ភ្នំពេញៈ ជាការធានាដល់សុវត្ថិភាព និងភាពសុខរបស់ប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លីជាកម្មសិទ្ធិស្របច្បាប់ នៅត្រឹមឆ្នាំ២០២១ ខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការចុះបញ្ជីចំនួន៧លានក្បាលដី ជូនដល់ប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២១ ខាងមុខនេះ ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីក្បាលដី៧លានក្បាលដី ជូនដល់ប្រជាពលរដ្ឋ ។
លោកបន្តថា “សូមឱ្យទាំងអស់គ្នា ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពុះពារនៅក្នុងការចុះបញ្ជីដីធ្លី ព្រោះការចុះបញ្ជីដីធ្លីនេះ គោលដៅដ៏ចម្បង យើងត្រូវជំរុញឱ្យបាន៩៤ភាគរយ នៅឆ្នាំ២០២០ ហើយត្រូវចប់នៅខែធ្នូ ពេលសន្និបាតឆ្នាំ២០២១ គឺត្រូវបញ្ចប់ការចុះបញ្ជីក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលប៉ាន់ស្មានមានជាង៧លានក្បាលដី” ។
លោកជា សុផារ៉ាបានសង្កត់ធ្ងន់ថា ការចុះបញ្ជីក្បាលជូនប្រជាពលរដ្ឋឱ្យអស់នៅឆ្នាំ២០២១ ខាងមុខនេះ គឺជាការងារដ៏សំខាន់បំផុត ដើម្បីឱ្យការគ្រប់គ្រងដីមានសុវត្ថិភាព មានបណ្ណសម្គាល់អចលវត្ថុ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ព្រមទាំងធ្វើឱ្យមានស្ថិរភាព ហើយបណ្ណនេះក្លាយទៅជាទុន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនបានខិតខំធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋ មាន៥ដំណាក់កាលកន្លងផុតទៅហើយ។
ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្តល់បណ្ណកម្មសិទ្ធិ ទទួលស្គាល់សិទ្ធិ កាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋបាន៥ដំណាក់កាល ដូច្នេះការផ្តល់បណ្ណកម្មសិទ្ធិទាំង៥ដំណាក់កាល បានក្លាយជាទុនដែលរដ្ឋបានផ្តល់ជូន ដល់ប្រជាពលរដ្ឋទាំងអស់។ ការផ្តល់ជូនបណ្ណកម្មសិទ្ធិលើដីធ្លីនេះហើយ បាននាំមកនូវសក្តានុពលលើផ្នែកសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារ និងអាចស្វែងរកដៃគូរអភិវឌ្ឍនានា មកធ្វើការអភិវឌ្ឍទៅលើដីធ្លីរបស់ពួកគាត់ជាដើម។ និយាយម្យ៉ាងទៀត វាបានក្លាយទៅជាការជំរុញអនុវត្តន៍ការដោះស្រាយវិវាទដីធ្លីផងដែរ ៕ propertyarea