សេដ្ឋកិច្ច​

ពិចារណា៖ តើ​ដំណាក់កាល​នេះ ​គួរ​បន្ត​វិនិយោគ​ ​អចលនទ្រព្យ ឬ​ផ្អាក​សិន ?

ភ្នំពេញៈ នៅក្នុងពេល​កម្ពុជា កំពុង​ជួបប្រទះ​នឹង​រលក​ទី៣ នៃ​ការឆ្លង​ជា​សហគមន៍​នៃ​ជំងឺ​កូ​វីដ១៩ និង​កាន់​តែមាន​ទ្រង់ទ្រាយ​ធំ​ជាង​ពេលមុននៗនោះ វិនិយោគិន​ខ្លះ​នៅតែ​បន្ត​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន ហើយ​វិនិយោគិន​ខ្លះទៀត ក៏​កំពុង​សិក្សា​លើ​ការវិនិយោគ​បន្ត។

តើ​ក្នុង​ដំណាក់​នេះ វិនិយោគិន​អចលនទ្រព្យ​គួរ​ផ្អាក ឬ​បន្ត​គម្រោង​បន្តទៀត?។

បើតាម​លោក​ង៉ែត ជូ សេដ្ឋវិទូ​មួយរូប និង​វិនិយោគិន​អចលនទ្រព្យ​មួយរូប​ផងដែរ​នោះ បាន​មានប្រសាសន៍​នៅក្នុង​វេទិកា​មួយ កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា នៅក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូ​វីដ១៩ វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការវិនិយោគ ប៉ុន្តែ​មាន​វិនិយោគិន​មួយចំនួន នៅតែ​បន្ត​ការអភិវឌ្ឍ​របស់ខ្លួន​ដដែល ទោះ​ស្ថិតនៅក្នុង​វិបត្តិ​យ៉ាងណាក្ដី ។

លោក​បន្តថា “សម្រាប់​អ្នក​ដែល​វិនិយោគ ក្នុង​រយៈពេល​យូរអង្វែង​មិនគួរ​ផ្អាក​គម្រោង​សាងសង់ ឬ​អភិវឌ្ឍន៍​នោះទេ ព្រោះថា​នៅក្នុង​រយៈពេល​ខាងមុខ​ទៀត វិបត្តិ​នឹងត្រូវ​បានបញ្ចប់” ។ លោក​បន្តថា “ដំណើរការ​នៃ​ការសាងសង់​ក៏​នឹងត្រូវ​បានបញ្ចប់ ពេលនោះ​វិនិយោគិន អាច​ទទួលបាន​ផលចំណេញ ត្រលប់​មកវិញ​ពី​ការវិនិយោគ​របស់ខ្លួន”

លោក​ង៉ែត ជូ បាន​បន្តទៀតថា សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ យកចំណេញ​ក្នុងពេល​ខ្លី ឬភ្លាមៗមិនគួរ​ធ្វើ​នោះទេ​ក្នុង​ពេលនេះ ព្រោះ​វា​ពិបាក​នឹងធ្វើ​ឱ្យ​ពួកគេ​ទទួលបាន​ផលចំណេញ​ណាស់ ក្នុងពេលដែល​សេដ្ឋកិច្ច​កំពុងមាន​បញ្ហា​យ៉ាង​ដូចនេះ។

លោក​បន្ថែមថា រូបលោក​ក៏​ជា​អ្នកវិនិយោគ​មួយរូប​ផងដែរ តែ​ក្នុងពេល​មាន​វិបត្តិ​នេះ រូបលោក​មិនបាន​ផ្អាក ឬ​ពន្យារ​ការអភិវឌ្ឍ​នោះឡើយ គឺ​នៅតែ​បន្ត​ទៅមុខ ដោយសារតែ​គម្រោង​រប​ស់លោក ជា​គម្រោង​សម្រាប់​ទទួលយក​ប្រាក់ចំណេញ នៅពេល​អនាគត​ខាងមុខ ដោយ​មិនមែនភ្លាមៗក្នុង​ឆ្នាំ២០២០ ឬ២០២១នោះទេ ។

ជាមួយគ្នានេះ លោក​លីម រដ្ឋា ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប​ប្រចាំ​ខេត្តកំពត និង​កែប​ក៏បាន​ឱ្យដឹងថា ទោះ​ស្ថិតនៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩នេះ តែ​អ្នកស្វែងរក​ទិញ​អចលនទ្រព្យ​ក៏មាន​ច្រើន​ដែរ។ អ្នកស្វែងរក​ទិញ​អចលនទ្រព្យ ជា​អ្នក​ដល់​សល់​លុយ​ពី​ការផ្គត់ផ្គង់​ជីវភាព ហើយ​ពួកគេ​ក៏​អាច​រកបាន​នូវ​ទីតាំង​អចលនទ្រព្យល្អៗ ជាមួយនឹង​តម្លៃ​ទាប​ជាង​ទីផ្សារ​ផងដែរ ពីព្រោះ​តែ​អ្នកលក់​នៅក្នុង​សម័យនេះ គឺជា​អ្នក​ទល់​ច្រក មាន​បញ្ហា​ហិរញ្ញវត្ថុ​ដូច្នេះ​ទើប​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ទើប​មាន​អ្នកទិញ ។

លោក​បន្តថា “អ្នកទិញ​ខ្លះ​សម្រាប់​ទុក​លក់​ចំនេញ​វិញ នៅពេល​ចប់​វិបត្តិ ហើយ​អ្នកទិញ​ខ្លះទៀត​ក៏​ប្រាប់ថា ទុក​អភិវឌ្ឍ​ខ្លួនឯង​នៅពេល​ចប់​វិបត្តិ ឬ​អភិវឌ្ឍ​នៅពេលឆាប់ៗនេះ ដើម្បី​ទុក​បម្រើឱ្យ​វិស័យ​អចលនទ្រព្យ ពេលដែល​ចប់​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ៕propertyarea

Most Popular

To Top