សេដ្ឋកិច្ច​

ការ​ព្យាករ៖ តម្លៃ​អចលនទ្រព្យ​ ក្នុងប្រទេស​វៀតណាម នឹង​ហក់​ឡើង ១០ភាគរយ ក្នុង​ឆ្នាំ២០២១នេះ

ហាណូយ: យោងតាម​ការ​ព្យាករ​ថា តម្លៃ​អចលនទ្រព្យ នៅក្នុង​ប្រទេស​វៀតណាម នឹង​ហក់​ឡើង​ខ្ពស់​រហូតដល់​ទៅ១០% ក្នុង​ឆ្នាំ២០២១នេះ​បើ​ធៀប​នឹង​ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Star ចុះផ្សាយ​កាលពីពេលថ្មីៗនេះ។

លោក Nguyễn Văn Đính អគ្គលេខាធិការរង​នៃ​សមាគម​អចលនទ្រព្យ​វៀតណាម (Vietnam Real Estate Association (VNREA)) បាន​ថ្លែងប្រាប់​វេទិកា​មួយ​កាលពីពេលថ្មីៗនេះ​ថា ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​ជះ​ផលប៉ះពាល់​ខ្លាំង មកលើ​វិស័យ​អចលនទ្រព្យ បណ្ដាលឱ្យ​តម្រូវការ​ក្នុង​ទីផ្សារ​ដាំ​ក្បាល​ចុះ។

កាលពីដើមឆ្នាំ២០២០ ទីផ្សារ​អចលនទ្រព្យ​បាន​នៅ​ទ្រឹង ដោយសារ​ការឆ្លង​រា​ត ត្បា​ត​វីរុស​កូ​វីដ-១៩ ។ ជាការ​ឆ្លើយតប រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចាត់វិធានការ​ជាច្រើន ដើម្បី​ដោះស្រាយ​ការលំបាក ដែល​វិស័យ​មួយ​នេះ​ជួបប្រទះ ដូចជា ការប្រកាស​ឱ្យប្រើ​ប្រាស់​លិខិតបទដ្ឋាន​គតិយុត្តិ សម្រាប់​ការអភិវឌ្ឍន​គម្រោង​ខុន​ដូ បែប​សណ្ឋាគារ (Condotel) ជាដើម។

ទោះជា​យ៉ាងណា ឧបសគ្គ​ផ្លូវច្បាប់​បានធ្វើឱ្យ​រាំងស្ទះ​ដល់​ការ​ផ្ទ​ត់​ផ្គង់ ជាហេតុ​បង្ក​ផល​លំបាក​ទ្វេដង​ដល់ទី​ផ្សារ។

នៅក្នុង​ឆមាស​ទី២ នៃ​ឆ្នាំ២០២០ ទោះបីជា​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដល់​ទៅ ២ រលក​យ៉ាងណាក្ដី ក៏​ទីផ្សារ​អចលនទ្រព្យ​វៀតណាម នៅតែ​ទទួលបាន​កំណើន​ខ្ពស់​គួរឱ្យកត់សម្គាល់ នៅពេល​ផ្ទះសម្បែងថ្មីៗចំនួន៦០.០០០ ផ្ទះ​ត្រូវ​ផ្គត់ផ្គង់​ដល់ទី​ផ្សារ ដែល​ស្មើនឹង ៦៧,៥% បើ​ធៀប​នឹង​ឆ្នាំ២០១៩ ។

អគ្គលេខាធិការរង នៃ​សមាគម​អចលនទ្រព្យ​វៀតណាម បាន​គូសបញ្ជាក់ថា “ឆ្នាំ២០២១ នឹង​គ្មាន​ហានិភ័យ​វិបត្តិ ឬ​ពពុះ​អចលនទ្រព្យ​ឡើយ ពោលគឺ​មានតែ​ការរីកចម្រើន” ។ លោក​បន្តថា “គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា បូករួម​ជាមួយនឹង​ឱកាស​ពាណិជ្ជកម្ម​អំណោយផល​ល្អ នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​ទាក់ទាញ” ។

ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ នឹង​បន្ត​រីក​ទៅដល់​តំបន់ភ្នំ​នានា។ បន្ថែម​ពីលើ​នេះ អត្រា​ការប្រាក់​ធនាគារ ដែល​អាច​រក្សាបាន​ត្រឹម​កម្រិត​ក្នុង​ឆ្នាំ២០២០ នឹង​ជួយ​ជំរុញ​ការវិនិយោគ​កាន់តែច្រើន​ផងដែរ។

ក​ត្ថា​ចុងក្រោយ វិធានការ​នានា​ពី​រដ្ឋា​ភិ​បាល​ក្នុង​ឆ្នាំ២០២១ នឹង​ជួយ​ដោះស្រាយ​រាល់​ការលំបាក​សម្រាប់​ទីផ្សារ។

លោក Nguyễn Thọ Tuyển ប្រធាន​ក្រុមហ៊ុន BHS Group បាន​បញ្ចេញ​ទស្សនៈ​វិជ្ជមាន​ស្រដៀង​គ្នា​នេះ​ថា តម្លៃ​អចលនទ្រព្យ​នឹង​ហក់​ឡើង​ក្នុង​ឆ្នាំ២០២១ ។

ចំណែក​លោក Lê Hoàng Châu ប្រធាន​សមាគម​អចលនទ្រព្យ​ក្រុង​ហូជីមិញ (HCM City Real Estate Association (HoREA)) បាន​លើកឡើងថា ឧបសគ្គ​ផ្លូវច្បាប់​គួរតែ​ត្រូវបាន​ដោះស្រាយ សម្រាប់​ការអភិវឌ្ឍ​អចលនទ្រព្យ ក្នុងប្រទេស​វៀតណាម ព្រោះ​ក្រុមហ៊ុន​ទាំងអស់ ចង់បាន​បរិយាកាស​ពាណិជ្ជកម្ម ដែល​ត្រឹមត្រូវ បើកចំហ និង​អំណោយផល​ល្អ។

លោក​បាន​បន្តថា “ឆ្នាំ២០២០ មានការ​កែប្រែ​ជាច្រើន នៅក្នុង​ការតាក់តែង​យន្តការ​ច្បាប់ នៅពេល​សេចក្ដីព្រាងច្បាប់​ស្តីពី​ការវិនិយោគ និង​ច្បាប់​ស្ដីពី​ការសាងសង់​ត្រូវបាន​អនុម័ត ដោយ​ដោះស្រាយ​ការលំបាក​បានជា​ច្រើន” ។ លោក​បន្តថា “ខ្ញុំ​យល់ថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០២១នឹង​បន្ត​រីកចម្រើន ព្រោះ​ប្រទេស​វៀតណាម គ្រប់គ្រង​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩បាន​ហើយ។ សេដ្ឋកិច្ច​របស់​វៀតណាម ក៏​ទទួលបាន​កំណើន​ជា​វិជ្ជមាន​ផងដែរ” ។

ទោះជា​យ៉ាងណា លោក Đặng Hùng Võ អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន បាន​ព្រមាន​ថា ប្រសិនបើ​គ្រប់គ្រង​មិន​បានល្អ​ទេនោះ វា​នឹង​បង្កឱ្យមាន​វិបត្តិ ឬ​ពពុះ​អចលនទ្រព្យ​នៅក្នុង​ទីផ្សារ។

លោក​បាន​គូសបញ្ជាក់ថា “ក្នុង​ឆ្នាំ២០២១ ការធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បំពេញ​ចំណុច​ចន្លោះប្រហោង និង​លុបបំបាត់​វិធាន​ត្រួតគ្នា គឺជា​កិច្ចការ​សំខាន់បំផុត​ដែល​យើង​ត្រូវធ្វើ” ៕
propertyarea

Most Popular

To Top