សេដ្ឋកិច្ច​

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​ មាន​ចំណុច​ពិសេស ខណៈ​ការសាងសង់​សម្រេច បាន​ជិត៥០ភាគរយ

ភ្នំពេញ ៖ ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ ព្រះសីហនុ​ សម្រេចបាន៤៣,៤៦ភាគរយ​ហើយ គិត​ត្រឹម​ថ្ងៃទី២៦ មិនា​កន្លងមកនេះ ខណៈ​ល្បឿន​នៃ​ការសាងសង់​បាននិងកំពុង​ធ្វើ​យ៉ាងសកម្ម ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ វ៉ា​ស៊ីម សូរិយា ​បាន​មានប្រសាសន៍​ឲ្យ​ដឹង ​នា​រសៀល​ថ្ងៃទី៣១ មិនា​កន្លងមក​ថា ល្បឿន​នៃ​ការសាងសង់​ផ្លូវ​នេះ​ នឹង​បញ្ចប់​តាម​ផែនការ ​នៅក្នុង​កំឡុង​ខែកញ្ញា ឆ្នាំ២០២២ ដោយ​បច្ចុប្បន្ន​ក្នុង​មួយ​សប្តាហ៍​យើង​សម្រេចបាន១គីឡូម៉ែត្រ ហេតុនេះ​យើង​មិន​ចង់​លឿន​ជាង​ផែនការ​ទេ តែបើ​សម្រេចបាន​តាម​ផែនការ ​ជាការ​ប្រសើរ​ណាស់។

លោក​បន្តថា “ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​តាម​លក្ខណៈ​បច្ចេកទេស គឺមាន​ភាព​ធន់ និង​មាំ​ក្នុង​កម្រិតស្តង់ដា​អន្តរជាតិ​ឬ ​កម្រិត​ល្អ​បំផុត” ។ លោក​បន្ថែមថា “នៅពេល​យើង​មាន​លុយ​ច្រើន យើង​ធ្វើបាន​ល្អប្រសើរ​ហើយ” ។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ ជា​ផ្លូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​កម្ពុជា និយាយ​ដោយឡែក ប៉ុន្តែ​និយាយ​ជារួម​វា​ជា​ផ្លូវ​តំណាង​ឲ្យ​មិត្តភាព​រ៉ឹង​មាំ​ដូច​ដែកថែប នៃ​ចំណងមិត្តភាព​កម្ពុ​ជា និង​មហាមិត្ត​ចិន។ ការកសាង​ផ្លូវ​នេះ ក៏​ជា​ផ្នែក​មួយ​ នៃ​គំរោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ ផ្លូវ១របស់​មហា​យក្ស​ចិន​ផងដែរ ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​តម្លៃ១៩០០លាន​ដុល្លារ​អាមេរិក​នេះ នៅ​ថ្ងៃទី២២ មិនា​ឆ្នាំ២០១៩ ។

ចំណុច​ពិសេស​នៃ​ផ្លូវ​នេះ

លោក​វ៉ា​ស៊ីម សូរិយា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ផ្លូវ​នេះ​ពិត​ជាមាន​ចំណុច​ពិសេស​មួយចំនួន ខុសពី​ផ្លូវ​ធម្មតា ដូច​ជាទី១ ផ្លូវ​នេះ​មាន​ចំណត​ឈប់សំរាក​ចំនួន៣កន្លែង ទី២ មាន​ស្ពាន​តូច៥កន្លែង និង​ស្ពាន​ធំ​ចំនួន៨០កន្លែង មាន​ប្រវែង​សរុប៦០១៥ម៉ែត្រ ទី៣ មាន​ស្ពាន​អាកាស​ដែលមាន​សណ្ឋាន ដូច​ស្ពាន​អាកាស​ស្ទឹងមានជ័យ៦កន្លែង និង​សា​គួរ១កន្លែង ទី៤ ការសាងសង់​ផ្លូវ​នេះ​នឹងធ្វើ​របង​បិទ​ជិត មិន​ឲ្យ​សត្វពាហនៈ ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ​ឆ្លងកាត់​បាន​នោះទេ។

ទី៥ មាន​មណ្ឌល​ប្រតិបត្តិការ​ថែ​រទាំ យានយន្ត​ចំនួន១កន្លែង ពិសេស​កន្លែង​បង់លុយ​ ពី​រថយន្ត​ឆ្លងកាត់ ទី៦ ផ្លូវ​នេះ​មាន​ចម្ងាយ​ខ្លី ធៀប​ជាមួយ​ផ្លូវជាតិ​លេខ៤ ដែលមាន​ចម្ងាយ២២៤ គីឡូម៉ែត្រ តែ​ផ្លូវ​នេះ​មាន​ចម្ងាយ​ជាង១៩០គីឡូម៉ែត្រ​បន្តិច​ប៉ុណ្ណោះ និង​ទី៧ ផ្លូវ​នេះ​តម្រូវ​ឲ្យ​អ្នកបើកបរ​យានយន្ត​បើកបរ ក្នុង​ល្បឿន៩០ទៅ១៦០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ៕​ propertyarea

Most Popular

To Top