន​មានប្រសាសន៍ថា “នៅពេល​ដែលមាន​អ្នកវិនិយោគធំៗ ចុះ​ទិញ​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​ក្នុង​គម្រោង​ណាមួយ វា​នឹង​បន្ត​ជះឥទ្ធិពល​ល្អ ដល់​អ្នកវិនិយោគ​បន្ទាប់ ​ដែលមាន​ទំហំ​តូច​ជាង ប៉ុន្តែ​នៅពេលដែល​អវត្តមាន​ក្រុមហ៊ុន​ធំ ដូច្នេះ​ការទិញ​លក់​មួយចំនួន​ទៀត​ការ​ត្រូវបាន​កាត់បន្ថយ” ។ លោក​បន្តថា “ប៉ុន្តែ​សម្រាប់​ខេត្ត​ទាំង៥ ដូចដែល​បានលើកឡើង​ខាងលើនេះ ភាគច្រើន​ជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក សម្រាប់ រយៈពេល​វែង​តែប៉ុណ្ណោះ” ៕ propertyarea

Most Popular

To Top